ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Mattis ធ្វើ​ទស្សនកិច្ច​ទៅ​អ៊ីរ៉ាក់ ខណៈ​ជំរុញ​ការ​កម្ចាត់​ក្រុម​រដ្ឋឥស្លាម


លោក Jim Mattis រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​កំពុង​ស្តាប់​ ខណៈ​ដែល​លោក​ធ្វើ​សក្ខីកម្ម​នៅ ក្នុង​សភា Capitol Hill កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។
លោក Jim Mattis រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​កំពុង​ស្តាប់​ ខណៈ​ដែល​លោក​ធ្វើ​សក្ខីកម្ម​នៅ ក្នុង​សភា Capitol Hill កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។

លោក Jim Mattis រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​សហរដ្ឋអាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ក្រុមរដ្ឋឥស្លាម​នឹង​ត្រូវ​បាន​កម្ចាត់​ហើយ ខណៈ​ដែល​លោក​ក៏​និយាយ​ប្រុងប្រយ័ត្ន​ថា ការ​កម្ចាត់​ក្រុម​សកម្មប្រយុទ្ធ​នេះ​មិន​មែន​ជា​រឿង​ដែល​នឹង​ជិត​មក​ដល់​នោះ​ទេ។

លោក Mattis បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​មុន​ពេល​ចេញ​ដំណើរ​ទៅ​កាន់​ទីក្រុង បាកដាដ សម្រាប់​ដំណើរ​ទស្សនកិច្ច​ដែល​មិន​បាន​ប្រកាស​មួយ ដើម្បី​ទៅ​ជួប​ជាមួយ​នឹង​មេដឹកនាំ​រដ្ឋាភិបាល​អ៊ីរ៉ាក់​និង​មេបញ្ជាការ​អាមេរិក។

នៅ​ក្នុង​កិច្ចប្រជុំ​នានា​របស់​លោក លោក Mattis ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​នា​ពេល​អនាគត​ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ​

លោក Mattis បាន​មាន​ប្រសាសន៍​ថា «វា​នឹង​មិន​កើត​ឡើង​ក្នុង​រយៈពេល​តែ​មួយ​យប់​នោះ​ទេ។ វា​គឺ​ជា​កិច្ចការ​ដ៏​ធំ​មួយ​សម្រាប់​ពួកគេ»។

កងកម្លាំង​របស់​អាមេរិក​បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ​របស់​ក្រុម​សម្ព័ន្ធមិត្ត​ដែល​ធ្វើ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​និង​ប្រតិបត្តិការ​យោធា​ផ្សេង​ទៀត ដើម្បី​គាំទ្រ​យោធា​អ៊ីរ៉ាក់​ចាប់​តាំង​ពី​ខែ​សីហា​ ឆ្នាំ​២០១៤ មក​ម្ល៉េះ គឺ​ប៉ុន្មាន​ខែ​បន្ទាប់​ពី​អ្នក​ប្រយុទ្ធ​ក្រុម​រដ្ឋឥស្លាម​បាន​វាយ​ដណ្តើម​យក​តំបន់​នានា​នៅ​ប៉ែក​ខាង​ជើង​និង​ប៉ែក​ខាង​លិច​ប្រទេស​អ៊ីរ៉ាក់។ កងកម្លាំង​របស់​អ៊ីរ៉ាក់​បាន​ទទួល​ជ័យជម្នះ​យ៉ាង​ច្រើន​នៅ​ក្នុង​ខែ​កក្កដា តាមរយៈ​ការ​ដណ្តើម​យក​មក​វិញ​នូវ​ទីក្រុង មូស៊ុល ដែល​ជា​ទីក្រុង​ធំជាង​គេ​លំដាប់​ទី​ពីរ​នៅ​ក្នុង​ប្រទេស​នេះ។

កាល​ពី​ថ្ងៃ​អាទិត្យ យោធា​អ៊ីរ៉ាក់​បាន​ធ្វើ​ប្រតិបត្តិការ​វាយដណ្តើម​យក​តំបន់ Tal Afar ដែល​ជា​តំបន់​មួយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ​ ប៉ែក​ខាង​លិច​ទីក្រុង មូស៊ុល៕

XS
SM
MD
LG