លោក Zeid Ra'ad Al Sussein ប្រធានផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ជំរុញឲ្យរដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់ផ្តល់ជំនួយដល់ស្រ្តីនិងក្មេងស្រីរាប់ពាន់នាក់ ដែលរងគ្រោះដោយសារការចាប់រំលោភសេពសន្ថវៈ និងការបៀតបៀនផ្លូវភេទពីសំណាក់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម។
របាយការណ៍ដែលបានចេញផ្សាយដោយការិយាល័យឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងបេសកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអ៊ីរ៉ាក់ បានរៀបរាប់អំពីអំពើហិង្សារំលោភផ្លូវភេទសាហាវយ៉ង់ឃ្នងធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ទៅលើស្រ្តីនិងក្មេងស្រី ជាពិសេសទៅលើជនអំបូរYezidi និងជនអំបូរភាគតិចដទៃទៀត។
អ្នកនាំពាក្យឲ្យអង្គការឃ្លាំសិទ្ធិមនុស្ស លោកស្រី Liz Throssell ថ្លែងថាការរំលោភបំពានធើ្វឡើងដោយក្រុមរដ្ឋឥស្លាម ដែលគេស្គាល់ថាជាក្រុម ISIL ដូចជាការរំលោភសេពសន្ថវៈ និងបៀតបៀនផ្លូវភេទ ការបង្ខំឲ្យផ្លាស់ទីលំនៅ ការចាប់ពង្រត់ និងការបង្ខំឲ្យប្តូរសាសនាជាដើម។ អ្នកស្រីបានថ្លែងដូច្នេះថា៖«ប្រធានឧត្តមស្នងការអង្គការ
សហប្រជាជាតិលោក Zeid Ra'ad Al Hussein បានថ្លែងថា ការរងរបួសលើរាងកាយ ផ្លូវចិត្ត និងសតិអារម្មណ៍ ដែលបានបង្កឡើងដោយក្រុម ISIL គឺពិតជាសាហាវហួសនឹងថ្លែង ហើយប្រសិនបើជនរងគ្រោះទាំងនោះត្រូវកសាងជីវិតឡើងវិញ ទាំងកូនៗរបស់ពួកគេត្រូវការភាពយុត្តិធម៌ និងសំណង»។
លោកស្រី Throssell ប្រាប់ VOA ថាយើងមិនអាចដឹងបានទេថា តើស្ត្រីនិងក្មេងស្រីមានចំនួនប៉ុន្មាននាក់ដែលរងគ្រោះដោយសារការរំលោភបំពានទាំងនេះ។ ប៉ុន្តែលោកស្រីនិយាយថា ទិន្នន័យដែលទទួលបានពីសហគមន៍របស់ក្រុមអំបូរYazidi បង្ហាញថាករណីហិង្សាផ្លូវភេទធ្វើឡើងដោយក្រុមរដ្ឋឥស្លាមនេះ កើតឡើងនៅគ្រប់ទិសទី គឺអាចនិយាយបានថាដល់ទៅរាប់ពាន់ករណី។
គិតត្រឹមថ្ងៃទី២ ខែកក្កដាកន្លងទៅនេះ អង្គការសហប្រជាជាតិរាយការណ៍មកថា មានស្រ្តីនិងក្មេងស្រីជាង៣ពាន់៥រយនាក់ និងបុរសនិងក្មេងប្រុសជិត៣ពាន់នាក់មកពីសហគមន៍ក្រុមអំបូរYezidiត្រូវបានចាប់ពង្រត់។ របាយការណ៍ក៏បានបង្ហាញផងដែរដែលថា នៅមានមនុស្សរាប់ពាន់នាក់ផ្សេងទៀតមិនត្រូវបានដាក់បញ្ចូលទៅក្នុងរបាយការណ៍នេះ។
លោកស្រី Throssell ថ្លែងថាជនរងគ្រោះខ្លះបានរៀបរាប់អំពីប្រវត្តិឈឺចាប់ដែលខ្លួនបានជួបប្រទះ ប្រាប់ទៅសហការីរបស់ពួកគេ។ លោកស្រី Throssell បានថ្លែងបន្តទៀតថា៖ «នេះគឺជាបញ្ហាផ្លូវចិត្តដ៏អាក្រក់មួយ។ ហេតុដូច្នេះហើយបានជារបាយការណ៍បានបញ្ជាក់ពីការស្នើរឲ្យមានជំនួយទាំងសម្ភារៈ និងជួយស្រ្តីកសាងជីវិតរបស់ពួកគេឡើងវិញដូចជារកការងារធ្វើ មានថវិការដើម្បីទិញម្ហូបអាហារ ហើយពួកគេក៏ត្រូវការជំនួយប្រឹក្សាផ្នែកចិត្តសាស្រ្តផងដែរ»។
របាយការណ៍ក៏បានបង្ហាញផងដែរថា ទាំងរដ្ឋាភិបាលអ៊ីរ៉ាក់ និងរដ្ឋាភិបាលតំបន់ឃឺត បានចាត់វិធានការណ៍មួយចំនួនដើម្បីបំពេញតម្រូវការជួយដល់ជនរងគ្រោះ ដែលទទួលរងការរំលោភផ្លូវភេទដោយក្រុមរដ្ឋឥស្លាមទាំងនេះ។ ក៏ប៉ុន្តែវាក៏បានបង្ហាញពីភាពបរាជ័យនៃប្រព័ន្ធតុលាការព្រហ្មទណ្ឌក្នុងការការពារជនរងគ្រោះទាំងនេះផងដែរ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា