គណៈប្រតិភូជាន់ខ្ពស់អង្គការសហប្រជាជាតិមួយក្រុមបានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញថា រដ្ឋាភិបាលមីយ៉ាន់ម៉ាត្រូវតែធ្វើ «ការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ» ចំពោះការចោទប្រកាន់អំពីអំពើឃោរឃៅដែលធ្វើឡើងប្រឆាំងនឹងជាតិសាសន៍រ៉ូហ៊ីងយ៉ា។
តាំងពីខែសីហាឆ្នាំមុនមក ក្រុមគណៈប្រតិភូក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះ គឺជាក្រុមមន្ត្រីការទូតអន្តរជាតិជាន់ខ្ពស់បំផុតដែលបានធ្វើទស្សនកិច្ចទៅកាន់រដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា។ កាលពីខែសីហាឆ្នាំមុន អំពើហិង្សាប្រឆាំងនឹងអ្នកកាន់សាសនាឥស្លាម បានធ្វើឲ្យជាតិសាសន៍រ៉ូហ៊ីងយ៉ា ជាង ៧ សែននាក់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។
សហរដ្ឋអាមេរិក និងមន្ត្រីអង្គការសហប្រជាជាតិបានហៅអំពើហិង្សាប្រឆាំងនឹងជាតិសាសន៍រ៉ូហ៊ីងយ៉ា ថាជាការបោសសម្អាតជាតិសាសន៍។
ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិលោកស្រី Karen Pierce បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា៖ «ដើម្បីឲ្យមានការទទួលខុសត្រូវ ចាំបាច់ត្រូវមានការស៊ើបអង្កេតឲ្យបានសមរម្យ។ វាមិនមែនជាបញ្ហាអ្វីនោះទេ ទោះបីជាការស៊ើបអង្កេតនោះធ្វើឡើងដោយអន្តរជាតិ ឬដោយមីយ៉ាន់ម៉ាផ្ទាល់ ដរាបណាការស៊ើបអង្កេតនោះអាចធ្វើឲ្យគេមានការជឿទុកចិត្តបាន»។
លោកស្រីបានបញ្ជាក់ថា ចំពោះបញ្ហានេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាអាចធ្វើការស៊ើបអង្កេត ឬក៏ករណីនេះអាចបញ្ជូនទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ឲ្យស៊ើបអង្កេត។
មន្ត្រីការទូតនៃក្រុមគណៈប្រតិភូនេះបានជួបជាមួយនឹងមន្ត្រីកំពូលៗរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលក្នុងនោះមានទាំងលោកស្រី Aung San Suu Kyi និងមេដឹកនាំយោធាលោក Min Aung Hlaing ផងដែរ។ ពួកគេបានពិភាក្សាគ្នាអំពីវិធីធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាពសម្រាប់ជនភៀសខ្លួនក្នុងការធ្វើមាតុភូមិនិវត្តន៍ពីបង់ក្លាដែសទៅកាន់មីយ៉ាន់ម៉ាវិញ៕