ប្រទេសបង់ក្លាដែស បានទទួលជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB ដើម្បីកែលម្អស្ថានភាពក្នុងជំរំដែលនៅទីនោះពួកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា រត់គេចខ្លួនពីប្រទេសភូមានៅជិតខាងបានស្វះស្វែងរកទីជម្រក។
ធនាគារនេះបានយល់ព្រមផ្តល់ប្រាក់ជំនួយគ្មានសំណង១០០លានដុល្លារដល់ប្រទេសបង់ក្លាដែស។ ទឹកប្រាក់នេះជាចំនួនពាក់កណ្តាលទីមួយនៃកញ្ចប់ទឹកប្រាក់សរុប២០០លានដុល្លារ។
លោក Takehiko Nakao ប្រធានធនាគារ ADB បានមានប្រសាសន៍ថា «ជាមួយគោលការណ៍ត្រូវគិតអំពីប្រជារាស្ត្រជាដំបូង គម្រោងការណ៍របស់ ADB នេះនៅក្នុងដំណាក់ការទីមួយនឹងស្វះស្វែងផ្តល់ហេដ្ឋារចនាសម្ព័ន្ធនិងសេវាជាមូលដ្ឋានដែលនឹងបន្ធូរបន្ថយភាពងាយរងគ្រោះ និងការប្រថុយប្រថានអំពីការស្រេកឃ្លាន, ជំងឺនិងមហន្តរាយ»។
ធនាគារ ADB បាននិយាយថា នៅពេលដែលសំណើសុំជំនួយនេះបានត្រូវទទួល ADB «បានអភិវឌ្ឍនិងរៀបចំគម្រោងការណ៍នេះដោយល្បឿនអស្ចារ្យតាមរយៈទម្រង់ការគ្រាមានអាសន្ន»។
ទឹកប្រាក់ដំបូងនេះនឹងជួយដល់ការជួសជុលផ្លូវនៅក្នុងជំរំនេះដើម្បីភ្ជាប់មជ្ឈមណ្ឌលចែកចាយម្ហូបអាហារទៅនឹងមជ្ឈមណ្ឌលស្តុកម្ហូបអាហារ, ស្ថាបនាមន្ទីរពេទ្យនិងសាលារៀននិងកែលម្អវិធានការជួយសង្គ្រោះគ្រាមានអាសន្នផងដែរ៕