ក្រុមអ្នកស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកកំពុងចូលមើលតាមគណនីប្រព័ន្ធផ្សព្វ ផ្សាយសង្គមនិងការបង្ហោះផ្សេងទៀតរបស់ជនសង្ស័យនៅក្នុងការប៉ុនប៉ងធ្វើឃាត កាលពីថ្ងៃអាទិត្យរបស់អតីតប្រធានាធិបតី លោក Donald Trump ដោយព្យាយាមកំណត់ពីហេតុផលនិងថាតើមាននរណាម្នាក់ផ្សេងទៀតអាចពាក់ព័ន្ធឬអត់។
អនុប្រធានប៉ូលិសក្នុងរដ្ឋ Florida បានចាប់ខ្លួន លោក Ryan Wesley Routh អាយុ៥៨ ឆ្នាំ ដោយបញ្ឈប់លោកនៅលើផ្លូវល្បឿនលឿនមួយកាលពីថ្ងៃអាទិត្យ ប្រហែលមួយម៉ោងបន្ទាប់ពីលោកបានរត់ចេញពីក្លឹបកីឡាវាយកូនហ្គោលអន្តរជាតិ Trump របស់លោកអតីតប្រធានាធិបតីនៅទីក្រុង West Palm Beach រដ្ឋ Florida។
ក្រុមមន្ត្រីបាននិយាយថាទិន្នន័យដែលប្រមូលបានពីទូរសព្ទដៃរបស់ លោក Routh បង្ហាញថាលោកបានរង់ចាំរយៈពេល១២ម៉ោង ដោយលាក់ខ្លួននៅក្នុងគុម្ពោតព្រៃមួយចំនួនតាមរបងដែកនៅចន្លោះរន្ធកូនហ្គោលទី៥ និងទី៧។
លោក Routh ត្រូវបានអាជ្ញាធរសហព័ន្ធចោទប្រកាន់ពីបទកាន់កាប់អាវុធថាក្នុងនាមជាជនឧក្រិដ្ឋដែលត្រូវបានកាត់ទោស និងកាន់កាប់អាវុធដែលមានលេខសៀរៀលដែលបានលុបចោល។
កាលពីថ្ងៃអង្គារ អភិបាលរដ្ឋ Florida លោក Ron DeSantis ដែលត្រូវបានផ្តួលដោយ លោក Trump ក្នុងការប្រកូតយកបេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋឆ្នាំ ២០២៤បាននិយាយថាអាជ្ញាធររដ្ឋនឹងស៊ើបអង្កេតឧប្បត្តិហេតុនេះផងដែរ។
លោក DeSantis បាននិយាយថាលោកមិនមានទំនុកចិត្តលើរដ្ឋាភិបាលសហព័ន្ធក្នុងការធ្វើការស៊ើបអង្កេតប្រកបដោយតម្លាភាពនោះទេ។
អាជ្ញាធរបាននិយាយថាលោក Routh បានរត់គេចខ្លួននៅក្នុងរថយន្ត Nissan ពណ៌ខ្មៅ បន្ទាប់ពីកងអង្គរក្សប្រធានាធិបតីបានបាញ់យ៉ាងហោចណាស់បួនបង់ទៅកាន់ទិសដៅរបស់លោក បន្ទាប់ពីប្រទះឃើញកាំភ្លើងវែងមួយដើម តម្រង់កាណុងកាត់ចូលរបងទីលានវាយកូនហ្គោល៕