ក្រោយពីអ្វីដែលទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI ហៅថាជាការប៉ុនប៉ងធ្វើឃាតលើអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ជាលើកទី២ មានការថ្កោលទោសយ៉ាងទូលំទំលាយលើហិង្សានយោបាយ ព្រមទាំងមានការអំពាវនាវឱ្យរឹតបន្តឹងសន្តិ សុខបន្ថែម។
អនុប្រធានាធិបតីអ្នកស្រី Kamala Harris ដែលប្រឆាំងលោក Trump ក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ និយាយក្នុងសេចក្តីថ្លែងការណ៍ថាអ្នកស្រី «ស្រងាកចិត្តយ៉ាងខ្លាំង»ដោយសារឧប្បត្តិហេតុកាលពីថ្ងៃអាទិត្យនៅទីលានវាយកូនហ្គោលក្នុងរដ្ឋ Florida។
អ្នកស្រីនិយាយថា៖ «យើងទាំងអស់គ្នាត្រូវតែរួមចំណែកដើម្បីធានាថាឧប្បត្តិហេតុនេះ មិនឈានទៅដល់ហិង្សាថែមទៀតទេ»។
សមាជិកព្រឹទ្ធសភាខាងបក្សសាធារណរដ្ឋលោក Tim Scott និយាយថា៖ «អំពើហិង្សានយោបាយ មិនត្រូវមានជាដាច់ខាតនៅក្នុងសហរដ្ឋអាមេរិក»។
អភិបាលរដ្ឋ Florida លោក Ron DeSantis ខាងបក្សសាធារណរដ្ឋនិយាយថារដ្ឋរបស់លោកនឹងបើកការស៊ើបអង្កេតដោយខ្លួនឯងអំពីឧប្បត្តិហេតុនោះ ដោយនិយាយថាប្រជាពលរដ្ឋ«សមនឹងទទួលបានការណ៍ពិតអំពីឃាតករ» ហើយថាតើបុរសនោះ អាចចូលទៅកៀកនឹងលោក Trump បានដោយរបៀបណា។
អង្គភាពការពារប្រធានាធិបតី រងការពិនិត្យពិច័យ ក្រោយពីលោក Trump ត្រូវបានគេបាញ់ចំស្លឹកត្រចៀកក្នុងអំឡុងពេលឃោសនាបោះឆ្នោតនៅខែកក្កដា។
សមាជិកសភា អ្នកស្រី Elise Stefanik ដែលស្ថិតក្នុងលំដាប់លេខរៀងទី៤ខាងបក្សសាធារណរដ្ឋក៏លើកឡើងនូវសំណួរស្រដៀងគ្នានេះដែរកាលពីថ្ងៃអាទិត្យ។
អ្នកស្រីថ្លែងថា៖ «នៅតែខ្វះចម្លើយចំពោះការប៉ុនប៉ងធ្វើឃាតដ៏គួរឲ្យរន្ធត់នេះនៅរដ្ឋ Pennsylvania ហើយយើងរំពឹងថានឹងមានការពន្យល់ច្បាស់លាស់អំពីអ្វីដែលបានកើតឡើងថ្ងៃនេះនៅក្នុងរដ្ឋ Florida»។
សមាជិកសភាខាងបក្សប្រជាធិបតេយ្យលោក Ro Khanna បានហៅការប៉ុនប៉ងធ្វើឃាតលើលោក Trump ទាំងពីរលើកនេះថា«មិនអាចទទួលយកបាន»ហើយថាអង្គ ភាពការពារប្រធានាធិបតី «ត្រូវតែចូលមកបង្ហាញមុខក្នុងសភានៅថ្ងៃស្អែកហើយប្រាប់យើងថាតើពួកគេត្រូវការធនធានអ្វីខ្លះ ដើម្បីពង្រីកដែនការពារ ហើយយើងនឹងវិភាជថវិកាតាមការបោះឆ្នោតទ្វេបក្សក្នុងថ្ងៃតែមួយតែម្តង»។
សមាជិករដ្ឋសភាខាងបក្សសាធារណរដ្ឋលោក Darrell Issa ក៏មានសារស្រដៀងគ្នានេះដែរ៕
វេទិកាបញ្ចេញមតិ