ក្រុមស៊ើបអង្កេតបានរកឃើញកាលពីថ្ងៃព្រហស្បតិ៍នូវប្រអប់ខ្មៅរបស់យន្តហោះដឹកអ្នកដំណើរដែលបានបុកគ្នានៅលើអាកាសជាមួយឧទ្ធម្ភាគចក្រយោធានៅលើទន្លេ Potomac ក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែលធ្វើឲ្យមនុស្សទាំងអស់ចំនួន ៦៧ នាក់ស្លាប់ ខណៈក្រុមជួយសង្គ្រោះបានស្រង់សាកសពចេញពីទឹកទន្លេដែលកក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបើកការវាយប្រហារនយោបាយដោយស្តីបន្ទោសគោលនយោបាយពិពិធភាពនិងបរិយាបន្នដែលបានបង្កើតឡើងដោយអ្នកកាន់តំណែងមុនលោកខាងគណបក្សប្រជាធិបតេយ្យថាជាមូលហេតុបង្កឲ្យមានឧប្បត្តិហេតុនេះកើតឡើង។
ការធ្វើឲ្យសោកនាដកម្មនេះទៅជារឿងនយោបាយដោយលោក Trump បានកើតឡើង ស្របពេលដែលក្រុមប្រឹក្សាជាតិទទួលបន្ទុកសុវត្ថិភាពដឹកជញ្ជូន (NTSB) ថា ខ្លួនបានរកឃើញម៉ាស៊ីនថតសំឡេងក្នុងផ្នែកអ្នកបើកយន្តហោះនិងកំណត់ត្រាទិន្នន័យហោះហើរពីយន្តហោះ Bombardier ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ American Airlines ដែលបានបុកគ្នាជាមួយឧទ្ធម្ភាគចក្រកងទ័ព Black Hawk កាលពីយប់ថ្ងៃពុធ។
ទីភ្នាក់ងារ NTSB បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ AFP ថា៖ «ម៉ាស៊ីនកត់ត្រាទាំងពីរកំពុងស្ថិតក្នុងមន្ទីរពិសោធន៍របស់ NTSB ដើម្បីវាយតម្លៃ»។
យោងតាមសេចក្តីរាយការណ៍របស់កាសែត New York Times គេឃើញមានបញ្ហាកង្វះបុគ្គលិកនៅប៉មត្រួតពិនិត្យយន្តហោះនៅអាកាសយានដ្ឋាន Reagan National Airport ដែលនៅទីនោះយន្តហោះនោះត្រៀមចុះចតពេលការបុកគ្នានោះកើតឡើង។
តាមធម្មតាមានអ្នកត្រួតពិនិត្យពីរនាក់ តែពេលបុកគ្នានោះមានអ្នកត្រួតពិនិត្យតែម្នាក់ប៉ុណ្ណោះដែលបញ្ជាចរាចរណ៍សម្រាប់យន្តហោះនោះផងនិងឧទ្ធម្ភាគចក្រនោះផង។ នេះបើយោងតាមកាសែត New York Times ដែលបានយោងលើរបាយការណ៍បឋមរបស់ទីភ្នាក់ងារអាកាសចរណ៍សហព័ន្ធ (Federal Aviation Administration)។
ដុំភ្លើងបានផ្ទុះឡើងលើមេឃក្នុងពេលរាត្រីពេលយន្តហោះនិងឧទ្ធម្ភាគចក្រនោះបុកគ្នាហើយក៏បានធ្លាក់ចូលទៅក្នុងទន្លេ Potomac ដែលកក ដោយធ្វើឲ្យក្រុមជួយសង្គ្រោះស្វែងរកជនរងគ្រោះក្នុងស្ថានភាពងងឹតនិងត្រជាក់។ យន្តហោះដឹកអ្នកដំណើរនោះមានអ្នកជិះទាំងអស់ ៦៤ នាក់ ហើយឧទ្ធម្ភាគចក្រ Black Hawk មានអ្នកជិះទាំងអស់ ៣ នាក់៕
វេទិកាបញ្ចេញមតិ