ទីភ្នាក់ងារសហរដ្ឋអាមេរិកជាច្រើនកំពុងធ្វើការស៊ើបអង្កេតទៅលើមូលហេតុដែលបណ្តាលឱ្យមានការបុកគ្នាលើអាកាសរវាងយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines និងឧទ្ធម្ភាចក្រយោធាអាមេរិកនៅក្បែររដ្ឋធានីវ៉ាស៊ីនតោនកាលពីយប់ថ្ងៃពុធ។
មិនមានអ្នករួចជីវិតនោះទេក្នុងចំណោមអ្នកដំណើរនិងបុគ្គលិកលើយន្តហោះរបស់ក្រុមហ៊ុន American Airlines ចំនួន៦៤នាក់ ដែលពេលនោះយន្តហោះនោះប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ដៃគូឈ្មោះ PSA ហើយនឹងមនុស្ស៣នាក់នៅលើឧទ្ធម្ភាចក្រយោធា Army UH-60 Black Hawk។ នេះបើតាមការរាយការណ៍របស់ក្រុមមន្ត្រីមូលដ្ឋានកាលពីថ្ងៃព្រហស្បតិ៍។ យន្តហោះនិងឧទ្ធម្ភាចក្រនេះបានបុកគ្នា នៅពេលដែលយន្តហោះដឹកអ្នកដំណើរកំពុងព្យាយាមចុះចតនៅអាកាសយានដ្ឋាន Reagan National នៅខាងក្រៅរដ្ឋធានីវ៉ាស៊ីនតោន គឺនៅទីក្រុង Arlingtonរដ្ឋ Virginia ហើយបានធ្លាក់ចូលក្នុងទន្លេ Potomac ដែលនៅជាប់នឹងអាកាសយានដ្ឋាននេះ។
លោក Sean Duffy រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកដែលបានចូលរួមក្នុងសន្និសីទសារព័ត៌មានមួយជាមួយលោកប្រធានាធិបតី Donald Trumpនៅសេតវិមានដើម្បីពិភាក្សាអំពីការបុកគ្នានេះបានថ្លែងថា ទាំងយន្តហោះក្រុមហ៊ុនអាកាសចរណ៍ ទាំងឧទ្ធម្ភាចក្រសុទ្ធតែ«ហោះហើរតាមបទដ្ឋានជាធម្មតា» នៅមុនមានការបុកទង្គិចគ្នានេះ។
នៅសន្និសីទសារព័ត៌មាននោះ លោក Trump បានអំពាវនាវឱ្យមានការស្មិងស្មាធិ៍ដើម្បីអធិដ្ឋានដល់ជនរងគ្រោះ ហើយលោកបានថ្លែងថា មនុស្សគ្រប់ជាន់ថ្នាក់តាំងពីថ្នាក់មូលដ្ឋាន ថ្នាក់រដ្ឋនិងកម្រិតសហព័ន្ធកំពុងរួសរាន់ក្នុងបេសកកម្មស្វែងរកសាកសពជនរងគ្រោះ។
លោកបានថ្លែងថា គណៈទទួលបន្ទុកផ្នែកសុវត្ថិភាពធ្វើដំណើរជាតិកំពុងដឹកនាំការស៊ើបអង្កេតទៅលើមូលហេតុដែលបង្កឱ្យមានការបុកទង្គិចគ្នានេះ ដែលនឹងរួមមានរដ្ឋបាលអាកាសចរណ៍សហព័ន្ធនិងអង្គភាពស៊ើបអង្កេតអាកាសចរណ៍របស់សហរដ្ឋអាមេរិក។
លោក Trump ក៏បានបន្ទោស រដ្ឋបាលពីមុនៗដឹកនាំដោយប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យដូចជាលោក Barack Obama និងលោក Joe Biden ថាបានបន្ទាបបទដ្ឋានក្នុងការជ្រើសរើសបុគ្គលិកផ្នែកគ្រប់គ្រងចរាចរណ៍យន្តហោះហើយបានលើកឡើងពីគំនិតផ្តួចផ្តើមភាពចម្រុះ សមភាពនិងបរិយាបន្នឬ DEI នៅក្នុងរដ្ឋាភិបាលសហព័ន្ធ។
ពាក់ព័ន្ធនឹងបុគ្គលិកគ្រប់គ្រងចរាចរណ៍យន្តហោះ លោក Trump បានថ្លែងថា «យើងចង់បានអ្នកដែលឆ្លាតបំផុត និងឈ្លាសវៃបំផុត។ យើងចង់បានអ្នកដែលមានបញ្ញាស្មារតីល្អលើសគេហើយយើងនឹងជ្រើសរើសអ្នកនោះឱ្យបាន»។
លោក Trump បានថ្លែងថា បុគ្គលិកលើឧទ្ធម្ភាចក្រអាចជាអ្នកខុស ប៉ុន្តែត្រូវធ្វើការស៊ើបអង្កេតសិន។ នៅពេលត្រូវបានសាកសួរថាតើមូលហេតុអ្វីបានជាលោកសន្និដ្ឋានថាគំនិតផ្តួចផ្តើមភាពចម្រុះឬ DEI នាំឱ្យមានការបុកទង្គិចគ្នានេះ។ លោក Trump បានឆ្លើយថា «ព្រោះខ្ញុំមានសុភវិនិច្ឆ័យ»។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Pete Hegseth ក៏បានថ្លែងនៅសន្និសីតសារព័ត៌មាននេះដែរ។ លោកបានថ្លែងថា ឧទ្ធម្ភាចក្រកងទ័ពអាមេរិកពេលនោះកំពុងធ្វើការហ្វឹកហាត់ការហោះហើរពេលយប់ប្រចាំឆ្នាំ ហើយលោកថែមទៀតថា «ជាសោកនាដកម្ម កំហុសមួយត្រូវបានធ្វើឡើង។ វាទំនងជាបញ្ហាឡើងកម្ពស់មួយដែលយើងបានចាប់ផ្តើមធ្វើការស៊ើបអង្កេតភ្លាមៗ»៕
វេទិកាបញ្ចេញមតិ