ប្រទេសអាស៊ែបៃហ្សង់បានបញ្ជាក់កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរុស្ស៊ីបានសន្យាថានឹងដាក់ទោសអ្នកដែលទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines ដែលការធ្លាក់នេះត្រូវបានរដ្ឋាភិបាលអាស៊ែបៃហ្សង់ថាបណ្ដាលមកពីមីស៊ីលរបស់រុស្ស៊ីបាញ់ចំ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
យន្តហោះ AZAL Embraer 190 បានផ្ទុះឆេះពេលចុះចតនៅក្នុងប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃទី ២៥ ខែធ្នូ ដោយធ្វើឲ្យមនុស្ស ៣៨ ក្នុងចំណោម ៦៧ នាក់ដែលជិះនៅលើយន្តហោះនោះស្លាប់។
ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev បានទាមទារឲ្យរុស្ស៊ីទទួលខុសត្រូវចំពោះការបាញ់ដោយអចេតនាចំយន្តហោះនេះនៅពេលដែលយន្តហោះនេះព្យាយាមចុះចតតាមការគ្រោងទុកនៅអាកាសយានដ្ឋាន Grozny នៅភាគខាងត្បូងប្រទេសរុស្ស៊ី។
រុស្ស៊ីមិនបានបញ្ជាក់អះអាងថាមីស៊ីលការពារដែនអាកាសមួយគ្រាប់របស់ខ្លួនបានបាញ់ចំយន្តហោះនេះទេ ទោះបីជាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រាប់លោក Aliyev តាមទូរស័ព្ទកាលពីចុងសប្ដាហ៍កន្លងទៅនេះថាប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីកំពុងធ្វើសកម្មភាពនៅពេលនោះ និងថាលោកសុំទោសដែលឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងដែនអាកាសរបស់រុស្ស៊ីក៏ដោយ។
អគ្គរដ្ឋអាជ្ញាប្រទេសអាស៊ែបៃហ្សង់បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ប្រធានគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបានប្រាប់រដ្ឋាភិបាលអាស៊ែបៃហ្សង់ថា៖ «វិធានការខ្លាំងក្លាកំពុងធ្វើឡើងដើម្បីកំណត់រកអ្នកប្រព្រឹត្តិខុសនិងនាំអ្នកទាំងនោះមកកាត់ទោសព្រហ្មទណ្ឌ»។
រុស្ស៊ីបានបើកការស៊ើបអង្កេតព្រហ្មទណ្ឌលើឧប្បត្តិហេតុនេះ ប៉ុន្តែមិនបានបញ្ជាក់ថាតើខ្លួនយល់ស្របថាយន្តហោះនេះត្រូវបានមីស៊ីលមួយគ្រាប់របស់ខ្លួនបាញ់ចំនោះទេ និងមិនបានលើកឡើងអ្វីទាំងអស់អំពីការស្វែងរកឬក៏ការនាំអ្នកប្រព្រឹត្តិមកកាត់ទោសនោះឡើយ៕