កំណត់និពន្ធ៖ ស្ថានការណ៍ភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាស៊ីចុងបូព៌ា មានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ជាពិសេសនៅពេលមួយឆ្នាំដំបូងនៃសហរដ្ឋអាមេរិក ក្រោមលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលនាំឱ្យសណ្ដាប់ធ្នាប់សន្តិសុខ នយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់ឯនាយមហាសាគរប៉ាស៊ីហ្វិកឯណេះវិញ មានការរំកិលផ្លាស់ប្ដូរទីតាំងមិនដូចសព្វមួយដង។ អំឡុងដំណើរទស្សនកិច្ចខ្លីមួយនៅទីក្រុងភ្នំពេញ កាលពីចុងសប្ដាហ៍កន្លងទៅ អ្នកស្រី Jane Bocklage ភារធារីនៃស្ថានតំណាងសហរដ្ឋអាមេរិកប្រចាំអគ្គលេខាធិការដ្ឋានអាស៊ាននៅទីក្រុងចាកាតា បានផ្ដល់កិច្ចសម្ភាសន៍ពិសេសមួយដល់ VOA ផ្នែកខេមរភាសា ដែលអ្នកការទូតកំពូលរបស់អាមេរិកប្រចាំតំបន់អាស៊ីអាគ្នេយ៍រូបនេះ បានជជែកអំពីទំនាក់ទំនងអាស៊ាន-អាមេរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ បញ្ហាប្រទាញប្រទង់រវាងអាមេរិក និងចិន និងក៏ដូចជាយុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិករបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន សម្រាប់តំបន់អាស៊ីផងដែរ។
VOA៖ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន ឆ្លងខួបទី៤០ឆ្នាំកាលពីឆ្នាំទៅ។ តើសហរដ្ឋអាមេរិកវាយតម្លៃយ៉ាងណាចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន នាពេលបច្ចុប្បន្ននេះ?
Jane Bocklage៖ ច្បាស់ណាស់ យើងបានចាប់ផ្តើមទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជាង៤០ឆ្នាំ ដូចដែលអ្នកបានលើកឡើងហើយ ទំនាក់ទំនងនេះបានបន្តពូនជ្រុំរីកចម្រើនឡើងកាន់តែខ្លាំងនាពេលនេះ។ ទំនាក់ទំនងយើងគឺមានលក្ខណៈរឹងមាំ កាន់តែតែរីកលូតលាស់ និងកាន់តែស៊ីជម្រៅ។
គិតមកដល់ឆ្នាំ២០១៥ យើងបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ហើយបច្ចុប្បនេះ យើងមានគម្រោងយុទ្ធសាស្ត្រសម្រាប់សកម្មភាពរបស់យើង ដែលជួយតម្រង់ទិសនៃទំនាក់ទំនងរបស់យើងទៅថ្ងៃអនាគត។ ដូច្នេះ យើងឃើញថា ទំនាក់ទំនងរបស់យើងគឺវិជ្ជមានសម្បើម។
VOA៖ តើរដ្ឋបាលលោក ដូណាល់ ត្រាំ មានទស្សនវិស័យយ៉ាងណាចំពោះតំបន់អាស៊ីអាគ្នេយ៍?
Jane Bocklage៖ សហរដ្ឋអាមេរិកចាប់អាម្មរណ៍ខ្លាំងលើការទាក់ទងនឹងបណ្តាប្រទេសទាំងអស់ក្នុងតំបន់នេះ។ សម្លឹងមើលតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល លោកប្រធានាធិបតី ត្រាំ និងរដ្ឋបាលរបស់លោក បានប្រកាន់យកទស្សនៈទូលំទូលាយកាន់តែខ្លាំងទៀតលើតំបន់នេះគឺជាងរដ្ឋបាលមុនៗ ហើយយើងចង់រួមបញ្ចូលដៃគូខ្លះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងការយកចិត្តទុកដាក់លើតំបន់[អាស៊ីប៉ាស៊ីហ្វិក]ទាំងមូលនោះ។
ខ្ញុំចង់បន្ថែមថា គោលគំនិតរបស់យើងនៅក្នុងតំបន់នេះគឺមានភាពបើកទូលំទូលាយ។ យើងមិនមានបំណងរារាំងភាគីណាមួយ ដោយងាកទៅផ្តោតតែលើយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកតែម្យ៉ាងនោះទេ ហើយជាក់ស្តែង យើងរួមបញ្ចូលភាគីទាំងអស់រួមគ្នា។ យើងចង់ចាប់ដៃគូជាមួយនឹងគ្រប់បណ្តាប្រទេសទាំងអស់។ យើងយល់ថា យើងមានឱកាសកាន់តែច្រើនឡើងក្នុងការទាក់ទងជាមួយនឹងតំបន់នេះ។
VOA៖ អាស៊ានមានលក្ខណៈខុសប្លែកពីគេត្រង់របៀបគោលការណ៍អាស៊ាន (ASEAN Ways) ដែលរួមមានការសម្រេចចិត្តប្រើរូបមន្តកុងសង់ស៊ីស (ឯកច្ឆ័ន្ធភាព) និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ តើសហរដ្ឋអាមេរិកយល់យ៉ាងណាដែរចំពោះរូបមន្តដឹកនាំបែបអាស៊ាននេះ?
Jane Bocklage៖ យើងគិតថា គោលការណ៍កុងសង់ស៊ីសរបស់អាស៊ានគឺសំខាន់សម្រាប់សមាគមអាស៊ានមួយនេះ។ វាគឺជាសេចក្តីសម្រេចចិត្តរបស់អាស៊ានខ្លួនឯងផ្ទាល់។ ហើយអាស៊ានបានសម្រេចយកគោលការណ៍កុងសង់ស៊ីស។ យើងគោរពគោលការណ៍កុងសង់ស៊ីស។ នេះគឺជាជម្រើសរបស់អាស៊ាន នៅក្នុងការសម្រេចចិត្តរបស់ខ្លួន។
VOA៖ និយាយដល់បញ្ហាប្រជាធិបតេយ្យនៅតំបន់អាស៊ីអាគ្នេយ៍វិញ មានបណ្ដាប្រទេសជាច្រើនត្រូវបានគេមើលឃើញថា បានដើរឃ្លាតចាកពីគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ តើអាមេរិកនៅមានការតាំងចិត្តកម្រិតណាដែរចំពោះបញ្ហាប្រជាធិបតេយ្យនៅក្នុងតំបន់នេះ?
Jane Bocklage៖ ខ្ញុំសូមនិយាយថា គោលជំហររបស់សហរដ្ឋអាមេរិកលើតម្លៃប្រជាធិបតេយ្យត្រូវបានដឹង ឮយ៉ាងទូលំទូលាយ។ យើងនឹងនៅតែលើកកម្ពស់តម្លៃទាំងអស់នេះ ដែលយើងគាំទ្រយ៉ាងខ្លាំងក្លា។ ភាគីដទៃអាចនឹងមិនយល់ស្របជាមួយយើងរហូតនោះទេ ប៉ុន្តែយើងនឹងបន្តនិយាយអំពីរឿងរ៉ាវដែលយើងត្រូវតែនិយាយ និងបង្ហាញភាពស្មោះត្រង់ចំពោះគោលជំហររបស់យើងលើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងតំបន់នេះ។
VOA៖ តើអ្វីទៅជាបញ្ហាប្រឈមនៃទំនាក់ទំងរវាងអាមេរិក និងអាស៊ាន ខណៈដែលប្រទេសចិនកំពុងតែកើនឥទ្ធិពលរបស់ខ្លួន នៅក្នុងប្រទេសមួយចំនួន រួមទាំងប្រទេសកម្ពុជា? តើការណ៍នេះជាក្តីបារម្ភរបស់សហរដ្ឋអាមេរិកដែរឬទេ?
Jane Bocklage៖ ចិនគឺជាដៃគូពីធម្មជាតិរបស់ប្រទេសជាច្រើននៃសមាជិកអាស៊ាន ទាំងទំនាក់ទំនងសេដ្ឋកិច្ច ប្រវត្តិសាស្ត្រ ហើយនេះគឺជារឿងត្រឹមត្រូវ។ សហរដ្ឋអាមេរិកមិនមែនប្រកួតប្រជែងជាមួយប្រទេសចិនដើម្បីទាក់ទាញក្តីស្រឡាញ់ពីអាស៊ាននោះទេ។ អាស៊ានគឺជាតំបន់ដែលកំពុងអភិវឌ្ឍ រីកលូតលាស់។
ហើយទាំងអស់គ្នាមានតួនាទីក្នុងរឿងអភិវឌ្ឍ[របស់តំបន់នេះ]។ ដូច្នេះ យើងមិនចាត់ទុកឥទ្ធិពលរបស់ចិន ឬក៏កំណើនសេដ្ឋកិច្ចរបស់ចិនជារឿងអវិជ្ជមាននោះទេ។ យើងមានការយល់ឃើញខុសគ្នាខ្លះៗជាមួយនឹងចិន។ ហើយការណ៍នេះគឺជារឿងធម្មតា ជាពិសេសទាក់ទងនិងវិធីសាស្ត្រដែលយើងគិតថា ជាអនុសាសន៍ល្អមួយសម្រាប់តំបន់ [អាស៊ាន] ជានិច្ចកាល។ ក៏ប៉ុន្តែ យើងមិនប្រឆាំងទៅនឹងទំនាក់ទំនងដែលចិនមានជាមួយអាស៊ាននោះទេ។ នេះមិនមែនជាបញ្ហានោះទេ។
ច្បាស់ណាស់ មានបញ្ហាប្រឈមអំពីការប្រឆាំងនឹងអំពើភេរវកម្ម ដែលជាបញ្ហាចម្បងមួយសម្រាប់ប្រទេសជាសមាជិកអាស៊ាន។ ហើយយើងបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហានេះ។ ទាំងនេះគឺជាកត្តាប្រឈម។ ខ្ញុំគិតថា យើងមិនមានបញ្ហាប្រឈមណាមួយទាក់ទងនឹងទំនាក់ទំនងរបស់យើងជាមួយអាស៊ាននោះទេ។ ជាក់ស្តែង ទាំងសហរដ្ឋអាមេរិក និងអាស៊ានមានបញ្ហាប្រឈមច្រើនដែលភាគីទាំងពីរត្រូវដោះស្រាយរួមគ្នា។
VOA៖ តើលោកស្រីយល់ថា ការណ៍ដែលប្រទេសអាស៊ានងាកទៅរកចិនកាន់តែខ្លាំងនោះជាបញ្ហាសម្រាប់សហរដ្ឋអាមេរិកដែរ ឬទេ?
Jane Bocklage៖ ប្រទេសជាសមាជិកអាស៊ានមានទំនាក់ទំនងរៀងៗខ្លួនជាមួយចិន។ តួនាទីរបស់យើង[សហរដ្ឋអាមេរិក] គឺមិនមែនទៅបញ្ជា គ្រប់គ្រងទំនាក់ទំនងរវាងអាស៊ាន និងចិននោះទេ។
បើសិនជាចិនមានឥទ្ធិពលកាន់តែខ្លាំងទៅលើប្រទេសណាមួយ ជាប្រទេសណាមួយផ្សេងទៀត នោះយើងមិនមែនទៅប្រកួតប្រជែងដើម្បីឥទ្ធិពលនោះទេ។ យើងមើលឃើញថា ទំនាក់ទំនងរបស់យើងជាមួយនឹងតំបន់នេះកំពុងតែរីកលូតលាស់ និងរុងរឿង ហើយការរីកលូតលាស់នេះគឺមានគ្រប់ផ្នែកទាំងអស់នៃទំនាក់ទំនងរបស់យើង។
VOA៖ គេបានឮជាញឹកញាប់អំពីការប្រើប្រាស់វាក្យស័ព្ទ «ឥណ្ឌូប៉ាស៊ីហ្វិក» ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ដូណាល់ ត្រាំជាលើកដំបូងមកកាន់តំបន់អាស៊ីកាលពីខែវិច្ឆិកា។ តើសហរដ្ឋអាមេរិកមានទស្សនៈការប្រើប្រាស់យ៉ាងណាសម្រាប់វាក្យស័ព្ទថ្មីនេះ?
Jane Bocklage៖ បើយើងគិតពីទីតាំងភូមិសាស្ត្រនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះវិញ ហើយពេលដែលយើងទើបចាប់ផ្តើមមើលតំបន់នេះដោយផ្អែកតាមយុទ្ធសាស្ត្រពីមុន យើងបានមើលលើតំបន់អាស៊ីប៉ាស៊ីហ្វិក។ ហើយទំនាក់ទំនងរវាងឥណ្ឌា និងតំបន់អាស៊ីអាគ្នេយ៍គឺជាការចាប់អារម្មណ៍កាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទំនាក់ទំនងរបស់យើងនៅក្នុងតំបន់អាស៊ីមិនបញ្ចប់ត្រឹមប្រទេសមីយ៉ាន់ម៉ា និងសមុទ្រ Andaman នោះទេ។
ហើយនេះគឺជាទស្សនៈរបស់យើង នៅពេលដែលយើងពិចារណាចាប់ដៃគូជាមួយនឹងដៃគូផ្សេងៗបន្ថែមទៀត។ ដូច្នេះ យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកគឺពិតជាផ្តោតលើការចាប់ដៃគូបន្ថែមទៀត ដោយសម្លឹងមើលទៅលើប្រព័ន្ធសន្តិសុខក្នុងតំបន់របស់យើងជាមួយនឹងបណ្តាភាគីអាស៊ានជាគោល។
[យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក] គឺផ្តោតលើវិស័យបីធំៗ។ ទីមួយគឺការដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់។ ទីពីរគឺការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងទីបីគឺផ្តោតលើគោលគំនិតនៃសន្តិសុខដែលផ្អែកលើប្រព័ន្ធច្បាប់ អភិបាលកិច្ចល្អ និងតម្លៃប្រជាធិបតេយ្យ ដែលយើងយកចិត្តទុកដាក់ជាទីបំផុត។
VOA៖ ថ្មីៗនេះ មានសេចក្ដីរាយការណ៍មកថា បណ្ដាប្រទេសធំៗក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមមានសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌាបានមូលមតិគ្នារៀបចំគំនិតផ្ដួចផ្ដើមមួយស្រដៀងនឹងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន។ តើនេះជាការដាក់ឱ្យប្រកួតប្រជែងគ្នាមែនទេ?
Jane Bocklage៖ ពាក់ព័ន្ធនឹងជម្រើសក្រៅពីចិន វិស័យអាទិភាពចម្បងគឺហេដ្ឋារចនាសម្ព័ន្ធ ដែលយើងយកចិត្តទុកដាក់នៅតំបន់អាស៊ីអាគ្នេយ៍ ហើយដែលភាគីអាស៊ានបានប្រាប់យើងជារឿយៗ។ សមិទ្ធផលមួយចំនួនបានបំពេញគ្រប់គ្រាន់ទៅហើយលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងភាពផ្សារភ្ជាប់គ្នានៅតំបន់អាស៊ីអាគ្នេយ៍ ហេតុដូច្នេះយើងមិនចាំបាច់ដើរតួជាជម្រើសមួយទៀត ក្រៅពីចិននោះទេ។
នៅតំបន់នេះ យើងអាចចែកតួនាទីគ្នាជាមួយនឹងចិន និងដៃគូផ្សេងៗទៀត ដែលចាប់អារម្មណ៍។ ជប៉ុនក៏កាន់តែមានទំនាក់ទំនងខ្លាំងនៅក្នុងតំបន់នេះ។ អូស្ត្រាលី ក៏ចាប់អារម្មណ៍ខ្លាំងក្នុងការជួយឲ្យតំបន់អាស៊ីអាគ្នេយ៍សម្រេចគោលដៅរបស់ខ្លួន ដែលផ្តោតលើសេដ្ឋកិច្ចរួមគ្នា និងភាពផ្សារភ្ជាប់គ្នា។
ដូច្នេះ យើងមិនយល់ថា ការណ៍នេះគឺជាការប្រកួតប្រជែងជាមួយនឹងចិននោះទេ។ យើងមើលឃើញថា យើងមានតួនាទីផ្តល់ជាជម្រើសមួយដល់ប្រទេសផ្សេងៗទៀត ដែលកំពុងស្វែងរកជំនាញ ការវិនិយោគទុន និងជំនួយ និងអនុសាសន៍ល្អៗ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
VOA៖ ឥឡូវនេះ នាវាពិឃាត USS Carl Vinson កំពុងតាំងទីសំចតនៅឆ្នេរប្រទេសវៀតណាម ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រដល់ទឹកដីជាគូសត្រូវពីសម័យសង្គ្រាមឥណ្ឌូចិន។ តែនាវានេះក៏បានជិះកាត់ផ្ទៃសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះដែរ។ តើរដ្ឋអំណាចអាមេរិកយល់ថា ការណ៍នេះនឹងនាំឱ្យភាពតានតឹងកើនឡើងដែរឬទេ?
Jane Bocklage៖ ខ្ញុំយល់ថា គោលជំហររបស់សហរដ្ឋអាមេរិកនៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងនេះគឺត្រូវបានដឹងឮយ៉ាងទូលំទូលាយ។ យើងមិនកាន់ជើងប្រទេសណាមួយ ដែលទាមទារសិទ្ធិកាន់កាប់លើតំបន់សមុទ្រនេះទេ។ ការទាមទារកាន់កាប់សមុទ្រចិនខាងត្បូងគឺជាលទ្ធផលនៃការទាមទាររបស់ប្រទេសទាំងនោះរៀងៗខ្លួន ដោយផ្អែកទៅលើច្បាប់អន្តរជាតិ។
VOA៖ សេតវិមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញនូវសៀវភៅយុទ្ធសាស្ត្រសន្តិសុខជាតិ កាលពីខែធ្នូ ដែលបានកំណត់ថា ប្រទេសចិន និងប្រទេសរុស្ស៊ីជាឧបសគ្គប្រឈមដល់ស្ថិរភាពសន្តិសុខរបស់សហរដ្ឋអាមេរិក។ ក្នុងបរិបទនេះ តើអាមេរិកមានការក្រែងបារម្ភអំពីលទ្ធភាពនៃការគំរាមកំហែងពីសំណាក់អានុភាពយោធារបស់ចិនទៅដល់ខ្លួន និងតំបន់អាស៊ីអាគ្នេយ៍ដែរឬទេ?
Jane Bocklage៖ ទស្សនៈរបស់យើងទាក់ទងនឹងបញ្ហានេះគឺថា យើងជាដៃគូជាមួយនឹងចិនលើបញ្ហាជាច្រើន ហើយយើងក៏ជាដៃគូរបស់អាស៊ានលើបញ្ហាជាច្រើនផងដែរ។ យើងនឹងបន្តកិច្ចពិភាក្សាពីអនុសាសន៍ល្អប្រសើរបំផុត ក្នុងការធ្វើកិច្ចការទាំងអស់នេះ។ ក៏ប៉ុន្តែ ពាក់ព័ន្ធនឹងកត្តាប្រឈមមួយចំនួនដែលយើងអាចមាន មិនថាជាមួយរុស្ស៊ី ឬ ចិនទេ បញ្ហានេះនឹងកើតឡើង។ យើងនឹងជួបតទល់គ្នា។ ប៉ុន្តែយើងនឹងបន្តពិភាក្សាគ្នាដើម្បីរកដំណោះស្រាយ។
VOA៖ ចំពោះបញ្ហាពាណិជ្ជកម្មវិញ រដ្ឋបាលលោក ត្រាំ ត្រូវបានគេមើលឃើញថា មិនសូវនិយមចូលចិត្តពាណិជ្ជកម្មសេរីទេ លោកបានដកសហរដ្ឋអាមេរិកចេញពី ភាពជាដៃគូឆ្លងមហាសាគរប៉ាស៊ីហ្វិក (TPP) ជាដើម។ តើការណ៍នេះនាំឱ្យបង្កផលពិបាកដល់ទំនាក់ទំនងអាស៊ានអាមេរិកដែរឬទេ?
Jane Bocklage៖ ខ្ញុំគិតថា ទំនាក់ទំនងសេដ្ឋកិច្ចនឹងប៉ះពាល់ដល់ទំនាក់ទំនងរបស់យើងជាមួយអាស៊ាន។ ខ្ញុំនៅតែមានសុទិដ្ឋិនិយម។ ទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងជាមួយអាស៊ានគឺស៊ីជម្រៅណាស់ ហើយធ្វើឡើងក្នុងរូបភាពច្រើនបែប។ យើងបាននិយាយគ្នាមុននេះបន្តិចអំពីការវិនិយោគទុនរបស់អាមេរិកនៅក្នុងតំបន់ ក៏ដូចជាកិច្ចការមួយចំនួន ដែលយើងនឹងធ្វើជាមួយអាស៊ាន ដូចជាច្រកចេញចូលតែមួយរបស់អាស៊ាន ប្រព័ន្ធត្រួតពិនិត្យ សេដ្ឋកិច្ច គោលនយោបាយថាមពល ការច្នៃប្រឌិតថ្មី និងសហគ្រាស។
VOA៖ តើវិបត្តិនៅឧបទ្វីបកូរ៉េប៉ះពាល់យ៉ាងដូចម្ដេចដែរដល់អាស៊ាន?
Jane Bocklage៖ អាស៊ានត្រូវបានគំរាមកំហែងដោយសារបញ្ហាកូរ៉េខាងជើង។ អ្វីដែលសហរដ្ឋអាមេរិកយល់ថា ជាបញ្ហាប្រឈមដល់អាស៊ាន ដូចដែលយើងបានឃើញនោះ ជាអកុសល គឺការធ្វើឃាតជនជាតិកូរ៉េខាងជើងនៅអាកាសយានដ្ឋានកូឡាឡាំពួរ។ ហើយបញ្ហានេះគឺជារឿងមួយដែលគ្រប់គ្នាភ្ញាក់ផ្អើល ដែលឃើញថា របបគ្រប់គ្រងរបស់កូរ៉េខាងជើងគឺពិតជាហ៊ានខ្លាំងណាស់។ ហើយអាស៊ានប្រហែលជាភ្ញាក់ផ្អើលបន្តិចដែរ។
ដូច្នេះ យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធ។ ច្បាស់ណាស់ យើងប្រឈមនឹងការគំរាមកំហែង ខណៈពេលដែលគ្រាប់មីស៊ីល ដែលកូរ៉េខាងជើងបានផលិតឡើង មានសមត្ថភាពបាញ់បានឆ្ងាយ។ កូរ៉េខាងជើងបានអួតថា គ្រាប់មីស៊ីលនោះអាចបាញ់មកដល់សហរដ្ឋអាមេរិក។ បើសិនជាគ្រាប់មីស៊ីលនោះអាចបាញ់ដល់អាមេរិក នោះវាក៏អាចទៅដល់អាស៊ីអាគ្នេយ៍ដែរ។ ហើយអស្ថិរភាពនៅតំបន់កូរ៉េខាងជើង និងកូរ៉េខាងត្បូងមិនមែនជារឿងល្អសម្រាប់យើងទាំងគ្នានោះទេ។ ដូច្នេះ យើងនឹងបន្តកិច្ចខំប្រឹងប្រែងធ្វើការជាមួយនឹងដៃគូអាស៊ានរបស់យើងអំពីបញ្ហានេះ៕