ការតាមដានយ៉ាងតឹងតែង នាវិកដែលមានបទពិសោធន៍ និងក្ដីរំពឹងនៃក្រមប្រតិបត្តិពហុភាគី បានធ្វើឲ្យសមុទ្រចិនខាងត្បូងមានសុវត្ថិភាពជាងមុនសម្រាប់កប៉ាល់ដឹកជញ្ជូនទំនិញតាមសមុទ្រនានា ដែលក្នុងនោះមានទាំងកប៉ាល់មួយចំនួនផងដែរដូចជាកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ដែលបានបុកជាមួយនឹងកប៉ាល់ដឹកទំនិញរបស់ចិននៅក្នុងសមុទ្រភាគខាងកើតនៃប្រទេសចិនកាលពីពេលថ្មីៗនេះជាដើម ទោះបីជាជម្លោះផ្នែកនយោបាយនៅតែបន្តកើតឡើងក៏ដោយ។
កប៉ាល់ឯកជននានា ដែលក្នុងនោះរួមមានទាំងកប៉ាល់ដឹកប្រេងផងដែរ បានប្រើផែនទីសមុទ្រដែលគួរឲ្យទុកចិត្តបាននានា នៅពេលដែលនាវាទាំងនោះធ្វើដំណើរនៅក្បែរឆ្នេរសមុទ្រនៃប្រទេសណាដែលផ្ដល់ការអនុញ្ញាតឲ្យតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញនានា។
សូម្បីតែពេលដែលកប៉ាល់ទាំងនោះធ្វើដំណើរចូលក្នុងដែនទឹកទំហំ ៣ លាន ៥ សែនគីឡូម៉ែត្រការ៉េ ដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងក៏ដោយ ក៏ការតាមដានបែបជឿនលឿនខ្លាំងនាពេលបច្ចុប្បន្ននេះអាចតាមដានមើលឃើញហេតុការណ៍ណាមួយដែលបានកើតឡើងបាន ហើយរដ្ឋាភិបាលទាំង ៦ ភាគីដែលទាមទារកាន់កាប់ដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូងនេះ ជាទូទៅផ្ដល់តម្លៃលើបញ្ហាមនុស្សធម៌ជាងបញ្ហាជម្លោះដែនអធិបតេយ្យ។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញនានា។
ក្រុមអ្នកជំនាញបានបន្ថែមទៀតថា ក្រុមប្រតិបត្តិដែលកំពុងពិភាក្សាដោយប្រទេសចិន និងបណ្ដាប្រទេសទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថាអាស៊ាន នឹងផ្ដោតអាទិភាពលើបញ្ហាមនុស្សធម៌ និងការការពារមិនឲ្យមានឧបទ្ទវហេតុណាមួយកើតឡើង។ ប្រទេសចិន និងសមាគមអាស៊ានបានឯកភាពគ្នាកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ ក្នុងការធ្វើការលើក្រមប្រតិបត្តិនេះនៅក្នុងឆ្នាំនេះ។ ប្រទេសចំនួន ៤ នៅក្នុងសមាគមអាស៊ាន គឺជាភាគីជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងនេះផងដែរ។
លោក Oh Ei Sun សាស្ត្រាចារ្យផ្នែកសិក្សាកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Nanyang នៅក្នុងប្រទេសសិង្ហបុរី បាននិយាយថា៖ «នៅពេលដែលនិយាយដល់ស្ថានភាពមនុស្សធម៌ដូចនេះ រឿងនេះអាចជំរុញឲ្យភាគីជម្លោះទាំងនេះទុកទស្សនៈខ្វែងគំនិតគ្នារបស់ពួកគេមួយឡែកក្នុងរយៈពេលខ្លីមួយ និងព្យាយាមធ្វើការរួមគ្នា»។
កប៉ាល់ដឹកប្រេងមួយគ្រឿងរបស់ប្រទេសអ៊ីរ៉ង់បានផ្ទុះក្លាយជាអណ្ដាតភ្លើងកាលពីថ្ងៃទី ១៤ ខែមករាកន្លងទៅនេះ និងបានលិចចូលទៅក្នុងសមុទ្រចិនខាងកើតនៃទីក្រុងសៀងហៃ បន្ទាប់ពីកប៉ាល់នេះបានបុកជាមួយនឹងកប៉ាល់ដឹកទំនិញមួយគ្រឿងរបស់ប្រទេសចិនកាលពីពេលថ្មីៗនេះ។ ក្រុមអ្នកជួយសង្គ្រោះ និងរុករក មានក្ដីសង្ឃឹមតិចតួចបំផុតក្នុងការស្វែងរកនាវិកណាម្នាក់ដែលនៅរស់រានមានជីវិតក្នុងចំណោមនាវិកទាំង ៣២ នាក់នៃកប៉ាល់ដឹកប្រេងនេះ។ អាជ្ញាធរនៅតែបន្តស្វែងរកមូលហេតុដែលបណ្ដាលឲ្យមានហេតុការណ៍នេះកើតឡើងដដែល។
ប្រទេសចិន និងជប៉ុនមានជម្លោះដែនសមុទ្រជាមួយគ្នានៅក្នុងសមុទ្រចិនខាងកើត។ ការគ្រប់គ្រងដ៏មានប្រសិទ្ធភាពរបស់ប្រទេសជប៉ុន និងការហោះហើររបស់យន្តហោះយោធាចិនដើម្បីតតាំងនឹងការគ្រប់គ្រងរបស់ជប៉ុននេះ បានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹងឡើង។
ភាពតានតឹងនេះបានធ្វើឲ្យអាប់អួដល់បរិយាកាសដែលអាចជំរុញឲ្យប្រទេសចិន និងជប៉ុនដោះស្រាយឧបទ្ទវហេតុផ្សេងៗបាន ដូចជាហេតុការណ៍បុកកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ជាដើម។ នេះបើតាមការបញ្ជាក់របស់លោក Huang Kwei-bo ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យជាតិ Chengchi នៅកោះតៃវ៉ាន់។
បទពិសោធន៍រួមគ្នា
នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកសម្រាប់ចរាចរដឹកជញ្ជូនតាមសមុទ្រមួយភាគបីនៅលើពិភពលោក រដ្ឋាភិបាលនៃភាគីទាំង ៦ បានប្រជែងគ្នាដើម្បីអធិបតេយ្យភាពដែនសមុទ្រ។ ទំនិញដែលដឹកជញ្ជូនកាត់តាមសមុទ្រចិនខាងត្បូងនេះនៅក្នុងឆ្នាំ ២០១៦ មានទឹកប្រាក់ ៣,៣៧ លានលានដុល្លារអាមេរិក។ នេះបើយោងតាមការប៉ាន់ប្រមាណរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ CSIS ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។
អ្នកបើកកប៉ាល់មានបទពិសោធន៍ក្នុងការបើកកប៉ាល់ជៀសពីដែនទឹកដែលមានជម្លោះតាមតែអាចធ្វើទៅបាន។ នេះបើតាមការបញ្ជាក់របស់លោក Collin Koh អ្នកសិក្សាស្រាវជ្រាវផ្នែកសន្តិសុខដែនសមុទ្រនៃសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ក្នុងប្រទេសសិង្ហបុរី។
ប៉ុន្តែនៅពេលដែលមានខ្យល់ព្យុះ រលកធំៗ ឬក៏ការធ្វើនាវាចរណ៍ភ្លាមៗរបស់នាវាយោធាណាមួយ នាវាដឹកទំនិញនៅតែអាចប្រឈមនឹងហានិភ័យគ្រោះមហន្តរាយទាំងនោះដដែល។ នេះបើតាមការបញ្ជាក់របស់អ្នកសិក្សាស្រាវជ្រាវផ្នែកដែនសមុទ្រ។
ប៉ុន្តែ ភាគីជម្លោះមួយចំនួន ដោយមានការប្រយ័ត្នប្រយែងចំពោះគ្នាទៅវិញទៅមក បានបង្កើនការតាមដាននៅក្នុងសមុទ្រចិនខាងត្បូងដើម្បីអាចឲ្យពួកគេងាយស្រួលឃើញគ្រោះថ្នាក់ណាមួយកើតឡើងបាន។ គេកម្រឃើញមានចោរប្លន់តាមសមុទ្រ និងភេរវជនធ្វើសកម្មភាពនៅសមុទ្រចិនខាងត្បូងណាស់ ដែលចំណុចនេះមានលក្ខណៈខុសពីស្ថានការណ៍នៅតាមមហាសមុទ្រដទៃទៀត។ នេះបើតាមការបញ្ជាក់របស់លោក Huang Kwei-bo។
ប្រទេសចិន ដែលជាភាគីជម្លោះដ៏មានឥទ្ធិពលខ្លាំងជាងគេបំផុត ដោយបានពង្រីកការត្រួតត្រារបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងតាំងពីឆ្នាំ ២០១០ មក ជាទូទៅបានបញ្ជូននាវាការពារដែនសមុទ្រធ្វើដំណើរនៅពាសពេញផ្លូវទឹកនៃសមុទ្រចិនខាងត្បូងនេះ។ នាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលក្រុងប៉េកាំងបានសាងសង់ប្រព័ន្ធរ៉ាដានៅលើកោះតូចៗចំនួន ៣ នៅក្នុងប្រជុំកោះ Spratly នៃសមុទ្រចិនខាងត្បូង។ នេះបើតាមការបញ្ជាក់របស់អង្គការគំនិតផ្ដួចផ្ដើមតម្លាភាពដែនសមុទ្រអាស៊ី (Asia Maritime Transparency Initiative)។
ប្រទេសចិនមានគម្រោងដាក់ផ្កាយរណបចំនួន ១០ នៅលើសមុទ្រចិនខាងត្បូងពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១។ នេះបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។
សុវត្ថិភាព ឬក៏អធិបតេយ្យភាព
ទោះបីជាភាគីជម្លោះដទៃទៀតដែលមានប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងកោះតៃវ៉ាន់ ប្រឆាំងនឹងការពង្រីកខ្លួនរបស់ចិនចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនៃដែនសមុទ្ររបស់ខ្លួនក៏ដោយ ក៏ជាទូទៅ ប្រទេសទាំងនេះទុកការខ្វែងគំនិតគ្នាមួយឡែកនៅពេលដែលមានវិបត្តិកើតឡើង។ នេះបើតាមការបញ្ជាក់របស់លោក Collin Koh។
លោក Collin Koh បាននិយាយថា ការការពារមិនឲ្យមានឧបទ្ទវហេតុកើតឡើង «គឺជាការទទួលខុសត្រូវរួមរបស់ប្រទេសនីមួយៗ»។ ជាទូទៅ រដ្ឋាភិបាលប្រទេសនីមួយៗផ្ដល់ដំណឹងដល់នាវាមុជទឹក និងនាវាផ្សេងៗទៀតចំពេលដែលមានស្ថានការណ៍ណាមួយកើតឡើងភ្លាមៗតែម្ដង។
កោះតៃវ៉ាន់ ដែលកាន់កាប់កោះធំជាងគេបំផុតនៃប្រជុំកោះ Spratly នៅក្នុងសមុទ្រចិនខាងត្បូង បានជួយសង្គ្រោះនាវាដែលជួបបញ្ហារបស់ប្រទេសវៀតណាម ដែលជាប្រទេសមួយកាន់កាប់កោះតូចៗនៅក្បែរនោះ។ នេះបើតាមការបញ្ជាក់របស់ឆ្មាំការពារដែនសមុទ្រតៃវ៉ាន់។ កោះតៃវ៉ាន់បានបញ្ជាក់កាលពីឆ្នាំ ២០១៥ ថា សំណង់ថ្មីមួយនៅលើកោះ Taiping ឬក៏កោះ Itu Aba នេះ អាចប្រើសម្រាប់ជំនួយមនុស្សធម៌ និងជំនួយគ្រោះមហន្តរាយនានា។
នៅតាមតំបន់ផ្សេងទៀតក្នុងសមុទ្រចិនខាងត្បូង ទាហានជើងទឹកមកពីសហរដ្ឋអាមេរិកដែលមិនមែនជាភាគីជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងនេះ និងទាហានជើងទឹកមកពីប្រទេសវៀតណាមបានធ្វើសមយុទ្ធរួមគ្នាកាលពីឆ្នាំ ២០១៦ ដើម្បីរារាំងមិនឲ្យមានជម្លោះជាយថាហេតុណាមួយកើតឡើងក្នុងចំណោមនាវាដែលធ្វើដំណើរនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Stars and Stripes។
កាលពីឆ្នាំ ២០១៦ ប្រទេសចិន និងវៀតណាមបានបន្ថែមផ្នែករុករក និងជួយសង្គ្រោះទៅលើការល្បាតយោធាជើងទឹករួមគ្នាដែលមានអាយុកាលមួយទសវត្សរ៍របស់ពួកគេនៅក្នុងឈូងសមុទ្រតុងកឹង។ ប្រទេសវៀតណាមបានជួបប្រទះព្រឹត្តិការណ៍បុកនាវាដ៏ជូរចត់មួយកាលពីឆ្នាំ ២០១៤ ពាក់ព័ន្ធនឹងការសាងសង់សំណង់រុករកប្រេងរបស់ចិន។
កាលពីខែសីហា ឆ្នាំមុន ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីបានជួយសង្គ្រោះជនរងគ្រោះនៅក្នុងគ្រោះថ្នាក់បុកនាវារវាងកប៉ាល់ពិឃាដនៃទាហានជើងទឹករបស់សហរដ្ឋអាមេរិក USS John S McCain និងកប៉ាល់មួយគ្រឿងដែលចុះបញ្ជីនៅក្នុងប្រទេសនីហ្សេរីយ៉ា ទោះបីជាប្រទេសទាំងពីរបានប្រកែកគ្នាអំពីថាតើអ្នកណាជាអ្នកគ្រប់គ្រងកន្លែងកើតហេតុនោះក៏ដោយ។
ក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង
ក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូងនឹងធ្វើការកែសម្រួលបន្តិចបន្តួចចំពោះការការពារមិនឲ្យមានឧបទ្ទវហេតុណាមួយកើតឡើងបាន និងការឆ្លើយតបក្នុងគ្រាអាសន្ន ដោយមិនធ្វើឲ្យប៉ះពាល់ដល់ជម្លោះអធិបតេយ្យភាពនោះទេ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអាស៊ានកាលពីឆ្នាំមុន។ លោក Huang Kwei-bo បានបញ្ជាក់ថា គេនៅមិនទាន់ច្បាស់ទេថាតើក្រមប្រតិបត្តិនេះនឹងផ្ដោតលើកប៉ាល់ឯកជន និងកប៉ាល់ដឹកទំនិញដែរឬក៏យ៉ាងណានោះ។
លោក Huang Kwei-bo បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាវាជារឿងសមហេតុសមផលបំផុតដែលកប៉ាល់ដឹកប្រេងប្រើវិធីសាស្ត្រគ្រប់គ្រងគ្រោះមហន្តរាយ ឬវិធីសាស្ត្រគ្រប់គ្រងវិបត្តិដែលមានចែងនៅក្នុងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង»។
ក្រមប្រតិបត្តិនេះផ្អែកលើសេចក្ដីថ្លែងការណ៍របស់បណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំ ២០០២ ប៉ុន្តែរងការជំទាស់ពីប្រទេសចិនរហូតមកដល់ឆ្នាំមុន។ លោក Collin Koh បានប្រមើលមើលថា ក្រមប្រតិបត្តិនេះនឹងផ្ដោតលើបញ្ហាមនុស្សធម៌។
លោក Collin Koh បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា បញ្ហាមនុស្សធម៌គឺជារឿងដ៏ងាយស្រួលបំផុតមួយដែលបណ្ដាប្រទេសអាស៊ាន និងប្រទេសចិនកំពុងផ្ដោតលើនៅក្នុងសមុទ្រចិនខាងត្បូង។ ខ្ញុំគិតថា បញ្ហាមនុស្សធម៌នេះមិនមែនជាបញ្ហាធំដុំនោះទេពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងនេះ ដោយហេតុថា ដំណោះស្រាយបែបមនុស្សធម៌គឺជាចំណុចសំខាន់សម្រាប់ហេតុការណ៍ណាមួយដែលកើតឡើងជាយថាហេតុ មុនពេលដែលយើងនិយាយអំពីអធិបតេយ្យភាព និងបញ្ហាផ្សេងៗទៀត»៕
ប្រែសម្រួលដោយ ភី សុភាដា