ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន នៅថ្ងៃច័ន្ទនេះបានអំពាវនាវឡើងវិញឲ្យមានយុទ្ធនាការរួមប្រឆាំងនឹងការរាតត្បាតនៃជំងឺផ្តាសាយបក្សីបន្ទាប់ពីជំងឺនេះបានសម្លាប់ជនរងគ្រោះចំនួនប្រាំបីនាក់ហើយគិតចាប់តាំងដើមឆ្នាំ២០១៣នេះ។
ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រមួយក្នុងទីក្រុងភ្នំពេញលោកហ៊ុន សែន ជំរុញឲ្យស្ថាប័នរដ្ឋ គ្រូបង្រៀន ព្រះសង្ឃនិងបណ្តាញផ្សព្វផ្សាយរួមគ្នាទប់ស្កាត់ជំងឺប្រល័យនេះ។
«ធ្វើយ៉ាងម៉េចកុំឲ្យផ្ទុះអានេះកាន់តែធំដើម្បីចៀសវាងការរីករាលដាលដែលឈានទៅដល់មហន្តរាយសម្រាប់ជីវិតមនុស្សនិងសត្វ។ មនុស្សដែលមានជំងឺត្រូវរកពេទ្យឲ្យបានឆាប់។ ប្រព័ន្ធផ្សព្វផ្សាយត្រូវតែផ្សព្វផ្សាយឲ្យបានច្រើនបំផុត ទាំងតាមរយៈវិទ្យុនិងទូរទស្សន៍»។
គិតមកដល់ខែកុម្ភៈឆ្នាំ២០១៣នេះមានករណីឆ្លងជំងឺផ្តាសាយបក្សីចំនួនប្រាំបួនករណីនិងធ្វើឲ្យមនុស្សស្លាប់ចំនួនប្រាំបីនាក់។ ភាគច្រើនជាកុមារ។
លោកហ៊ុន សែនបញ្ជាក់ថាជំងឺនេះមិនត្រឹមតែកំពុងរាតត្បាតនៅប្រទេសកម្ពុជានោះទេប៉ុន្តែវាក៏កំពុងរាលដាលក្នុងប្រទេសមួយចំនួននៅមជ្ឈិមបូព៌ានិងនៅប្រទេសចិនផងដែរ។
ប្រទេសចិនកាលពីពេលថ្មីៗនេះបានដាក់បំរាមការនាំចូលស៊ុតពីប្រទេសកម្ពុជានិងឲ្យពង្រឹងការត្រួតពិនិត្យលើអ្នកដំណើរតាមយន្តហោះពីប្រទេសកម្ពុជាចូលក្នុងប្រទេសចិន។
ក្នុងពេលជាមួយគ្នានោះលោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យ ក្រុមប្រជាពលរដ្ឋធ្វើការប្រុងប្រយ័ត្ន។
«អ្នកដែលសំខាន់ជាងគេគឺប្រជាពលរដ្ឋតែម្តង។ បើឃើញមិនស្រួល មានសត្វស្លាប់ ឬសត្វឈឺត្រូវតែរាយការណ៍បន្ទាន់ទៅភ្នាក់ងារសុខភាពដែលនៅជិតបំផុត»។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ អនុប្រធាននាយកដ្ឋានទប់ស្កាត់ជំងឺឆ្លង នៃក្រសួងសុខាភិបាល មានប្រសាសន៍ថានៅមិនទាន់មានករណីឆ្លងថ្មីទេរហូតមកទល់ថ្ងៃនេះ។
«ចាប់តាំងពីករណីចុងក្រោយនៅថ្ងៃទី២៥កុម្ភៈរហូតដល់ថ្ងៃនេះអត់ទាន់មានករណីថ្មីទេ។ ខ្ញុំនៅតែពង្រឹងដដែលលើប្រព័ន្ធតាមដានរុករក ការអប់រំផ្សព្វផ្សាយនៅតាមវិទ្យុ ទូរទស្សន៍ ការអប់រំថ្នាក់ភូមិនៅតែបន្ត»។
ជំងឺផ្តាសាយបក្សីបានផ្ទុះជាលើកដំបូងនៅប្រទេសកម្ពុជានៅឆ្នាំ២០០៥ហើយរហូតមកទល់នឹងដើមឆ្នាំ២០១៣នេះជំងឺនេះបានសម្លាប់ប្រជាពលរដ្ឋកម្ពុជាចំនួន២៧នាក់។
ការផ្ទុះនៅដើមឆ្នាំនេះបង្កឲ្យមានអត្រាជនរងគ្រោះមានចំនួនច្រើនជាងឆ្នាំណាៗទាំងអស់៕