ភ្នំពេញ៖ រយៈពេលជិតពីរខែដើមឆ្នាំនេះ មានមនុស្សចំនួនប្រាំពីរនាក់បានស្លាប់ដោយសារផ្តាសាយបក្សី H5N1 ដែលទំនងជាសញ្ញាប្រកាសអាសន្នមួយនៃការផ្ទុះជំងឺគ្រុនផ្តាសាយបក្សីនៅកម្ពុជា។
ក្រសួងសុខាភិបាល ក្រសួងកសិកម្មកម្ពុជា និងអង្គការសុខភាពពិភពលោក WHOបាននិងកំពុងបង្កើនវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
កុមារាអាយុ២០ខែម្នាក់នៅខេត្តកំពតបានស្លាប់ដោយសារផ្តាសាយបក្សីកាលពីថ្ងៃទី១៩ខែកុម្ភៈនេះ។កុមារនេះជាមនុស្សទី៧នៅក្នុងឆ្នាំ២០១៣នេះដែលបានស្លាប់ដោយសារជំងឺនេះ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានឲ្យដឹងថា ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ក្រសួងសុខាភិបាលបានកំពុងបង្កើនការអង្កេតតាមដាន ព្យាបាល ផ្សព្វផ្សាយ និងអប់រំអំពីជំងឺនេះដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោកបានបញ្ជាក់ថា ការចូលរួមទប់ស្តាត់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានគឺជាចំណុចសំខាន់បំផុតដើម្បីជៀសវាងការឆ្លងជំងឺនេះ។
«យើងបានធ្វើការផ្សព្វផ្សាយអប់រំបន្តទៀត ឡើងវិញដល់សាធារណៈជនតាមវិទ្យុ និងទូរទស្សន៍ហើយយើងធ្វើការបណ្តុះបណ្តាលឡើងវិញដល់គ្រូពេទ្យអំពីការរុករកករណីសង្ស័យ និង ការព្យាបាលជាបន្ទាន់។ យើងមានមន្ត្រីរបស់យើងទូទាំងប្រទេសមានចំនួន១.៥០០នាក់ គឺយើងរាយគ្រប់ទាំងអស់ឲ្យតែមានកន្លែងណាផ្ទុះគឺថា មន្ត្រីនឹងចុះទៅធ្វើការឆ្លើយតបភ្លាមៗនៅទីតាំងនោះ។
ហេតុដូច្នេះហើយយើងពុំឃើញមានករណីក្រៅពីមួយករណីនៅភូមិនោះមានករណីផ្សេងទៀតដែល បានឆ្លងនោះទេ»។
កម្ពុជាបានរកឃើញអ្នកកើតជំងឺផ្តាសាយបក្សី H5N1 ជាលើកដំបូងនៅឆ្នាំ ២០០៥។ រហូតមកដល់ពេលនេះមានអ្នកឆ្លងជំងឺនេះចំនួន២៩ករណី ដោយនៅក្នុងនោះ២៦ករណីបានស្លាប់បាត់បង់ជីវិត។នៅក្នុងចំណោមអ្នកកើតជំងឺផ្តាសាយបក្សី H5N1ភាគច្រើនជាកុមារអាយុក្រោម១៤ឆ្នាំ។ លោក សូនី គ្រីស្សណាន់ (Sonny Krishnan) មន្ត្រីទំនាក់ទំនងរបស់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានឲ្យដឹងថា អង្គការសុខភាពពិភពលោក ក្រសួងកសិកម្ម និងក្រសូងសុខាភិបាល បាននិងកំពុងសហការគ្នាដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃផ្តាសាយបក្សី H5N1នៅកម្ពុជានៅពេលនេះ។
«មន្ត្រីមកពីក្រសួងកសិកម្មបានកំពុងសហការជាមួយក្រសួងសុខាភិបាលដើម្បីបង្កើតក្រុមការងារប្រតិកម្មរហ័សមួយនៅតាមបណ្តាលភូមិនានា ហើយមន្ត្រីបសុសត្វក៏កំពុងធ្វើការនៅកន្លែងមានករណីគ្រុនផ្តាសាយបក្សីដើម្បីស៊ើបអង្កេតអំពីករណីទាំងនោះ។ អ្វីដែលយើង (WHO) កំពុងធ្វើគឺបង្កើនការឃ្លាំមើលជំងឺនេះដល់មនុស្ស។ យើងកំពុងតែណែនាំមាតាបិតាកុំឱ្យបណ្តោយកូនលេងជាមួយបក្សី និងទុកកូនឱ្យនៅឆ្ងាយពីកន្លែងដែលបក្សីងាប់។ យើងណែនាំពួកគាត់កុំឱ្យបរិភោគបក្សីដែលឈឺឬងាប់»។
វីអូអេ សំឡេងសហរដ្ឋអាមេរិចមិនអាចសុំការអត្ថាធិប្បាយបន្ថែមពីមន្ត្រីនៃក្រសួងកសិកម្មបានដោយទូរស័ព្ទរោទិ៍ពុំមានអ្នកទទួល។
នៅដើមឆ្នាំនេះចំនួនជនរងគ្រោះដោយសារជំងឺផ្តាសាយបក្សីH5N1មានចំនួនច្រើនជាងចំនួនជនរងគ្រោះពេញមួយឆ្នាំនាពេលកន្លងមក។
ស្របពេលជាមួយគ្នានេះដែរក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាជាមួយអង្គការសុខភាពពិភពដោយព្រមានថា ផ្តាសាយបក្សីH5N1 នៅតែបន្តគំរាមគំហែងដល់សុខភាពប្រជាពលរដ្ឋកម្ពុជា។
ផ្តាសាយបក្សីH5N1គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងពីសត្វបក្សីឈឺទៅបក្សីផ្សេងទៀត។ ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស។ ផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឲ្យមានការព្យាបាលនៅមន្ទីរពេទ្យ។