ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំងឺ​ផ្តាសាយ​បក្សី​បាន​សម្លាប់​កុមារា​អាយុ​៩​ឆ្នាំ​ និង​មាន​ការ​ចម្លង​១៦​ករណី​យ៉ាងតិច


អ្នកចិញ្ចឹម​មាន់​​ពាក់​ម៉ាស់​ការពារ​ នៅ​​ពេល​ជំងឺ​ផ្តាសាយ​បក្សី​ H5N1​សម្លាប់​​កុមារ​​ម្នាក់នៅ​កម្ពុជា។ ​
អ្នកចិញ្ចឹម​មាន់​​ពាក់​ម៉ាស់​ការពារ​ នៅ​​ពេល​ជំងឺ​ផ្តាសាយ​បក្សី​ H5N1​សម្លាប់​​កុមារ​​ម្នាក់នៅ​កម្ពុជា។ ​
ក្មេង​ប្រុស​អាយុ​៩ឆ្នាំ​ម្នាក់​ ដែល​ជា​ជនរងគ្រោះ​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី ​H5N1​ ករណី​ទី​១៥​បាន​ស្លាប់​បាត់​បង់ជីវិតកាលពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ។​ កុមារនេះ​គឺជា​ជន​រងគ្រោះ​ក្នុង​ចំណោម​ករណី​ឆ្លង​សរុប​ចំនួន​១៦​ រហូត​មក​ទល់​ពេល​នេះ។ ​នេះ​បើយោងតាម​មន្ត្រី​ក្រសួង​សុខាភិបាល​និង​មន្ត្រី​នៃ​អង្គការ​សុខភាព​ពិភព​លោក​(WHO)​ដែល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទនេះ។​

កុមារា​នេះ​មាន​ស្រុក​កំណើត​នៅភូមិ​ដំណាក់ដង្កោ ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង ​និង​បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​កុមារវ័យ​វរ្ម័នទី​៧​ ក្នុង​ខេត្ត​សៀមរាប​ កាលពី​ម៉ោង​១១​យប់​ថ្ងៃ​អាទិត្យ។​ កុមារ​រង​គ្រោះ​បាន​ធ្លាក់​ខ្លួន​ឈឺ​គ្រុន​និង​ក្អួត​ចាប់តាំង​ពី​ថ្ងៃទី​២៦​ខែ​កក្កដានិង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ឯកជន​នៅ​ដើម​ខែ​សីហា​នេះ ​មុន​នឹង​ត្រូវបាន​បញ្ជូន​បន្តមក​កាន់​មន្ទីរពេទ្យ​កុមារ​ជ័យវរ្ម័ន​ទី​៧​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ដោយ​មាន​អាការៈ​គ្រុន ​ក្អក​ ក្អួត​ ឈឺពោះ ​និង​ស្ទះ​ដង្ហើម។​

លោក​វេជ្ជ​បណ្ឌិត​ Sonny Inbara Krishnan ​មន្ត្រី​អ្នក​នាំពាក្យ​អង្គការ​សុខភាព​ពិភព​លោក​ WHO​ ប្រចាំ​ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ក្នុង​សារ​អេឡិចត្រូនិក​មួយ​ដែល​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​ទទួល​បាន​នៅ​រសៀល​នេះ​ថា​ កុមារា​នេះ​ធ្លាក់ខ្លួន​ឈឺ​ក្រោយពីបាន​យក​សត្វមាន់​ និង​ទា​ឈឺ​ និង​ងាប់​ចេញ​ពី​ទ្រុង​ដើម្បី​ធ្វើ​ម្ហូប។​

កុមារា​ខាង​លើ​គឺជា​ជន​រងគ្រោះ​ស្លាប់​ទី​១០​ដោយ​ជំងឺផ្តាសាយ​បក្សីក្នុង​ប្រទេស​កម្ពុជា​គិត​ចាប់តាំង​ពី​ដើម​ឆ្នាំ​មក ​និង​ជា​កុមារ​ម្នាក់​ក្នុង​ចំណោម​កុមារ​ពីរ​នាក់​ដែល​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​ចុង​ក្រោយ​គេ។​

កុមារី​អាយុ​៥​ឆ្នាំ​ម្នាក់​មកពី​ស្រុក​ស្អាង ​ខេត្តកណ្តាលដែល​ត្រូវ​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កាលពី​ថ្ងៃ​ទី​១០​ខែ​សីហាថា​ បានឆ្លង​ជំងឺ​ផ្តាច់​ជីវិត​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ​ក្រុង​ភ្នំពេញ។​

លោក​វេជ្ជបណ្ឌិត​សុខ ទូច​ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខាភិបាល​ មាន​ប្រសាសន៍​ថា ​កុមារី​នេះមាន​សភាព​ធូរ​ស្បើយ​ច្រើន។​

លោក​និយាយថា៖​ «តាម​ដំណឹង​ពី​លោក​នាយក​មន្ទីរពេទ្យ​ឲ្យ​ដឹង​ថា ​កុមារី​នេះ​អាច​មាន​លទ្ធភាព​ជា​សះស្បើយ​បាន»។​

ចាប់​តាំងពី​ការ​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០០៣ ​ជន​រងគ្រោះ ដែល​ស្លាប់​ដោយ​ជំងឺ​ផ្តាសាយ​បក្សី​នៅ​កម្ពុជា​នៅ​ពេល​នេះ​ មាន​តួលេខ​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​មាន។​

កាលពី​ឆ្នាំ​២០១១​ អ្នក​ស្លាប់​ដោយសារ​ជំងឺនេះ​ជា​ឯតទគ្គកម្ម​ចំនួន​ប្រាំបី​នាក់។​

លោក​ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ មាន​ប្រសាសន៍​ថា​ ជំងឺ​ផ្តាសាយ​បក្សី​ H5N1​នៅតែ​ជា​ការ​គំរាម​កំហែងដល់​សុខភាព​ប្រជា​ពលរដ្ឋ​កម្ពុជា​នៅ​ឡើយ​ ជាពិសេស​គំរាម​កំហែង​ដល់​កុមារ៕
XS
SM
MD
LG