ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តីជំនាញ៖ រយៈពេល​៦ខែ​ដើមឆ្នាំ​នេះ ករណី​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​កើនឡើង​៣ដង


រូបឯកសារ៖ ជនរងគ្រោះ​ ដោយការជួញដូរមនុស្ស។
រូបឯកសារ៖ ជនរងគ្រោះ​ ដោយការជួញដូរមនុស្ស។

មន្រ្តី​ជំនាញ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ ករណី​ជួញ​ដូរ​មនុស្សក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០​២១​នេះ បាន​កើន​ឡើង៣​ដង បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២០ ដែល​នេះ​បង្ហាញ​ថា ​ប្រជា​ពលរដ្ឋ​បាន​ចំណាក​ស្រុក​ច្រើន ដោយ​សារ​ជួប​ប្រទះ​បញ្ហា​សេដ្ឋកិច្ច​ក្នុង​វិបត្តិ​ជំងឺ​កូវីដ​១៩។

អ្នកស្រី ​ជូ ប៊ុន​អេង​ រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្រ្តៃយ៍​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ករណី​នៃ​ការ​ជួញដូរ​មនុស្សក្នុង​រយៈពេល​ ៦ខែដើមឆ្នាំ២០២១ ​កើន​ឡើង​៣​ដង​ ដោយ​សារ​តែប្រជា​ជននៅ​តែចាញ់បោក​ល្បិច​របស់មេខ្យល់​ក្នុងការ​បញ្ចុះបញ្ចូល​ទៅ​រកការ​ងារធ្វើ​ ឬ​រៀបការ​ជាមួយ​ជន​បរទេស ​ដោយ​ខុស​ច្បាប់ជា​ដើម​។ ​

អ្នកស្រី​ថ្លែងថា៖ «៦ខែដើមឆ្នាំ គឺ​ករណី​ដែល​យើង​បង្ក្រាប​ករណីដែល​ជួញដូរ គឺ​មានរហូត​ដល់​ទៅ​១៩៣​ករណី ហើយ​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​មុនមាន​តែ៦៨ករណី។ អញ្ចឹង​មានន័យ​ថា ​វាខុស​គ្នាឆ្ងាយ គឺវាកើនឡើង៣ដង»។

អ្នកស្រី ​ជូ ប៊ុន​អេង​ បាន​បញ្ជាក់​ទៀត​ថា​ ការ​ចាញ់​បោក​មេ​ខ្យល់​ គឺ​ដោយ​សារ​តែ​ប្រជា​ពលរដ្ឋ​ខ្វះ​ការ​យល់ដឹង​ មាន​បញ្ហា​ផ្នែក​សេដ្ឋកិច្ច​ ជាមួយ​នឹង​ការសម្រេច​ចិត្តទាំង​ប្រថុយ​ប្រថាន​របស់​ពួក​គេ​។ អ្នក​ស្រី​បន្តថា ​ដំណាក់​កាល​នេះ​ ភាពប្រឈម​របស់ប្រជាពលរដ្ឋ មិនមែន​ត្រឹម​តែ​ចាញ់​បោក​មេខ្យល់យក​ទៅលក់ ឬទៅជួញដូរនោះទេ ប៉ុន្តែអាចរង​ហានិភ័យ​ ពាក់ព័ន្ធ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ជាពិសេស​ដាក់បន្ទុក​បន្ថែម​ដល់គ្រួសារ​ថែម​ទៀត​ផង។

អ្នកស្រី​បន្ត​ថា៖ «ប្រជាពលរដ្ឋ​មួយចំនួន​ធំ​ ត្រូវបានប្រជាពលរដ្ឋ​មួយ​ចំនួន ហៅថាកាត់បន្ថយផ្នែកសេដ្ឋ​កិច្ចរបស់​ពួកគាត់ ​ធ្វើ​ឲ្យពួកគាត់​ហ្នឹង​ កំពុង​គិត​ថា​ បើមាន​ឱកាស​គាត់​នឹង​សម្រេច​ចិត្ត​ថាធ្វើអ្វី។ ដល់​ពេល​ជនជួញ​ដូរ​មនុស្ស​ គឺធម្មតា គាត់​មាន​ល្បិច​កល​ ហើយគាត់​អូសទាញដោយ​យក​ការភូត​ភរ​ពីរឿង​ផល​ប្រយោជន៍ ដើម្បីឲ្យអ្នកខ្វះការ​យល់​ដឹង​ទៅ​តាម​»​។

អ្នកស្រីបន្ថែមថា៖ «អញ្ចឹង​វា​មានភាព​ប្រឈម​ធំ​ជាង​មុន​សម្រាប់​ពល​ករ ឬមួយ​អ្នកដែល​សម្រេច​ចិត្តចេញទៅ​[ចំណាក​ស្រុក​]...​បរទេស​ក្នុង​ពេល​នេះ​ ដែល​ហៅ​ថា​ ជា​ឱកាស​របស់​មេ​ខ្យល់​ផង​ ហើយ​ក៏​វាពាក់​ព័ន្ធ​នឹង​[ការ]​ទទួល​វិញ​នូវ​ផល​វិបាក​ ដែល​គាត់​ត្រឡប់​មក​វិញ​ ទាំង​មិន​បាន​ការងារ​ ទាំង​នាំ​យក​មេរោគ​មក ហើយ​ដាក់បន្ទុក​បន្ថែម​ទៅ​លើ​គ្រួសារថែមទៀត»។

រូបឯកសារ៖ ពលករ​ចំណាកស្រុក​ខ្មែរ ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​មកដល់​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា-​ថៃ នៅក្រុង​ប៉ោយប៉ែត ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។
រូបឯកសារ៖ ពលករ​ចំណាកស្រុក​ខ្មែរ ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​មកដល់​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា-​ថៃ នៅក្រុង​ប៉ោយប៉ែត ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។

អ្នកស្រី មាស សាអ៊ីម ​អនុ​ប្រធាន​ផ្នែក​ស្រ្តី ​និង​កុមារ​នៃ​សមាគម​អាដហុក​ ដែល​ធ្វើ​ការ​លើ​ការ​ជួយ​ពលរដ្ឋ​ខ្មែរ​ដែល​ចាញ់​បោក​គេ​នៅ​បរទេស ​មាន​ប្រសាសន៍​ថារដ្ឋាភិបាល​ត្រូវ​តែ​ផ្តល់​ការ​ទំនុក​បម្រុង និង​បង្កើត​ឱកាសការងារ​ទៅ​ដល់​ប្រជាពលរដ្ឋ ដើម្បី​អាចឲ្យពលរដ្ឋប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​សមរម្យ ហើយនេះ​ជា​វិធីសាស្រ្ត​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់​ស្កាត់​ និង​ការ​បង្ក្រាបការ​ជួញ​ដូរមនុស្ស​។ អ្នកស្រីបាន​ថ្លែងថា៖

«​ទីមួយ ត្រូវ​មាន​ការ​ងារ​សមស្រប ហើយ​ត្រូវ​មា​នទីផ្សារការងារ​ ហើយ​មាន​ប្រព័ន្ធធារាសាស្រ្ត​ មាន​ការផ្គត់ផ្គង់​ពូជស្រូវ ដីធ្លី​ឲ្យ​ពួក​គាត់​[ប្រជាពលរដ្ឋ] ​ឲ្យបាន​ពេញលេញ និង​សម​ស្រប​ទៅ​នឹងលទ្ធភាព សមត្ថភាព​របស់​ពួកគាត់​។ ទីពីរ​ទាក់​ទង​ការ​ជួយសង្គ្រោះ ​ហើយ​នឹងអន្តរាគមន៍​ក្រោយ​ពេល​ជួយ​មកវិញហ្នឹង​ គឺ​ត្រូវ​មើល​ថ្លឹង​ថ្លែង​ផ្តល់​សេវា​ពេញលេញ​ ក្នុង​នោះដែរ​មាន​ទាំង​សេវាសុខភាពផ្លូវ​កាយ​ ផ្លូវ​ចិត្ត​ ទាំងសេវា​ផ្នែកច្បាប់ បាន​ន័យ​ថា​ ស្វែង​រកយុត្តិធម៌​ ការ​ទាម​ទារ​សំណង​កុំឲ្យ​ចំណាយរយៈ​ពេល​យូរ​ យឺត​យ៉ាវ​សម្រាប់​ពួកគាត់។ អញ្ចឹង​នីតិវិធីហ្នឹង ​ត្រូវ​ពង្រឹង និង​ពន្លឿន​ផងដែរ»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ស្រ្តី​ខ្មែរចំនួន១២​នាក់ ត្រូវ​បាន​ជួយ​សង្រ្គោះ​ពី​ការ​ជួញ​ដូរ​ក្នុង​ប្រទេស​ចិន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បាន​បង្ហោះ​សារ​នៅ​ក្នុង​ប្រព័ន្ធ​តេឡេក្រាម​(Telegram)​ ជា​ការ​ផ្តល់​ដំណឹង​ដល់​អ្នក​សារព័ត៌​មាន​ថា ​ស្ថានអគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ឆុ​ង​ឈីង​ ប្រទេស​ចិន ​បាន​ជូន​ដំណឹង​មក​ថា​ ស្ថាន​អគ្គ​កុង​ស៊ុល​ បាន​សហ​ការ​ជាមួយ​អាជ្ញាធរ​ចិន ជួយ​សង្គ្រោះស្ត្រី​ខ្មែរ​ចំនួន​១២​នាក់​ ដែល​រង​គ្រោះ​ដោយ​ការ​ជួញ​ដូរ។ លោក​បន្ថែម​ថា ​ពួកគេ​នឹង​វិលត្រឡប់ទៅកម្ពុជា​វិញ ដែល​គ្រោង​មក​ដល់​នៅ​ថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​៣:៣០​នាទី​ល្ងាច តាម​ជើង​យន្តហោះ។

ទោះ​ជាយ៉ាង​ណា លោក កុយ គួង មិន​បាន​បញ្ជាក់​ថា ​ស្រ្តី​ខ្មែរ​ទាំង​១២​នាក់​នោះ រង​គ្រោះ ដោយការ​ជួញដូរ​ប្រភេទ​ណា​នោះ​ទេ។

លោក កុយ គួង ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​លោក​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​អំពី​ស្រ្តី​ទាំង​១២​នាក់​នោះ​ទេ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ​រយៈពេល​៦​ខែ​ដើមឆ្នាំ២០២១នេះ គឺ​ចាប់ពី​ខែ​មករា​ដល់ខែ​មិថុនា ​ស្រ្តីខ្មែរដែលត្រូវបាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​ចិន​សរុប​ចំនួន​២៣០​នាក់​។ ​

កាល​ពី​ឆ្នាំ​២០១៩ ប្រទេសកម្ពុជា​បាន​កត់​ត្រា​ថា ​ស្រ្តី​ខ្មែរ​១១១​នាក់ ​បាន​វិល​ត្រឡប់​ពី​ប្រទេស​ចិន​មក​កម្ពុជា​វិញ​ ដោយពួកគេ​អះអាង​ថា ត្រូវ​បាន​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​ជនជាតិ​ចិន។ របាយ​ការណ៍​របស់​ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​ឈ្មោះ​ UN-ACT ​ដែល​ផ្សាយ​កាល​ពី​ឆ្នាំ​ ២០១៦ ​បាន​លើក​ឡើង​ថា​ ស្រ្តី​ខ្មែរ​ទៅ​ប្រទេស​ចិន​ដោយ​សារ​ចាញ់​បោក​មេ​ខ្យល់ ​ដែល​សន្យា​បោក​ប្រាស់​ថា​ ពួកគេ​នឹង​ទទួល​បាន​ការងារ​មាន​ប្រាក់​ខែ​ច្រើន។​

របាយ​ការណ៍​បន្ត​ថា ​ស្រ្តី​ខ្មែរ​មួយ​ចំនួន​ក៏​បាន​យល់​ព្រម​រៀប​ការ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​ប្រាប់​ព័ត៌មាន​ខុស​ដោយ​ថា​ ពួកគេ​នឹង​មាន​ជីវភាព​ល្អ​ពេល​រៀប​ការ​ជាមួយ​ស្វាមី​ចិន ​ប៉ុន្តែ​ការ​ពិត ​ពួក​គេ​បាន​ធ្លាក់​ជា​ជន​រង​គ្រោះ​វិញ​ ដោយ​រៀបការ​ជាមួយ​បុរស​ជន​ជាតិ​ចិន ​ដែល​ក្រីក្រ​នៅ​តាម​ជន​បទ។​ របាយ​ការណ៍​ឲ្យ​ដឹង​ទៀត​ថា​ បុរស​ជន​ជាតិ​ចិន​បាន​ឲ្យ​ប្រាក់​ទៅ​មេ​ខ្យល់​ពី​១ម៉ឺន​ ទៅ​២ ​ម៉ឺន​ដុល្លារ​ ដើម្បី​ឲ្យ​ទាក់ទង​ស្រ្តី​ខ្មែរ​រៀប​ការ​ជាមួយ​ខ្លួន។

កាល​ពី​ចុង​ខែ​មិថុនា ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក បាន​ចេញ​របាយ​ការណ៍​ស្តី​ពី​ការ​ជួញ​ដូរ​មនុស្ស​ ដោយ​បាន​បង្ហាញ​ថា ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់​ទីពីរ​ក្នុង​បញ្ជី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​សម្រាប់​ឆ្នាំ​២០១៧ ​ដែល​មិន​មាន​អ្វី​ប្រែ​ប្រួល​ប្រសើរ​ជាង​ឆ្នាំ​មុន​នោះ​ទេ។​ របាយ​ការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​បាន​បន្ត​ស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់​ទីពីរ​ក្រោមការ​ឃ្លាំមើល​ ដោយ​សារ​តែ​រដ្ឋាភិ​បាលកម្ពុជា​មិន​បាន​បំពេញ​តាម​និយាម​អប្បបរិមា​ក្នុង​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស​ទេ​ ដូចជាការ​មិន​ស៊ើប​អង្កេត​ ឬ​យក​មក​កាត់​ទោស​ក្រុម​មន្ត្រីដែល​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ជាដើម។

របាយ​ការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិកស្តីពី​ការ​ប្រឆាំងការ​ជួញដូរ​ម​នុស្ស​ បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការជួយ​ជន​រងគ្រោះ​ ក៏ដូច​ជា​បង្កើន​សេវា​ដែល​មាន​ស្រាប់​សម្រាប់​ជួយ​ជន​រងគ្រោះ​ដែល​ជា​បុរស។​ អនុ​សាសន៍​សំខាន់ៗនោះ​រួមមាន​ អាជ្ញាធរ​កម្ពុជា​ត្រូវ​តែកាត់​ទោស​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ទាំង​ឡាយ​ពាក់​ព័ន្ធ​ការ​ជួញដូរ​មនុស្ស ហើយ​ផ្តល់​អំណាច​ដល់​ការ​ប្រើ​ប្រាស់​បច្ចេកទេស​ស៊ើប​អង្កេត​ដោយ​សម្ងាត់​ក្នុង​ការ​អនុវត្ត​ន៍ច្បាប់​ប្រឆាំង​ការ​ជួញដូរ និង​ការ​បង្កើត​នីតិវិធី​ជា​ប្រព័ន្ធ​ ហើយ​បែង​ចែក​ធនធាន ​ដើម្បី​ជួយ​ពលរដ្ឋ​កម្ពុជា​រងគ្រោះ​ តាម​បេសក​កម្មការ​ទូត​នៅ​បរទេស​ និង​ក្នុង​ប្រទេស​ទាំងឡាយ​ណា​ ដែលមិន​មាន​តំណាងការទូត​កម្ពុជា​នៅទីនោះ៕

XS
SM
MD
LG