ប្រទេសកម្ពុជាស្ថិតនៅក្នុងលំដាប់ថ្នាក់ទីពីរក្នុងបញ្ជីប្រឆាំងការជួញដូរមនុស្សសម្រាប់ឆ្នាំ២០១៧ដែលមិនមានអ្វីប្រែប្រួលបានប្រសើរជាងឆ្នាំមុនទេ។
របាយការណ៍ស្តីពីការប្រឆាំងនឹងការជួញដូរមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលចេញផ្សាយនៅថ្ងៃអង្គារនេះបញ្ជាក់ថាការណ៍នេះដោយសារតែរដ្ឋាភិបាលកម្ពុជាមិនបានបំពេញតាមនិយាមអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្សទេក្នុងនោះមានដូចជា ការមិនស៊ើបអង្កេត ឬយកមកកាត់ទោសក្រុមមន្ត្រី ដែលពាក់ព័ន្ធនឹងបទល្មើសទេ។
របាយការណ៍បានបន្ថែមទៀតថា ការជួញដូរកម្លាំងពលកម្មជនជាតិខ្មែរនៅបរទេសនៅបន្តមានដោយសារតែមន្ត្រីការងារមិនបានត្រួតពិនិត្យទីភ្នាក់ងារជ្រើសរើសពលករឱ្យបានដិតដល់ហើយដោយសារតែទីភ្នាក់ងារទាំងនោះលក់សិទ្ធិបន្តទៅឱ្យមេខ្យល់ជាដើម។
របាយការណ៍នេះបន្ថែមថា៖
«អំពើពុករលួយនៅគ្រប់កម្រិតទាំងអស់នៃរដ្ឋាភិបាលបានដាក់កំហិតដល់លទ្ធភាពរបស់មន្ត្រីក្នុងការចាប់ជនល្មើសឱ្យទទួលខុសត្រូវ»។
សមត្ថភាពទន់ខ្សោយរបស់មន្ត្រីស្ថានទូតកម្ពុជានៅក្រៅប្រទេសក៏ជាផ្នែកមួយនៃការបន្តឱ្យមានការជួញដូរមនុស្សនេះដែរ។
របាយការណ៍បានបញ្ជាក់ថា៖
«ស្ថានបេសកកម្មការទូតកម្ពុជានៅក្រៅប្រទេសបន្តខ្វះខាតធនធាន ឬសមត្ថភាពក្នុងការផ្តល់ជំនួយជាមូលដ្ឋាន ឬធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះនៅឡើយ បើទោះបីជារដ្ឋាភិបាលខិតខំបណ្តុះបណ្តាលអ្នកការទូតពីការការពារពលករចំណាកស្រុកក៏ដោយ»។
ប៉ុន្តែក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានទទួលស្គាល់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាតាមរយៈការកាត់ទោសជនល្មើសធម្មតាក្នុងចំនួនយ៉ាងច្រើន ហើយបានផ្តល់ថវិកាបន្ថែមទៀតដល់គណៈកម្មាធិការជាតិប្រឆាំងនឹងការជួញដូរមនុស្ស និងបង្កើតនូវផែនការសកម្មភាពជាតិសម្រាប់ទប់ស្កាត់រាល់ទម្រង់នៃការជួញដូរមនុស្ស។
ក្នុងឆ្នាំ២០១៦កន្លងមកនេះរដ្ឋាភិបាលកម្ពុជាបាននាំយកជនល្មើសមកកាត់ទោសបានចំនួន៥៣នាក់ដែលមានចំនួនធ្លាក់ចុះបន្តិច បើប្រៀបធៀបនឹងឆ្នាំ២០១៥ ដែលមានចំនួន៦៩នាក់។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានស្នើឱ្យរដ្ឋាភិបាលកម្ពុជាបង្កើនសេវាជួយជនរងគ្រោះបុរសជាពិសេសក្រុម ដែលត្រូវគេកេងប្រវ័ញ្ចនៅលើទូកនេសាទ ហើយកម្ពុជាគួរតែផ្តល់ធនធានបន្ថែមទៀតជួយដល់ជនរងគ្រោះកម្ពុជានៅក្រៅប្រទេសតាមរយៈបេសកកម្មការទូតនៅក្រៅប្រទេស និងប្រទេសដែលកម្ពុជាមិនមានស្ថានបេសកកម្មការទូត។