នៅក្នុងរបាយការណ៍ប្រចាំឆ្នាំចុងក្រោយ ស្តីពីអំពើជួញដូរមនុស្សក្នុងពិភពលោក សហរដ្ឋអាមេរិក បានចាត់ទុកប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណាត់ថ្នាក់ ដែលមានការប្រឹងប្រែងទប់ស្កាត់អំពើជួញដូរមនុស្សដែរ តែមិនទាន់ដល់កម្រិតស្តង់ដា ឬហៅថា Tear 2 ក្រោមការឃ្លាំមើលនៅឡើយទេ។
បើតាមរបាយការណ៍ចុងក្រោយសម្រាប់ឆ្នាំ២០២០ នេះ ដែលចេញផ្សាយនៅសប្តាហ៍នេះ ក្រសួងការបរទេសអាមេរិក បានចាប់ផ្តើមពីការបញ្ជាក់ចំៗថា រដ្ឋាភិបាលកម្ពុជា មិនបានចាត់វិធានការដល់កម្រិតស្តង់ដាអប្បរមាពេញលេញ ក្នុងការកម្ចាត់ការជួញដូរមនុស្សនៅឡើយទេ។
បញ្ហាទាំងនោះរាប់បញ្ចូលទាំងបញ្ហាគ្មានកិច្ចប្រឹងប្រែងប្រមូលទិន្នន័យ ឬ ចែករំលែកព័ត៌មានសំខាន់ៗអំពីកិច្ចប្រឹងប្រែងរបស់អាជ្ញាធរ អំពើពុករលួយនាំឲ្យរំខានដល់ប្រតិបត្តិការរបស់មន្ត្រីអនុវត្តន៍ច្បាប់ ដំណើរការនីតិវិធីព្រហ្មទណ្ឌ ហើយនឹងការផ្តល់សេវាកម្មដល់ជនរងគ្រោះ។ របាយការណ៍ ក៏បានបន្ថែមថា ការមិនបានស៊ើបអង្កេតទាក់ទងនឹងការជួញដូរ ការមិនបានបង្កើតប្រព័ន្ធឃ្លាំមើលតុលាការ ដែលនាំឲ្យជនសង្ស័យរួចខ្លួន ហើយនឹងបញ្ហាផ្សេងៗទៀត ដែលមិនបោះជំហានរីកចម្រើនតាំងពីពេលចេញរបាយការណ៍ឆ្នាំមុន ដែលការណ៍នេះ នាំឲ្យកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ប្រឹងប្រែងតិចតួច ឬ ហៅថា Tear 2 Watchlist។
ទោះជាយ៉ាងនេះក្តី របាយការណ៍ក្រសួងការបរទេសអាមេរិក ក៏បានទទួលស្គាល់ថាអាជ្ញាធររដ្ឋាភិបាល មានការប្រឹងប្រែងលើវិស័យខ្លះដែរ ដូចជាការបន្តចាប់កាត់ទោសអ្នកជួញដូរ ការបង្កើតផែនការសកម្មភាព៥ឆ្នាំ ហើយនឹងបច្ចេកវិជ្ជាប្រមូលព័ត៌មាន។
នៅក្នុងការបើកសម្ភោធរបាយការណ៍ឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានថ្លែងថា ក្នុងរយ:ពេល២០ ឆ្នាំកន្លងទៅនេះ របាយការណ៍ស្តីពីការជួញដូរមនុស្ស បានបង្ហាញឲ្យសហរដ្ឋអាមេរិកជឿថា អំពើជួញដូរមនុស្ស គឺជាការគំរាមដល់ពិភពលោក ដែលតម្រូវឲ្យមានការឆ្លើយតបជាសកល។ លោកបានបន្ថែមតាមខ្លឹមសារដើមទៀតថា ក្រុមអ្នកជួញដូរ កំពុងរារាំងមនុស្សចំនួនជិត២៥ លាននាក់ ចាប់ពីសិទ្ធិជាមូលដ្ឋានរបស់ជនរងគ្រោះ ដល់សិទ្ធិសេរីភាពពួកគេ និង បង្ខំឲ្យជនរងគ្រោះរស់នៅក្នុងជីវិតទាសភាព ដើម្បីបម្រើឲ្យផលប្រយោជន៍ដល់ក្រុមអ្នកជួញដូរពួកគេ៕