ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ​បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ជិត​ខាង​បិទ​ច្រក​របៀង​ខុស​ច្បាប់


រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា អមដំណើរនាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣។
រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា អមដំណើរនាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ចេញ​បញ្ជា​ឱ្យ​បិទ​ច្រក​របៀង​ខុស​ច្បាប់​ទាំង​អស់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ជិត​ខាង ក្រោយ​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​កើត​ឡើង។ នេះ​បើ​តាម​លិខិត​មួយ​ច្បាប់​របស់​ក្រសួង​ទៅ​កាន់​អភិបាល​នៃគណៈ​អភិបាល​ខេត្ត ចុះថ្ងៃទី​៣​ ខែតុលា ឆ្នាំ​២០២៣។

បើ​តាម​លិខិត​ដដែល ក្រសួង​បាន​រក​ឃើញ​ភាពមិន​ប្រក្រតី​មាន​ដូច​ជា​ ការ​លួច​លាក់​បើក​ដំណើរ​ការ​ច្រក​របៀង​ខុស​ច្បាប់​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ខេត្តជាប់​ព្រំដែន​មួយ​ចំនួន​និង​ការ​យក​កម្រៃ​ក្រៅ​ផ្លូវការ​ពី​ពលករ​ និង​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ពេល​ឆ្លង​កាត់​ចេញ​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន។ ក្រសួង​បន្ថែម​ថា ​កត្តា​ទាំង​នេះ​បាន​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់​ធ្នាប់​សាធារណៈ និង​របៀប​រៀបរយ​តាម​ព្រំដែន។

លិខិត​ដដែល​បញ្ជាក់​ថា៖ «ត្រូវ​បិទ​ច្រក​របៀង​ខុស​ច្បាប់​ទាំង​អស់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ក្នុង​ករណី​ចាំបាច់​ ត្រូវ​ធ្វើ​ការ​សិក្សា​ ស្រាវជ្រាវ​ និង​វាយ​តម្លៃ​លើ​សក្តានុពល​សេដ្ឋកិច្ច​និង​សង្គម​របស់​ច្រក​ដែល​មាន​ស្រាប់​ រួច​លើក​សំណើ​មក​ក្រសួង​មហាផ្ទៃ​ ដើម្បី​មាន​មូលដ្ឋាន​សិក្សា​និង​លើក​យោបល់​ជូន​ថ្នាក់ដឹកនាំ​ ពិនិត្យ​ សម្រេច​ ក្នុង​ការ​បង្កើត​ជាច្រក​ទ្វារ​ព្រំដែន​ផ្លូវ​ការ»។

ក្រៅ​ពីនេះ​ ក្រសួង​ក៏​ជំរុញ​ឱ្យ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ឱ្យ​បាន​ម៉ឺង​ម៉ាត់​ក្នុង​ការ​បង្ក្រាប​សកម្ម​ភាព​មេខ្យល់​ និង​អ្នក​សម​គំនិត​ដែល​អូស​ទាញ​ប្រជាពលរដ្ឋ​ឱ្យ​ឆ្លង​ព្រំដែន​ខុស​ច្បាប់​តាម​គ្រប់​រូបភាព។

លិខិត​របស់​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា៖ «ស្រប​គ្នា​នេះ​ដែរ​ ត្រូវ​ធ្វើ​ការ​អប់រំ​ ណែនាំ​ និង​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ជាប់​ជាប្រចាំ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នៅ​ពេល​ចេញ​ចូល​ឆ្លង​កាត់​ព្រំ​ដែន​ ត្រូ​វមាន​ឯកសារ​ស្រប​ច្បាប់​ដែល​ចេញដោយ​ក្រសួង​ស្ថាប័ន​និង​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ ដើម្បី​ចៀស​វាង​ការ​ជួញដួរ​មនុស្ស​ ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ ការ​ប្រព្រឹត្ត​បទល្មើស​ និង​ផល​វិបា​ក​ផ្សេង​ៗ​នៃ​ការ​ឆ្លង​ដែ​ន​ខុស​ច្បាប់»។

​អភិបាល​រង​និង​ជាអ្នកនាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មានជ័យ​ លោក លី សុវណ្ណារិទ្ធ​ ប្រាប់​វីអូអេថា​ នៅក្នុង​ខេត្ត​របស់​លោក​មិនមាន​ច្រក​របៀង​នោះ​ទេ និង​ថា​អាជ្ញាធរ​នឹង​ពង្រឹង​បន្ថែម​ទៀត​ទៅ​តាម​បទ​បញ្ជា​របស់​ក្រសួង​មហាផ្ទៃ។

លោក​ថ្លែង​ថា៖ «អា​ហ្នឹង​ជា​ការ​គោរព​តាម​បទ​បញ្ជា​របស់​ថ្នាក់​លើ ​ត្រូវ​តែធ្វើ​ម៉េច​អនុវត្ត​ឱ្យបាន​តាមការ​ណែនាំ​ តាម​ខ្លឹមសារ​លិខិត»។

ចំណែក​អភិបាល​រង​និង​ជាអ្នកនាំ​ពាក្យ​សាលា​ខេត្ត​ឧត្តរមានជ័យ​ លោក ឌី រ៉ាដូ​ ថ្លែង​ថា​ច្រក​របៀង​នៅ​ក្នុង​ខេត្ត​របស់​លោក​មិន​មាន​នោះ​ទេ គឺមានតែ​ច្រក​អន្តរ​ជាតិ​ប៉ុណ្ណោះ។ លោក​បន្ត​ថា​ អាជ្ញាធរ​ថ្នាក់​ខេត្ត​នឹង​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ។

លោក​បញ្ជាក់​ថា៖ «ពាក់ព័ន្ធនឹង​លិខិត​របស់​ក្រសួង​មហាផ្ទៃ​នេះ គឺថា ​រដ្ឋបាល​ខេត្ត​របស់​យើង​បាន​ទទួល​ហើយ​ គឺ​យើ​ង​នឹង​អនុវត្ត​ទៅ​តាម​សេចក្តី​ណែនាំ​ហ្នឹង»។

​លោក​ ឌីថេ ហូយ៉ា ​មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ ​និង​សិទ្ធិ​មនុស្ស ​(សង់​ត្រាល់) ​លើក​ឡើង​ថា​ ការ​បិទ​ច្រក​របៀង​ជា​មធ្យោបាយ​មួយ​ ប៉ុន្តែ​លោក​ថា​មិន​មែន​ជា​ដំណោះ​ស្រាយ​យូរ​អង្វែង​នោះ​ទេ។ លោក​បន្ថែម​ថា​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ គឺជា​ដំណោះ​ស្រាយ​ដ៏ល្អ​ផង​ដែរ។

លោក ឌីថេ ហូយ៉ា បន្ថែម​ថា ​រដ្ឋាភិបាល​ត្រូវ​តែ​ចាត់​វិធានការ​ចំពោះ​អំពើ​ជួញដូរ​មនុស្ស​ ជាពិសេស​មេខ្យល់​ ហើយ​លោក​ក៏​ជំរុញ​រដ្ឋា​ភិបាល​ឱ្យ​ស្វែង​យល់​ពី​មូលហេតុ​ដែលនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ។

លោក​ថ្លែង​ថា៖ «អាហ្នឹង​រដ្ឋាភិបាល​ត្រូវ​តែគិត​គូរ​ពិចារណា ដឹង​អំពី​ឫសគល់​នៃ​បញ្ហា​ ហើយ​ដោះ​ស្រាយ​ឱ្យ​ចំ​បញ្ហា​ ទើប​អាច​ដោះស្រាយ​បាន។ ប៉ុន្តែ​បើសិន​បើត្រឹម​តែ​ទប់​ស្កាត់​ច្រក​របៀង​ហ្នឹង​ទេ​ វា​ហាក់​ដូច​យើង​ផាត់​ចក ហើយ​វា​ត្រូវ​មក​វិញ»។

​បើ​តាម​មន្ត្រី​សង់ត្រាល់​រូប​នេះ រដ្ឋាភិបាល​ត្រូវ​តែ​ដោះ​ស្រាយ​រឿង​ការងារ​ធ្វើ​របស់​ប្រជាពលរដ្ឋ ទើប​អាច​កាត់​បន្ថយ​ការ​ចំណាក​ស្រុក​បាន៕

XS
SM
MD
LG