ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ស ខេង ​ថា ​​រដ្ឋមន្រ្តី​ក្រសួង​ពាក់ព័ន្ធ​បាន​អនុញ្ញាត​ឲ្យ​នាំ​ចូល​សារធាតុ​ផ្សំ​ផលិត​គ្រឿង​ញៀន​ក្នុង​ប្រទេស​កម្ពុជា​


លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​ស៊ុយអែត លោក Anders Ygeman នៅ​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។ (Reuters)
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​ស៊ុយអែត លោក Anders Ygeman នៅ​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។ (Reuters)

លោក ​ស ខេង ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ទម្លាយ​ថា​ មាន​ការ​នាំ​ចូល​សារធាតុ​ដែល​អាច​ផ្សំ​ជា​គ្រឿង​ញៀន​ក្នុង​ប្រទេស​កម្ពុជា​ហើយ​លោក​បាន​ស្តី​បន្ទោស​ថា រដ្ឋមន្រ្តី​ក្រសួង​ពាក់ព័ន្ធ​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​បាន​អនុញ្ញាត​ឲ្យ​នាំ​ចូល​សារធាតុ​ទាំង​នោះ​ដោយ​ស្រប​ច្បាប់។​

លោក ​ស ខេង ​បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ពិធី​ប្រគល់​រថយន្ត​ជូន​វរសេនា​តូច​នគរបាល​ការពារ​ព្រំដែន​ ធ្វើ​ឡើង​នៅ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។​

លោក​ ស ខេង​ ឲ្យ​ដឹង​ថា​ កម្លាំង​សមត្ថកិច្ច​ចាប់​បាន​សារ​ធាតុ​សម្រាប់​ផ្សំ​ផលិត​គ្រឿង​ញៀន ​ដែល​លោក​ថា​ ចូល​មក​ដោយ​ស្រប​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​ជាង​១០០​តោន ​កាល​ពី​កន្លង​ទៅ។ ​ លោក​បន្ថែម​ថា​កាល​ពី​បី​ថ្ងៃ​មុន​អាជ្ញាធរ​ចាប់​បាន​សារធាតុ​ផ្សំ​ផលិត​គ្រឿង​ញៀន​ជាង​១០០​គីឡូ​ក្រាម។​

លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​ស្តី​បន្ទោស​រដ្ឋមន្រ្តី​នានា ​ដែល​លោក​ថា​ ផ្តល់​អាជ្ញាបណ្ណ​សម្រាប់​ការ​នាំ​ចូល​សារធាតុ​ញៀន​ទាំង​នោះ។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​សួរ​ថា​ អ្នក​ណា​ទទួល​ខុស​ត្រូវ​ក្នុង​ការ​នាំ​សារធាតុ​ញៀន​ហ្នឹង​មក? ​ ខ្ញុំ​គិត​ថា​ត្រូវ​រក​ឲ្យ​ឃើញ​អ្នក​ទទួល​ខុសត្រូវ​ ព្រោះ​នាំគ្នា​ស៊ីញ៉េ​អនុញ្ញាត​ឲ្យ​គេ​នាំ​ចូល​មក…»។​

លោក ​ស ខេង​ បន្ថែម​ថា៖​ «អ៊ីចឹង​ហើយ​សូម​ឲ្យ​ក្រសួង​ដែល​ជា​ក្រសួង​អាជ្ញា​បណ្ណ​...​ ខ្ញុំ​និយាយ​ប៉ុណ្ណឹង​ ខ្ញុំ​មិន​បាច់​និយាយ​ឈ្មោះ​ទេ ​ដឹង​ហើយ​ក្រសួង​អាជ្ញា​បណ្ណ។​សូម​ឯក​ឧត្តម​រដ្ឋមន្រ្តី​មើល​រឿង​ហ្នឹង។​បើ​មិន​អ៊ីចឹង​ទេ ​ ឯកឧត្តម​ជាប់​ជំពាក់​ទទួល​ខុសត្រូវ​ចំពោះ​សង្គម​កម្ពុជា​ទាក់​ទង​នឹង​ការ​បំផ្លាញ​សុខភាព​សាធារណៈ»។​

លោក ​ស ខេង​ បន្ថែម​ថា​អាជ្ញាធរ​គ្រឿង​ញៀន​ត្រូវ​តែ​មើល​រឿង​នេះ​ឲ្យ​បាន​ច្បាស់​លាស់ ​ ហើយ​ដឹង​ថា​ តើ​សារធាតុ​អ្វី​ខ្លះ ​ដែល​អាច​យក​មក​ផ្សំ​ធ្វើ​គ្រឿង​ញៀន​បាន​ហើយ​ឲ្យ​ក្រសួង​ដែល​ចេញ​អាជ្ញា​បណ្ណ​ដឹង ​និង​ត្រូវ​ពិនិត្យ​មើល​សារធាតុ​ទាំង​នោះ។ ​ លោក​បន្ថែម​ថា​ មាន​ការ​សុំ​សារធាតុ​មក​ធ្វើ​ជី ​ តែ​ធាតុ​ពិត​យក​មក​ធ្វើ​ជា​គ្រឿង​ញៀន។​

លោក​រដ្ឋមន្រ្តី​បញ្ជា​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​ពាក់ព័ន្ធ​ពិនិត្យ​មើល​រឿង​នេះ ​ហើយ​«កុំ​មើល​ស្រាល​ឲ្យ​សោះ»។​

អនុ​រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​ លោក​ ប៉ែន សុវិជាតិ ​ប្រាប់​វីអូអេ​ថាក្រសួង​ពាណិជ្ជ​កម្ម​នឹង​សិក្សា​ករណី​នេះ។ ​ប៉ុន្តែ​លោក​ថា ​វា​ស្ថិត​ក្នុង​សមត្ថ​កិច្ច​គយ។​

លោក​ថ្លែង​ថា៖​ «ចំពោះ​ករណី​ដែល​នាំ​ចូល​សារ​ជាតិ​ដែល​ពាក់​ព័ន្ធ​ថ្នាំ​ញៀន​នេះ​ យើង​មិន​ទាន់​បាន​ពិនិត្យ​ពិចារណា​ជាក់​ស្តែង​នៅ​ឡើយ​ទេ។​ ករណី​នេះ​យើង​នឹង​ធ្វើ​ការ​សិក្សា។ ប៉ុន្តែ​ខ្ញុំ​សូម​ជម្រាប​ថា​ កាតព្វ​កិច្ច​សំខាន់​បំផុត​របស់​ស្ថាប័ន​ពាក់​ព័ន្ធ​គឺ​ស្ថិត​នៅ​ដៃ​របស់​អាជ្ញាធរ​គយ ​និង​រដ្ឋាករ​ ដែល​ធ្វើ​កិច្ច​ការ​នេះ​ផ្ទាល់​ នៅ​តាម​ព្រំ​ដែន»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ​គន់ ញឹម​រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ​និង​ជា​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​បាន​នៅ​ឡើយ​ទេ។ វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​វេង សាខុន ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ​និង​លោក ​មាស សុខសេនសាន​ អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​បាន​ដែរ។​

លោក​ មាស​ វីរិទ្ធ ​អគ្គ​លេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា ​ប្រាប់​វីអូអេ​ថា​ដោយ​សារ​តែ​ភាព​ឆក​ល្វែង​របស់​សមត្ថ​កិច្ច​ថ្នាក់​ក្រោម ​ ទើប​បាន​បណ្តាល​ឲ្យ​សារធាតុ​ផ្សំ​គ្រឿង​ញៀន​ជា​ច្រើន​ធ្លាក់​ទៅ​ក្នុង​ដៃ​ក្រុម​ឧក្រិដ្ឋ​ជន។​លោក​បន្ថែម​ថា​ មិន​តែ​ប៉ុណ្ណោះ​ ក្រសួង​ពាក់​ព័ន្ធ​នានា​ដែល​បាន​ផ្តល់​អាជ្ញា​បណ្ណ​សម្រាប់​ការ​នាំ​ចូល​សារធាតុ​ផ្សំ​គ្រឿង​ញៀន ​មិន​បាន​ត្រួត​ពិនិត្យ ​ឬ​តាម​ដាន​ និង​ធ្វើ​របាយ​ការណ៍​ជាក់​លាក់​អំពី​តម្រូវ​ការ​ប្រើ​ប្រាស់​ពិត​ប្រាកដ​ក្នុង​វិស័យ​នីមួយៗ​ ដែល​បណ្តាល​ឲ្យ​មាន​ការ​ចែក​ចាយ​នូវ​សារធាតុ​ញៀន​ទាំង​អស់​នោះ។

លោក​បញ្ជាក់​ថា៖ «ពីព្រោះ​ថា​សា​ធាតុ​គីមី គឺ​ជា​អាវុធ​មុខ​ពីរ​ គេ​ប្រើ​ប្រាស់​វា​ក្នុង​វិស័យ​ឧស្សាហកម្ម​ សិប្ប​កម្ម និង​វិស័យ​ផ្សេង​ៗ​ទៀត​ដែល​មាន​តម្រូ​វ​ការ​ក្នុង​ផ្នែក​ស្រប​ច្បាប់​។ ប៉ុន្តែ​ពេល​ខ្លះ​ពេល​ដែល​គេ​ប្រើ​មិន​អស់​ គេ​អាច​លក់​ទៅ​ឲ្យ​អ្នក​ដែល​មាន​តម្រូវ​ការ​ប្រើ​ប្រាស់​វា​ហ្នឹង​។ សកម្មភាព​ហ្នឹង​គេ​ហៅ​ថា​ការ​បង្វែរ​ពី​ការ​ប្រើប្រាស់​ក្នុង​មុខ​សញ្ញា​ស្រប​ច្បាប់ ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត​ដែល​មិន​ដឹង​មុខ​សញ្ញា​ប្រើ​ប្រាស់។ អ៊ីចឹង​វា​អាច​ជា​មុខ​សញ្ញា​លក់​បន្ត ឬ​មុខ​សញ្ញា​យក​ទៅ​ផលិត​កែ​ច្នៃ​គ្រឿង​ញៀន»។

លោក​ថ្លែង​បន្ត​ថា៖ «អ៊ីចឹង​ហើយ​បាន​សម្តេច [ស ខេង] ចង់​មាន​ប្រសាសន៍​ថា​ត្រូវ​មាន​យន្តការ​ជាក់​លាក់​មួយ​ក្នុង​ការ​តាម​ដាន​ ត្រួត​ពិនិត្យ​ ទាំង​ការ​ចេញ​អាជ្ញា​បណ្ណ ទាំង​ការ​ពិនិត្យ​ច្រក​ដែល​នាំ​ចូល​ ពិនិត្យ​មុខ​សញ្ញា​នៃ​ការ​ប្រើ​ប្រាស់​ ពិនិត្យ​ទាំង​បរិ​មាណ​នៃកា​រ​ប្រើ​ប្រាស់​ ត្រូវ​ពិនិត្យ​បរិមាណ​ដែល​នៅ​សេស​សល់​ បើ​គាត់​ឈប់​ប្រើ​ប្រាស់​ហើយ គាត់​នៅ​សល់​ប៉ុន្មាន​ ដើម្បី​យើង​មាន​វិធាន​ការ​។ លើក​ក្រោយ យើង​អត់​អាច​ឲ្យ​គាត់​លើស​ទេ។ បើ​តម្រូវ​ការ​គាត់​ប្រើ​១​តោន ពេល​ខ្លះ​យើង​មិន​បាន​គិត​គូរ​ យើង​ទៅ​តាម​គាត់​ប្រើ​ប្រាស់​១​តោន សុំ​ឲ្យ​២​តោន​ទៅ អ៊ីចឹង​១​តោន​ទៀត​ គាត់​អាច​លក់​ឲ្យ​អ្នក​ផ្សេង​ទៀត​ ប៉ុន្តែ​គ្រាន់​តែ​ថា​លក់​ហ្នឹង​ឲ្យ​ទៅ​អ្នក​ប្រើ​ប្រាស់​ស្រប​ច្បាប់​ដូច​គាត់​ឬមិន​ស្រប​ច្បាប់»។

លោក​បន្ត​ថា​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿង​ញៀន​ គឺ​ដូច​សារ​ធាតុគីមី​ផ្សំ​ដែល​ប្រើប្រាស់​ក្នុងវិស័យ​សុខា​ភិបាល​ ជា​សមត្ថកិច្ច​របស់​ក្រសួង​សុខា​ភិបាល​ដែល​មាន​សិទ្ធិ​ក្នុង​ការ​អនុញ្ញាត​ផ្តល់​អាជ្ញា​បណ្ណ និង​ត្រួត​ពិនិត្យ ហើយ​បើ​ប្រើប្រាស់​ក្នុង​ក្រសួង​ឧស្សាហកម្ម​ គឺ​ក្រសួង​ឧស្សាហកម្មជា​អ្នក​ត្រួត​ពិនិត្យ និង​ផ្តល់​សិទ្ធិ​ដល់​សហ​គ្រាស​ទាំង​នោះ។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អង្គការ​លីកា​ដូ​ លោក ​អំ សំអាត ​ មើល​ឃើញ​ថា​បញ្ហា​នេះ ដោយ​សារ​ភាព​ឆក់​ល្វែង​ក្នុង​ការ​ត្រួត​ពិនិត្យ​នូវ​ការ​នាំ​ចូល​សារធាតុ​ញៀន​ទាំង​នោះ។​លោក​បន្ថែម​ថា​អាច​មាន​មន្ត្រី​ខិល​ខូច​មួយ​ចំនួន​ឃុប​ឃិត​ជាមួយ​ក្រុមហ៊ុន​ ដែល​បញ្ហា​នេះ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ និង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​តឹង​រ៉ឹង​ដោយ​មិន​មាន​ការ​យោគ​យល់​នោះ​ទេ។​

លោក​ថ្លែង​ថា៖​ «ទី​១​ ជា​ការ​ឆក​ល្វែង ​ ជា​ការ​ខ្វះ​ខាត​លើ​ការ​ត្រួត​ពិនិត្យ​លើ​ក្រុម​ហ៊ុន​ដែល​មាន​អាជ្ញា​បណ្ណ​ក្នុង​ការ​នាំ​ចូល​សារធាតុ​ញៀន ​ សារធាតុ​គីមី​ផ្សេងៗ​ និង​វត្ថុ​ធាតុ​ដើម​ផ្សេងៗ​ដែល​អាច​ផលិត​ទៅ​ជា​គ្រឿង​ញៀន​បាន។​ទី​២​ទាក់​ទង​ការ​គ្រប់​គ្រង​ផ្ទាល់​ជាមួយ​នឹង​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែរ​ ដូច​យើង​មើល​នៅ​ខេត្ត​កំពង់ស្ពឺ​អី​សុទ្ធ​តែ​ជា​ក្រុមហ៊ុន​ បែរ​ជា​យក​ទីតាំង​ក្រុមហ៊ុន​ផលិត​គ្រឿង​ញៀន​ដ៏​ធំ​ទៅ​វិញ។​ អាហ្នឹង​កង្វះ​ការ​ត្រួត​ពិនិត្យ​តាម​ដាន​ហ្នឹង។​ហើយ​បញ្ហា​ទី៣​ វា​អាច​ទាក់​ទង​មន្ត្រី​ ឬ​បុគ្គល​ខ្លះ​ ដែល​ទទួល​ផល​ប្រយោជន៍​ ឬ​ក៏​ឃុប​ឃិត​ជាមួយ​ជន​ទុច្ចរិត ​ក្នុង​ការ​ទទួល​លាភ​សក្ការៈ»។​

បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​ អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ប្រមាណ​៥៥%​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​សរុប​ប្រមាណ​៣៨.០០០​នាក់​នៅ​ទូទាំង​ប្រទេស ​ពាក់​ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន។​ ដូច្នេះ​លោក​ថា​គ្រឿង​ញៀន​«កំពុង​វាយ​លុក​សង្គម​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ»៕

XS
SM
MD
LG