ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ស ខេង បង្ហើប​ពី​រឿង​ប្រទេស​ឡាវ​«បណ្ដោយ»​គ្រឿង​ញៀន​ហូរចូល​កម្ពុជា


រូបឯកសារ៖ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និយាយជាមួយ​អ្នកសារព័ត៌មានក្នុងពិធីកម្ទេចផលិតផល និងថ្នាំពេទ្យក្លែងក្លាយក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និយាយជាមួយ​អ្នកសារព័ត៌មានក្នុងពិធីកម្ទេចផលិតផល និងថ្នាំពេទ្យក្លែងក្លាយក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។

ក្នុងឆ្នាំ២០២០ នេះ សមត្ថកិច្ច​កម្ពុជា រឹបអូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ចំនួន​៦៨២​គីឡូក្រាម រឹបអូស​កញ្ឆា​ចំនួន​២៨៦​គីឡូក្រាម ក្នុង​ការបង្ក្រាប​ចំនួន​៦៧៣៧​ករណី ដែល​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​១៣៤៦០​នាក់។ នេះ បើ​យោង​តាម​តួលេខ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន គិតត្រឹម​ថ្ងៃទី​១៧ ខែសីហា។

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក ​ស ខេង​ បាន​បង្ហើប​នូវ​ព័ត៌មាន​ថា​ ចំណាត់ការ​បង្ក្រាប​គ្រឿង​ញៀន​របស់​អាជ្ញាធរ​ឡាវ​បាន​«បណ្ដោយ»​ឱ្យ​មាន​កំណើន​នៃ​លំហូរ​គ្រឿងញៀន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។​

ថ្លែង​នៅ​ក្នុង​ពិធី​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្ត​ក្រចេះ ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​លោក ​ស ខេង ​បាន​លើក​ឡើង​ថា​ កិច្ច​សហការ​ជាមួយ​ប្រទេស​ឡាវ​ក្នុង​ការ​បង្ក្រាប​គ្រឿង​ញៀន​«ពេល​ខ្លះ​មាន​បញ្ហា»​ ហើយ​ថា​ ឡាវ​ជា​ប្រភព​ធំ​បំផុត​នៃ​គ្រឿង​ញៀន ​ដែល​ត្រូវ​គេ​លួច​នាំចូល​មក​កម្ពុជា​ ទោះ​ប្រទេស​ជិត​ខាង​នេះ​ បាន​ប្រឹងប្រែង​បង្ក្រាប​ក៏​ដោយ។​

«ពេល​ដែល​ខ្ញុំ​ជួប​ប្រជុំ​ជា​មួយ​គាត់​ប្រចាំ​ឆ្នាំ​ ខ្ញុំ​ក៏​បាន​លើក​ឡើង​ទាក់ទង​នឹងចំនួន​គ្រឿង​ញៀន ​ដែល​យើង​ចាប់​បាន​ហើយ​ ប្រភព​មក​ពី​ឡាវ ។ ​គាត់​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ​ហើយ​ក៏​បាន ​ហាក់​ដូច​សម្ដែង​ការ​មិន​សូវ​សប្បាយ​ តែ​គាត់​ក៏​បាន​លើក​ឡើង​ថា​ដោយ​សារ​គាត់​បាន​ចាប់​នៅ​ស្រុក​គាត់​មួយ​ចំនួន​ហើយ​ បាន​នៅ​សល់​ប៉ុណ្ណឹង​មក​កម្ពុជា។​ អ៊ីចឹង​ចាត់​ទុក​ថា ​កម្ពុជា​មាន​សំណាង​ទៅ​វិញ។ ​គាត់​ថា ​អ៊ីចឹង​ទៅ​វិញ»។​

ទោះ​លោក ​ស ខេង​ មិន​បាន​បញ្ជាក់​ឈ្មោះ​មន្ត្រី​ឡាវ​រូប​ណា ​តែ​ជា​ការ​កត់​សម្គាល់ ​លោក​បាន​ទៅ​បំពេញ​ទស្សន​កិច្ច​ការងារ​នៅ​ប្រទេស​ឡាវ​កាល​ពីដើម​ខែ​មីនា ​និង​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​សមភាគី​របស់​លោក ​គឺ​លោក ​Vilay Lakhamfong ​រដ្ឋមន្ត្រី​ក្រសួង​សន្ដិសុខ​សាធារណៈ​របស់​ឡាវ។​

លោក​ ស ខេង​ ដែល​ជា​ឧប​នាយក​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​ផង​ដែរ​បាន​បន្ថែម​ថា៖​

«តែ​ការណ៍​ពិត​ គឺ​ថា​យើង​ដឹង​ពី​ព័ត៌មាន​មក​គឺ​ថា បើ​ថា​ចែក​ចាយ​ក្នុង​ស្រុក ​គាត់​ ចាប់។​ តែ​បើ​ថា​មក​កម្ពុជា​គាត់​បណ្ដោយ​ឱ្យ​មក។ ​នេះ​ក្រៅ​ផ្លូវ​ការ​ទេ​ណា៎។ ​ហើយ​មក​ដល់​យើង​នេះ ​វា​ចែកចាយ​មក​វៀតណាម​ផង​ ចែកចាយ​ទៅ​ថៃ​ផង»។​

រូបឯកសារ៖ គ្រឿងញៀនដែល​ត្រូវបានរឹបអូស ហើយ​ត្រូវបានដុតបំផ្លាញនៅក្នុងទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។
រូបឯកសារ៖ គ្រឿងញៀនដែល​ត្រូវបានរឹបអូស ហើយ​ត្រូវបានដុតបំផ្លាញនៅក្នុងទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

ការ​ថ្លែង​របស់​ឧប​នាយក​រដ្ឋមន្ត្រី​រូប​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​លោក​បាន​សម្តែង​ក្ដី​កង្វល់​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គ្រឿង​ញៀន​ត្រូវ​បាន​ចែក​ចាយ​ប្រើប្រាស់​ចូល​ទៅ​ដល់​សហគមន៍​លឿន​ជាង​ជំងឺ​រាតត្បាត​កូវីដ១៩​ទៅ​ទៀត។

លោក ​មាស វីរិទ្ធ ​អគ្គ​លេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា​បដិសេធ​មិន​អធិប្បាយ​បន្ថែម​លើ​ប្រសាសន៍​លោក ​ស ខេង​ នោះ​ទេ​ តែ​បាន​លើក​ឡើង​ថា ​ប្រទេស​ឡាវ​ និង​កម្ពុជា​ មាន​កិច្ច​សហ​ប្រតិបត្តិការ​ជាក់​ច្បាស់​លើ​ការ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន។ ​មន្ត្រី​ជាន់ខ្ពស់​ប្រឆាំង​គ្រឿង​ញៀន​របស់​កម្ពុជា​រូប​នេះ​បាន​ប្រាប់ ​VOA​ ថា៖​

«តែ​ចំពោះ​ការ​អនុវត្ត​ផ្ទាល់​ គឺ​យើង​ច្រើន​តែ​សង្កេត​ឃើញ​ថា ​កម្ពុជា​ច្រើន​តែ​ចាប់​បាន​ហើយ​ខាង​សមត្ថកិច្ច​ឡាវ​ចាប់​មិន​សូវ​បាន។​ អ៊ីចឹង​យើង​ពិនិត្យ​ផ្ទៀងផ្ទាត់​មើល​ថា ​មូលហេតុ​អ្វី​បាន​គេ​មិន​ចាប់»។​

បើ​យោង​តាម​លោក​ មាស​ វីរិទ្ធ ​លំហូរ​នៃ​គ្រឿងញៀន​ចេញ​ពី​ឡាវ​មក​កម្ពុជា ​មាន​ប្រភព​ពី​ប្រទេស​ភូមា​ក្នុង​តំបន់​ត្រីកោណមាស​ប្រសព្វ​ព្រំដែន​ជាមួយ​ថៃ​និង​ឡាវ ​និង​ត្រូវ​បាន​ប្រតិបត្តិ​ដោយ​ក្រុម​ឧក្រិដ្ឋជន​ ដែល​មាន​អង្គការ​ចាត់​តាំង​ចម្រុះ​ជាតិ​សាសន៍​ដើម្បី​ដឹក​ជញ្ជូន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។​

«នៅ​ឡាវ ​ខាង​[ឧក្រិដ្ឋជន]​ឡាវ​នោះ​ គាត់​ធានា​រ៉ាប់រង​ក្នុង​ការ​ដឹក​ជញ្ជូន​ឆ្លង​កាត់​ព្រំដែន​ឡាវ​ចូល​មក​កម្ពុជា។ ​ខាង​កម្ពុជា ​មាន​ក្រុម​អា​ប្រចាំការ​នៅ​កម្ពុជា​ហ្នឹង​ ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ពី​តំបន់​ព្រំដែន​មក​កាន់​ទីក្រុង​និង​ទៅ​រក​ច្រក​ដើម្បី​ចេញ»។

លោក​ Jeremy Douglas ​តំណាង​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​និង​ប៉ាស៊ីហ្វិក​ នៃ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​ (UNODC) ​បង្ហាញ​ក្តី​បារម្ភ​ជា​ពន្លឹក​អំពី​ការ​ហក់​ឡើង​យ៉ាង​គំហុក​នៃ​ចរាចរណ៍​គ្រឿងញៀន​ពាស​ពេញ​តំបន់​មេគង្គ​ជាពិសេស ​ពី​ឡាវ​ចូល​មក​ប្រទេស​កម្ពុជា​នា​ឆ្នាំ​២០២០​នេះ។​

មន្ត្រី​ជំនាញ​របស់​អ.ស.ប.​រូប​នេះ​ បាន​បញ្ជាក់​ប្រាប់ ​VOA ​តាម​សារ​អេឡិចត្រូនិក​ថា៖​

«បញ្ហា​ចរាចរណ៍​និង​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ស្ថានភាព​មិន​ល្អ​នោះ​ទេ ​គឺ​ជាក់​ស្ដែង​ពិត​ជា​អាក្រក់​មែន​ទែន។ ​ ប៉ុន្តែ​ជា​ជាង​ស្ថាន​ការណ៍​ដែល​មាន​ក្នុង​ពេល​នេះ ​ យើង​បារម្ភ​ថា​ វា​អាច​នឹង​កាន់​តែ​អាក្រក់»​ ​ខណៈ​ក្រុម​ឧក្រិដ្ឋជន​កំពុង​ចាប់​យក​ទឹកដី​ឡាវ​ជា​មូលដ្ឋាន​ថ្មី​។

លោក​ Jeremy Douglas ​បាន​បន្ថែម​ថា​ ការ​ចរាចរណ៍​ចេញ​ពី​រដ្ឋសាន​របស់​មីយ៉ាន់ម៉ា​តែម្ដង ​បាន​ផ្លាស់ប្ដូរ​ទិស​ដៅ​ទៅ​ឆ្លង​កាត់​តាម​ប្រទេស​ឡាវ​វិញ​ ដើម្បី​គេច​ចេញ​ពី​ការ​យាមកាម​តឹងរ៉ឹង​របស់​កងកម្លាំង​សន្តិសុខ​ព្រំដែន​របស់​ថៃ ​ហើយគ្រឿង​ញៀន​ចេញ​ពី​ឡាវ ​បាន​ចូល​ទៅ​ប្រទេស​វៀតណាម ​មក​ប្រទេស​កម្ពុជា ​និង​ភាគ​ឦសាន​ប្រទេស​ថៃ។

មន្ត្រី​ជំនាញ​របស់​អ.ស.ប.​រូប​នេះថា​ «ក្រុម​ឧក្រិដ្ឋជន​ទាំងនេះ​មិន​រារែក​នឹង​សូក​ប៉ាន់​មន្ត្រី​ពុក​រលួយ​ដើម្បី​ជំនួញ​ខ្លួន​នោះ​ទេ។ ​ ហើយ​ខណៈ​ដែល​ជំនួញ​គ្រឿងញៀន​នៅ​តាម​បណ្ដោយ​អាង​ទន្លេ​មេគង្គ​កំពុង​ពង្រីក​ខ្លួន​ ទ្រព្យ​សម្បត្តិ​ពួកគេ​ក៏​កើន​ឡើង​ ហើយ​សមត្ថភាព​លទ្ធភាព​របស់​ពួក​គេ​ក្នុង​ការ​សូកប៉ាន់​មន្ត្រី​ក៏កើន​ឡើង​ទៅ​តាម​នោះ​ដែរ»។​

លោក​ មាស វីរិទ្ធ ​បាន​ទទួល​ស្គាល់​ថា​ កន្លង​មក​មាន​ករណី​ ដែល​មន្ត្រី​យោធា​ និង​នគរបាល​កម្ពុជា ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ខ្សែ​បណ្ដាញ​ឧក្រិដ្ឋ​កម្ម​គ្រឿងញៀន ​តែ​ថា​រដ្ឋាភិបាល​នឹង​អនុវត្ត​ទោស​«ដោយ​មិន​លើកលែង»​លើ​ពួកគេ​ បើ​សិន​ជា​រក​ឃើញ​ថា​ បាន​ប្រព្រឹត្ត​ល្មើស​«ក្បត់​វិជ្ជាជីវៈ»​មែន​នោះ។​

VOA​ មិនទាន់​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពីស្ថានទូត​ឡាវ​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ និង​ក្រសួង​ការ​បរទេស​ឡាវ​នៅ​ក្នុង​ទីក្រុង​វៀង​ចន្ទន៍​បាន​ទេ​ ដោយ​សារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។ ​

រូបឯកសារ៖ សកម្មភាព​បង្ក្រាប​របស់​សមត្ថកិច្ច​នៃ​បញ្ជាការ​ដ្ឋាន​កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លើ​ក្រុម​មេក្លោង​ធំ​ជួញដូរ​គ្រឿងញៀន នៅ​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​កង​រាជអាវុធ​កម្ពុជា)
រូបឯកសារ៖ សកម្មភាព​បង្ក្រាប​របស់​សមត្ថកិច្ច​នៃ​បញ្ជាការ​ដ្ឋាន​កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លើ​ក្រុម​មេក្លោង​ធំ​ជួញដូរ​គ្រឿងញៀន នៅ​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​កង​រាជអាវុធ​កម្ពុជា)

ក្នុង​ឆ្នាំ​២០២០​នេះ ​ សមត្ថកិច្ច​កម្ពុជា ​រឹបអូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ចំនួន​ ៦៨២​គីឡូក្រាម​រឹប​អូស​កញ្ឆា​ចំនួន​២៨៦​គីឡូ​ក្រាម ​ក្នុង​ការ​បង្ក្រាប​ចំនួន​៦៧៣៧​ករណី​ ដែល​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​១៣៤៦០​នាក់។ ​នេះ​បើ​យោង​តាម​តួលេខ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ គិតត្រឹម​ថ្ងៃទី​១៧​ខែសីហា។

យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ដែល​បាន​រន្ថើន​ឡើង​តាំង​ពី​ឆ្នាំ​២០១៧​មក​នោះ​ បាន​បង្ក​ការ​កកស្ទះ​នៅ​តាម​ពន្ធនាគារ​នានា​ទូទាំង​ប្រទេស ​ដែល​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ បាន​បរិហារ​អំពី​ភាព​ចង្អៀត​ណែន អំពើ​ពុក​រលួយ​ក្នុង​ការ​បង្ក្រាប​ និង​ការ​អូស​បន្លាយ​សំណុំ​រឿង​ក្ដី។ ​តែ​ក្រុម​មន្ត្រី​អ្នក​មុខ​អ្នក​ការ​កម្ពុជា​ ក៏​បាន​ចេញ​មក​បដិសេធ​ការ​លើក​ឡើង​នេះ​ផង​ដែរ៕

XS
SM
MD
LG