ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះបានសម្រេចបង្កើតគណៈកម្មការដើម្បីបង្កើនការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញនៅតាមបណ្តាបណ្តារាជធានី-ខេត្តនៃប្រទេសកម្ពុជា។
បើតាមលិខិតរបស់ក្រសួងចុះថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន លោក ស ថេត អគ្គស្នងការនគរបាលជាតិ ជាអនុប្រធានអចិន្ត្រៃយ៍ លោក នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន លោក អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ ជាអនុប្រធាន និងមានសមាជិកជាច្រើនទៀតផងដែរ។
បើតាមក្រសួងមហាផ្ទៃ គណៈកម្មការមានភារកិច្ចដូចជាបង្កើនការស្រាវជ្រាវទីតាំងដែលមានបទល្មើសឆបោក តាមប្រព័ន្ធអនឡាញតាមគ្រប់ប្រភេទ និងគ្រប់រូបភាពក្នុងភូមិសាស្ត្របណ្តារាជធានីខេត្ត ហើយគណៈបញ្ជាការឯកភាពរាជធានីខេត្ត ធ្វើការចុះបង្ក្រាបជាក់ស្តែងតាមគោលដៅដែលបានរកឃើញនិងកំណត់ ដោយប្រធានគណៈកម្មការ។
ក្រសួងមហាផ្ទៃបញ្ជាក់ថា៖ «ក្នុងករណីចាំបាច់ ប្រធានគណៈកម្មការអាចប្រើប្រាស់មន្ត្រីនៃអង្គភាពពាក់ព័ន្ធចំណុះគណៈកម្មការ ចុះសហការសម្របសម្រួលប្រតិបតិ្តការជាក់ស្តែងឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធិភាពខ្ពស់»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ទូច សុឃៈ ប្រាប់វីអូអេថា ការបង្កើតគណៈកម្មការនេះមិនមែនជារឿងថ្មីឡើយ ខណៈថា គណៈកម្មការចម្រុះហ្នឹងគឺមានតាំងពីអាណត្តិមុនមកម្ល៉េះ។
បើតាមអ្នកនាំពាក្យរូបនេះការបង្កើតគណៈកម្មការនេះគឺដើម្បីបំពេញបន្ថែម និងបង្កើនប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ។
លោកថ្លែងថា៖ «ដូច្នេះហើយវាគឺជាការបំពេញបន្ថែមឬក៏ជាការរៀបចំឱ្យគ្រប់គេហៅថាលក្ខណៈនៃសមាសសភាពគណៈកម្មការចំពោះកិច្ចនេះដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពដដែលដូចមុនឬក៏ឱ្យរឹងមាំជាងមុនបន្ថែមទៀត»។
លោក ទូច សុឃៈ អះអាងថា គណៈកម្មការមានតួនាទីស្នូលគឺស៊ើបអង្កេត ស្រាវជ្រាវរាល់បទល្មើសតាមបច្ចេកវិទ្យា និងថាក្រុមការងារនេះក៏បានបង្ក្រាបការជួញដូរមនុស្ស កេងចំណេញកម្លាំងពលកម្មនិងការធ្វើទារុណកម្មនានាផងដែរ។
របាយការណ៍ស្តីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេសអាមេរិកបានបង្ហាញថា ប្រទេសកម្ពុជាបន្តស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបបំផុត ពាក់ព័ន្ធនឹងការចាត់វិធានការលុបបំបាត់ឬទប់ស្កាត់ការជួញដូរមនុស្ស ដែលនាំឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះស្ថិតក្នុងចំណាត់ថ្នាក់កម្រិត ៣ ឬ Tier 3។ កម្ពុជាត្រូវគេដឹងថាបានទទួលចំណាត់ថ្នាក់ទាបជាច្រើនឆ្នាំមកហើយ។
បើតាមរបាយការណ៍ដែលចេញផ្សាយជាសាធារណៈនៅថ្ងៃអង្គារសប្តាហ៍មុន ប្រតិបត្តិការឆបោកអនឡាញ ស្ថិតនៅក្នុងចំណុចស្នូលនៃការវាយតម្លៃស្តីពីស្ថានភាពជួញដូរមនុស្សនៅកម្ពុជា។ អំពើពុករលួយ និងការពាក់ព័ន្ធរបស់មន្ត្រីរដ្ឋាភិបាលក៏ត្រូវបានរាប់បញ្ចូលក្នុងការវាយតម្លៃចំណាត់ថ្នាក់កម្រិតទី ៣ នៃការចម្រើនតិចតួចទៅលើការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថាករណីឆបោកតាមប្រព័ន្ធអនឡាញគឺជាបទល្មើសទំនើបកម្មមួយដែលស្ថានទូតបរទេសជាច្រើនបានលើកឡើងថាប្រជាពលរដ្ឋរបស់គេរាប់ពាន់នាក់កំពុងតែស្ថិតនៅក្នុងប្រទេសកម្ពុជាដោយសារតែអំពើឆបោកនេះ។លោកបន្តថាការឆបោកតាមអនឡាញនេះក៏ជាផ្នែកមួយនៃការជួញដូរមនុស្សផងដែរ។
បើតាមលោក អំ សំអាត ការបង្កើតគណៈកម្មការនេះគឺដើម្បីបង្ក្រាបនិងទប់ស្កាប់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលលោកថាវាទាមទាឆន្ទៈខ្ពស់ពីអាជ្ញាធរពាក់ព័ន្ធ។
លោកថ្លែងថា៖ «ការបង្កើតគណៈកម្មការនេះក្នុងគោលបំណងដើម្បីទប់ស្កាត់និងបង្ក្រាប។ អ៊ីចឹងទី ១ ត្រូវមានឆន្ទៈខ្ពស់ ការប្តេជ្ញាចិត្តខ្ពស់ ហើយអនុវត្តច្បាប់បានម៉ឺងមាត់ លុបបំបាត់នូវអំពើពុករលួយ ជនណាក៏ដោយពាក់ព័ន្ធក្នុងការឆបោកតាមប្រព័ន្ធអនឡាញនេះ ត្រូវតែអនុវត្តតាមផ្លូវច្បាប់ ទោះបីអ្នកហ្នឹងមានឋានន្តរស័ក្តិណាក៏ដោយ»។
បើតាមអ្នការពារសិទ្ធិមនុស្សរូបនេះ ទោះជាបីជារដ្ឋាភិបាលបង្កើតគណៈកម្មការនេះរាងយឺតបន្តិចមែន ប៉ុន្តែវាអាចជួយបង្កើនប្រសិទ្ធិភាពនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។
ចំណែកលោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេថាបទល្មើសតាមប្រព័ន្ធអនឡាញ បានអូសបន្លាយជាយូរមកហើយ ដែលលោកថាកន្លងមានការចាត់វិធានការដែរ ប៉ុន្តែមិនឆ្លើយតបទៅនឹងបញ្ហា។
លោកថ្លែងថា៖«ប៉ុន្តែសម្រាប់ខ្ញុំៗគ្រាន់តែយល់ថាការដែលបង្កើតក្រុមដែលអន្តរាគមន៍បញ្ហាទាំងអស់ហ្នឹង វាមិនទាន់គ្រប់គ្រាន់ទេ វាត្រូវតែមានការតាំងចិត្តពីក្រសួងមហាផ្ទៃឱ្យបានច្បាស់លាស់ ជាពិសេសគឺរដ្ឋាភិបាលត្រូវមានការតាំងចិត្តក្នុងការបង្ក្រាបបញ្ហាហ្នឹងឱ្យបានម៉ឺងមាត់បំផុតបានអាចធ្វើទៅបាន»។
ក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ ខ្លាំងក្លា ប្រទេសកម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត (Scam) ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេមិនឱ្យមានសេរីភាព ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម។ ឧក្រិដ្ឋជនដែលភាគច្រើនជាជនបរទេស បានជួលអគារ ឬទីតាំងពីអ្នកជំនួញដែលជាជនជាតិខ្មែរដើម្បីប្រព្រឹត្តអំពើទាំងនោះ។ ក្រោយមក អាជ្ញាធរកម្ពុជាបានចុះបង្រ្កាបជាបន្តបន្ទាប់ និងបានជួយសង្រ្គោះជនរងគ្រោះបរទេស និងចាប់បានជនប្រព្រឹត្តមួយចំនួន៕
វេទិកាបញ្ចេញមតិ