ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ស្នើ​​អាជ្ញាធរ​បម្រើ​ពលរដ្ឋ ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ


រូបឯកសារ៖ ​លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រាប់អ្នកសារព័ត៌មានក្នុងពិធីកម្ទេចផលិតផល និងថ្នាំពេទ្យក្លែងក្លាយក្នុងរាជានីភ្នំពេញ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
រូបឯកសារ៖ ​លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រាប់អ្នកសារព័ត៌មានក្នុងពិធីកម្ទេចផលិតផល និងថ្នាំពេទ្យក្លែងក្លាយក្នុងរាជានីភ្នំពេញ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។

ខណៈ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចូល​មក​ដល់​នា​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ជំរុញ​ឱ្យ​មន្រ្តី​និង​អាជ្ញាធរ​តាម​មូលដ្ឋាន​បម្រើ​សេវា​ដល់​ប្រជា​ពល​រដ្ឋ ដោយ​មិន​មាន​ការ​រើស​អើង​និន្នាការ​នយោបាយ។

គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់គ្រង​មេឃុំ​ចៅ​សង្កាត់​នៅ​ទូទាំង​ប្រទេស ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ​២០១៧ ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​ទទួល​បាន​សំឡេង​គាំទ្រ​ប្រមាណ​៤៣% និង​ទទួល​បាន​តំណែង​មេឃុំ​ចៅ​សង្កាត់ ប្រមាណ​៥០០។ ប៉ុន្តែ​តំណែង​ទាំង​នេះ​ត្រូវ​បាន​បែង​ចែក​ឱ្យ​គណបក្ស​កាន់​អំណាច ក្រោយ​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល។

នៅ​ក្នុង​វីដេអូ​ឃ្លីប​មួយ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ស ខេង កាល​ពី​ថ្ងៃ​ចន្ទ​ ទី​៣០ ខែ​ឧសភា ស្តី​ពី​ការ​សំណេះ​សំណាល​ជាមួយ​សកម្មជន បេក្ខជន និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​ក្នុងស្រុក​គាស់​ក្រឡ ខេត្ត​បាត់ដំបង​ លោក ស ខេង បាន​ថ្លែង​ថា​ ប្រជា​ពល​រដ្ឋ​ដែល​ទៅ​បោះ​ឆ្នោត បើ​ទោះ​មក​ពី​គណបក្ស​ណា​ក៏​ដោយ សុទ្ធ​តែ​ជា​ប្រជាពលរដ្ឋ ដែល​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បម្រើ​សេវា​ដល់​ពួកគាត់ ដោយ​មិន​មាន​ការ​រើស​អើង។

លោក​បញ្ជាក់​ថា៖ «យើង​បង្វែរ​សិទ្ធិ​អំណាច​នៃ​ការ​ចង្អុល​តែង​តាំង​នេះ ដែល​ពី​មុន​មក​មិន​មែន​ប្រជាពលរដ្ឋ​ជា​អ្នក​ចង្អុល​តែង​តាំង​នោះ​ទេ គឺ​ថ្នាក់​រដ្ឋបាល​ថ្នាក់​លើ​ទេ​ គេ​តែង​តាំង។ អ៊ីចឹង ពួក​គាត់​ត្រូវ​តែ​គោរព​ថ្នាក់​លើ​ហ្នឹង ហើយ​ទៅ​ធ្វើ​គណនេយ្យភាព​ដឹង​គុណ​ ដឹង​អី​ថ្នាក់​លើ​ហ្នឹង។ ប៉ុន្តែ​ឥឡូវ​នេះ​គឺ​ ប្រជាពលរដ្ឋ​អ្នក​បោះឆ្នោត។ អ៊ីចឹង​យើង​ត្រូវ​ដឹង​គុណ​ប្រជា​ពលរដ្ឋ។ ហើយ​មិន​មែន​តែ​ប្រជាពលរដ្ឋ​របស់​គណបក្ស​ ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​ទេ​គឺ​ ទាំង​អស់​គ្នា»។

លោក ស ខេង ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ បន្ត​ថា​ បើ​ទោះ​បី​ពលរដ្ឋខ្លះបោះ​ឆ្នោត​ឱ្យ​គណបក្ស​ដទៃ​ ដែល​មិន​មែន​ជា​គណបក្ស​ប្រជាជន​កម្ពុជា ពលរដ្ឋ​ទាំង​នោះ គឺ​បាន​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​ចូលរួម​ក្នុង​ការ​បោះឆ្នោត ដែល​អាច​បញ្ជាក់បាន​ថា ​ពួក​គេគាំទ្រ​ការ​បោះ​ឆ្នោត ហើយ​ការ​បោះ​ឆ្នោត​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ពេញលេញ។

កាល​ពីពេល​កន្លង​ទៅ មន្រ្តី​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​លើក​ឡើង​អំពី​ការ​គំរាម​ និង​ព្រមាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ទៅ​លើ​ប្រជាពលរដ្ឋ ដែល​មិន​បាន​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គាំទ្រ​គណបក្ស​ប្រឆាំង​ដូច​ជា​ ការ​គំរាម​ដក​ប័ណ្ណ​ក្រីក្រ និង​ការ​មិន​ផ្តល់​សេវា​រដ្ឋ​បាល​ផ្សេងៗ​ជា​ដើម។

មន្រ្តី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល​លោក កន សាវាង្ស បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​រដ្ឋមន្រ្តី​មហាផ្ទៃ​លោក ស ខេង។ យ៉ាង​ណា​ក្តី លោក​បាន​និយាយថា​ មាន​ការ​អនុវត្ត​ច្បាប់​ដោយ​លម្អៀង​ទៅរក​បក្ស​ពួក ឬ​គណបក្ស​នយោបាយ​ពី​សំណាក់​មន្រ្តី​និង​អាជ្ញាធរ​មូលដ្ឋាន។

លោកថ្លែង​ថា៖ «ពេល​ខ្លះ​គាត់​ធ្វើ​លម្អៀង​ លម្អៀង​ទៅ​រក​បក្ស​ពួក ឬ​ក៏​បញ្ហា​នយោបាយ។ ប៉ិន​តែ​ថា​ខ្ញុំ​លើក​ឡើង​នេះ​មិន​មែន​គ្រប់​ទាំង​អស់​ទេ គ្រប់​អាជ្ញាធរ​ទាំងអស់​ទេ។ វា​មាន​តាម​តំបន់​ខ្លះ​ដែល​លោក​មិន​បាន​ស្តាប់​តាម​ការ​ណែនាំ​ពី​ខាង​លើ ឬ​មួយ​ក៏​គាត់​យល់​ឃើញ​ថា ឥទ្ធិពល​ខាង​លើ​មិន​មាន​ប្រយោជន៍​សម្រាប់​គាត់ ​ខ្ញុំ​មិន​ដឹង​ដែរ។ តែ​ខ្ញុំ​ឃើញ​មាន​ច្រើន ជា​ពិសេស​ពាក់ព័ន្ធ​ជាមួយ​នឹង​ខ្ញុំ​ដែល​ជា​អង្គការ​សង្គម​ស៊ីវិល​មក​ដល់​ថ្ងៃ​នេះ​ ក៏​មាន​កន្លែង​ខ្លះ​ទទួល​រង​នូវ​ភាព​មិន​ប្រក្រតី​ដោយ​អាជ្ញាធរ​នៅ​តំបន់​ខ្លះ​នោះ​ដែរ»។

នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ឈ្មោះ​ថា​និកហ្វិច (NICFEC) លោក សំ​ គន្ធាមី ចាត់​ទុក​ការ​លើក​ឡើងរបស់​លោក​ ស ខេង ជា​ទិដ្ឋភាព​ទូទៅ​មួយ​តាម​ផ្លូវ​ច្បាប់ ដែល​អាជ្ញាធរ​តាម​មូលដ្ឋាន​ត្រូវ​មាន​ការ​ខុស​ត្រូវ​ស្មើ​ភាព​គ្នា។

អ្នក​ជំនាញ​ផ្នែក​ការ​បោះឆ្នោត​រូប​នេះ​បាន​កត់​សម្គាល់​ករណី​ «រើស​អើង​នយោបាយ» មួយ​ចំនួន​ផង​ដែរ កាល​ពី​ពេល​កន្លង​មក​នេះ​ មក​លើ​ពលរដ្ឋ​ទូទៅ ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ដទៃ​ក្រៅ​ពី​គណបក្ស​កាន់​អំណាច ដូច​ជា ​ការ​បង្ក​ការ​លំបាក​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សំណើ​ឯកសារ​រដ្ឋបាល ឬ​លិខិត​អត្រានុកូលដ្ឋាន​ជាដើម។

លោក សំ គន្ធាមី​ បាន​ស្នើ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ស្មើ​ភាព​ចំពោះ​ពលរដ្ឋ​តាម​មូលដ្ឋាន​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា​ខាង​មុខ។

លោកថ្លែង​ថា៖ «សុំ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ជួយ​ផ្តល់​សុវត្ថិភាព​ដល់​អ្នក​បោះឆ្នោត​ក៏​ដូចជា មន្រ្តី​បោះឆ្នោត និង​ភ្នាក់ងារ​គណបក្ស​នយោបាយ​ទាំង​អស់​ហ្នឹង​ឱ្យ​បាន​ស្មើៗ​គ្នា​ទៅ ជា​ពិសេស​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​បោះ​ឆ្នោត​ផង​ ដើម្បី​ឱ្យ​គាត់​មាន​ទឹក​ចិត្ត​ចូលរួម​ការ​បោះ​ឆ្នោត​ ទោះ​បី​គាត់​មាន​និន្នាការ​នយោបាយ គាត់​ស្រឡាញ់​និន្នាការ​នយោ​បាយ​ជាមួយ​គណបក្ស​ណា​ក៏​ដោយ ក៏​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ស្មើ​ភាព​គ្នា»។

ចំណែក​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ដែល​ជា​អតីត​តំណាងរាស្រ្ត​មួយ​រូប​របស់​គណបក្ស​សង្រ្គោះ​ជាតិ សាទរ​ការ​លើក​ឡើង​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ហើយ​លោកសង្ឃឹម​ថា​ មន្រ្តី​និង​អាជ្ញាធរ​មូលដ្ឋាន​នឹង​អនុវត្ត​តាម។

លោក​ថ្លែង​ថា៖ «ប្រសិន​បើ​ប្រសាសន៍​របស់​ឧប​នាយក​រដ្ឋមន្រ្តី [ស ខេង] អាច​ជា​ការ​ពិត​ ហើយ​មាន​ការ​អនុវត្ត​គោល​ការណ៍​តាម​មូលដ្ឋាន​ឱ្យ​បាន​ត្រឹមត្រូវ​ គឺ​ថា​ពលរដ្ឋ​យើង​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ និង​ភាព​សុខសាន្ត»។

យ៉ាងណាក្តី លោក សុន ឆ័យ បាន​លើក​ឡើង​ពី​ករណី​រឹត​ត្បិត​ផ្សេងៗ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ និង​ថា​ករណី​រឹតត្បិត​ដូចគ្នា​នេះ​ក៏​កើត​មានលើ​គណបក្ស​នយោបាយ​ផ្សេងៗ​ផង​ដែរ៕

XS
SM
MD
LG