ស្របពេលស្ថាប័នរៀបចំការបោះឆ្នោតជាតិប្រកាសថា ការឃោសនាបោះឆ្នោត បានប្រព្រឹត្តទៅដោយសន្តិវិធី ក្រុមអ្នកជំនាញការបោះឆ្នោត ជំរុញឱ្យស្ថាប័នទទួលបន្ទុករៀបការបោះឆ្នោតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើភាពមិនប្រក្រតីមួយចំនួន ពាក់ព័ន្ធនឹងការឃោសនានិងការបោះឆ្នោត។
បើតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី២៩ ខែឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ក្នុងថ្ងៃទីប្រាំបួន ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ ដោយគ្មានករណីហិង្សា និងការគំរាមកំហែងលើភាគីគណបក្សនយោបាយចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់នោះទេ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បាននិយាយថា មកទល់ពេលនេះ គ.ជ.ប. បានទទួលពាក្យបណ្តឹងចំនួន ៣៨ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនានាជុំវិញការឃោសនាបោះឆ្នោត ដោយក្នុងនោះ មួយចំនួនធំត្រូវបានដោះស្រាយ។ លោកថាគ.ជ.ប.បានធ្វើការវាយតម្លៃថា ការឃោសនាបោះឆ្នោតកន្លងមកនេះ បានដំណើរការទៅដោយរលូន និងព្រមទាំងមានការសហការពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ។
លោកថ្លែងថា៖ «គ.ជ.ប. បានធ្វើការវាយតម្លៃថាការឃោសនាបោះឆ្នោតនេះគឺប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នា មានកិច្ចសហការពីភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ហើយរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយក្នុងឃុំ សង្កាត់»។
មន្រ្តីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែលលោក កន សាវាង្ស ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ករណីបណ្តឹងជាង ៤០ ពាក់ព័ន្ធនឹងការបោះឆ្នោត ដែលអង្គការរបស់លោកទទួលបានមកទល់ពេលនេះ ភាគច្រើនគឺ ទាក់ទងនឹងសារភ្ជាប់នឹងគណបក្សសង្គ្រោះជាតិ ដែលជាអតីតគណបក្សប្រឆាំងធំជាងគេបង្អស់មួយ និងបណ្តឹងពាក់ព័ន្ធនឹងការចែកអំណោយ។
អ្នកជំនាញផ្នែកការបោះឆ្នោតរូបនេះ ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការបង្កើតជាច្បាប់ ឬនីតិវិធីផ្សេងៗ នៅមុនពេលមានការឃោសនា និងការបោះឆ្នោត ដើម្បីបញ្ចៀសពីការខ្វះចន្លោះផ្សេងៗនៅក្នុងការអនុវត្ត។
លោកបានថ្លែងថា៖ «ត្រូវតែអនុវត្តតាមគោលការណ៍ដែលមានចែងក្នុងច្បាប់។ ទីពីរ ការបកស្រាយ ទាំងគ្រប់គណបក្សនយោបាយសុំឱ្យពិនិត្យមើលទៅការបកស្រាយ ដែលឃើញថា មាននិន្នាការនយោបាយ ដែលរកផលចំណេញហ្នឹង ហើយអនុវត្តតាមហ្នឹងដែលនាំឱ្យមានការយល់ខុស ហើយក៏ស្នើសុំឱ្យគ.ជ.ប. មាននីតិវីធីក្នុងការដោះស្រាយហ្នឹងដោយតម្លាភាព»។
នៅក្នុងចំណោមករណីផ្សេងៗពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត គេក៏សង្កេតឃើញករណីចោទប្រកាន់មួយមកលើលោក គង់ រ៉ៃយ៉ា ប្រធានក្រុមទ្រទ្រង់ស្រុកកងមាសរបស់គណបក្សភ្លើងទៀនក្នុងខេត្តកំពង់ចាម និងជាបេក្ខជនលេខ១សម្រាប់តំណែងមេឃុំនៅឃុំស្តៅផងដែរ។
អតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិរូបនេះ ដែលធ្លាប់រងបណ្តឹងតុលាការ មុនពេលត្រូវបានដោះលែង កាលពីពេលកន្លងមក បានរងការបឹ្តងផ្តល់ពីតំណាងគណបក្សប្រជាជនកម្ពុជាមួយរូប ជុំវិញការបង្ហោះវីដេអូចែកថវិកាឱ្យបេក្ខភាពមេឃុំក្នុងស្រុកកងមាស ចំនួន ១១ឃុំ ដោយក្នុងមួយឃុំទទួលបាន ១០០ដុល្លារ។
យ៉ាងណាក្តី លោកប្រាប់វីអូអេនៅថ្ងៃចន្ទនេះ ដោយច្រានចោលការចោទប្រកាន់ដូចនេះ និងចាត់ទុកថា ជាករណីចោទប្រកាន់មួយជំរុញពីក្រោយដោយហេតុផលនយោបាយ។
លោកបានថ្លែងថា៖ «អត់មានអង្គហេតុត្រូវចោទ ហើយនៅពេលដែលគណបក្សប្រជាជនប្តឹងមកក្រុមការងារទាំង ១១ ឃុំនៃស្រុកកងមាសហ្នឹង វាធ្វើឱ្យបេក្ខជនដែលកំពុងមមាញឹកស្វែងរកសំឡេងឆ្នោតតាមឃុំនីមួយៗហ្នឹង អត់មានពេលវេលាសម្រាប់ធ្វើការឃោសនារកសំឡេងឆ្នោតនោះទេ ដោយសារតែជាប់តវ៉ាបណ្តឹងជាមួយគណបក្សប្រជាជន។ ហើយនេះគឺជាទិដ្ឋភាពនយោបាយ មិនមែនផ្អែកលើទិដ្ឋភាពច្បាប់នោះទេ ដោយសារតែគណបក្សប្រជាជនហ្នឹងគាត់ឃើញសន្ទុះពលរដ្ឋសម្រុកគាំទ្រគណបក្សភ្លើងទៀនខ្លាំង»។
បេក្ខជនសម្រាប់តំណែងមេឃុំរូបនេះឱ្យដឹងទៀតថាលោកបានរៀបចំដាក់ពាក្យបណ្តឹងប្តឹងជំទាស់ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ចាមបានចេញសេចក្តីសម្រេចផាកពិន័យរូបលោកចំនួន៥លានរៀលទាក់ទិនបទចោទប្រកាន់ ចែកថវិកានិងអំណោយដល់បេក្ខជនចំនួន១១ឃុំនោះ។
នៅក្នុងករណីដោយឡែកមួយទៀត ព្រះសង្ឃមួយអង្គត្រូវបានព្រះចៅអធិការនិងគណៈកម្មការវត្តមួយក្នុងខេត្តសៀមរាបបណ្តេញចេញ ដោយលើកហេតុផលថា ព្រះសង្ឃអង្គនោះគាំទ្រគណបក្សភ្លើងទៀន។
ព្រះតេជគុណ ហេង គីមឡាយ មានសង្ឃដីកាប្រាប់វីអូអេនៅថ្ងៃច័ន្ទនេះថា ព្រះអង្គត្រូវបានចៅអធិការវត្តប្រាសាទរង្សី ក្នុងឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប បណ្តេញចេញ កាលពីថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២២ ក្រោមការចោទប្រកាន់ថា ព្រះអង្គមាននិន្នាការនយោបាយគាំទ្រគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំង។
ព្រះអង្គបានបន្តថា ឥឡូវនេះ ព្រះអង្គមិនទាន់មានវត្តសម្រាប់គង់នៅឡើយទេ ដោយហេតុថា វត្តមួយចំនួនដែលព្រះអង្គទៅសុំស្នាក់នៅមិនអនុញ្ញាតឱ្យព្រះអង្គគង់នៅនោះទេ។ ព្រះអង្គចាត់ទុកការបណ្តេញចេញពីវត្ត និងមិនទទួលឱ្យគង់នៅនេះថាជាការ«រើសអើងនយោបាយ» និងរំលោភបំពានសិទ្ធិសេរីភាពផងដែរ។
ព្រះតេជគុណ ហេង គីមឡាយ មានសង្ឃដីកាថា៖ «នេះជាការរំលោភសិទ្ធិដ៏ធ្ងន់ធ្ងរបំផុតដែលអាត្មាជួបខ្លួនឯង អាត្មាធ្លាប់តែឃើញគេ។ អាត្មាធ្លាប់តែឃើញគេ ដល់ថ្ងៃនេះអាត្មាសង្វេគដែលមកប៉ះខ្លួនឯង នៅសុខៗគេមករំលោភសិទ្ធិអាត្មា។ អាត្មាប្រើសិទ្ធិ[ទៅ]តាមរដ្ឋធម្មនុញ្ញដែលបានចែងគឺសិទ្ធិនៃការទទួលបានព័ត៌មាន សិទ្ធិនៃការបញ្ចេញមតិ សិទ្ធិនៃការបញ្ចេញសកម្មភាពគាំទ្រ»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ខាងមុខ។
នៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្នាក់មូលដ្ឋានដែលធ្វើឡើងរៀងរាល់៥ឆ្នាំម្តងនេះ គណបក្សនយោបាយចំនួន១៧បានដាក់បេក្ខជនឈរឈ្មោះចំនួនជាង ៨២.៧០០ នាក់ សម្រាប់ឃុំសង្កាត់ចំនួន ១.៦៥២នៅទូទាំងប្រទេស។ គណបក្សខ្លះបានដាក់បេក្ខជន នៅគ្រប់ឃុំសង្កាត់ ខណៈគណបក្សខ្លះទៀត មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ដាក់បេក្ខជន ឬមិនដាក់បេក្ខជនឱ្យឈរឈ្មោះបានគ្រប់ឃុំសង្កាត់នោះទេ៕