នៅព្រឹកថ្ងៃសុក្រនេះ លោក ឡង់ សំបូរ មិនទាន់មានភ្ញៀវមកជិះស៊ីក្លូរបស់លោកដែលកំពុងចតនៅមុខវត្តបទុមវត្តីទេ។ ក្នុងវ័យអាយុ៥៥ឆ្នាំ អ្នកធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញរូបនេះ និយាយថានៅថ្ងៃទី៥ខែមិថុនា លោកនឹងទៅបោះឆ្នោតនៅស្រុកមេសាង ខេត្តព្រៃវែង។ ប៉ុន្តែលោកសំបូរមិនចាប់អារម្មណ៍ដល់ការឃោសនាគោលនយោបាយរកសំឡេងឆ្នោតទេ។
លោកបាននិយាយថា៖ «គោលនយោបាយគណបក្សនីមួយៗ វាមើលច្រើនឆ្នាំកន្លងមកហើយ។ គោលនយោបាយតែមួយៗហ្នឹង»។
ស្រដៀងគ្នានេះដែរ បុរសវ័យ២២ឆ្នាំ ម្នាក់ទៀត ជាបុគ្គលិកនៅសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ លោក ញ៉ែម ប្រុស ក៏មិនបានតាមដានអំពីដំណើរការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សដែលកំពុងចេញធ្វើយុទ្ធនាការឃោសនាបោះឆ្នោតផងដែរ។ លោកថា ការងារដែលមមាញឹកស្ទើររាល់ថ្ងៃនោះ មិនអនុញ្ញាតឱ្យលោកផ្តោតអារម្មណ៍នឹងគោលនយោបាយរបស់គណបក្សនីមួយៗទេ។
ទោះជាយ៉ាងណាក្តី បុគ្គលិកសណ្ឋាគាររូបនោះចង់ឱ្យមេឃុំធ្វើការឱ្យមានភាពសកម្មបម្រើប្រជាពលរដ្ឋ ជាពិសេសការធ្វើឯកសាររដ្ឋបាលនានា នៅពេលពលរដ្ឋត្រូវការម្តងៗ។
លោកបានថ្លែងថា៖ «ចង់ស្នើថា បើយើងចង់ពឹងពាក់គាត់ឱ្យធ្វើក្រដាសអ្វីមួយសូមឱ្យលឿន ទី១ពួកខ្ញុំប្រញាប់អីអ៊ីចឹង ដូចជា សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណបណ្ណអីអ៊ីចឹង»។
ចំណែកប្រជាពលរដ្ឋមួយចំនួនទៀត ដែលអ្នកយកព័ត៌មានឱ្យសំឡេងសហរដ្ឋអាមេរិក (វីអូអេ) បានចុះទៅសម្ភាសកាលពីព្រឹកថ្ងៃសុក្រនេះ មិនហ៊ានផ្តល់ការយល់ឃើញរបស់ខ្លួននោះទេ ពាក់ព័ន្ធនឹងគោលនយោបាយរបស់គណបក្ស ដោយសារតែបារម្ភអំពីសន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួន។
ការអត្ថាធិប្បាយតិចតួចរបស់ពលរដ្ឋ ជុំវិញការយល់ដឹងអំពីគោលនយោបាយរបស់គណបក្សនីមួយៗយ៉ាងដូច្នេះ នាំឱ្យអ្នកជំនាញបារម្ភថា ការអភិវឌ្ឍនៅមូលដ្ឋាននឹងបន្តជួបបញ្ហាប្រឈមច្រើន ហើយកំណែទម្រង់អភិបាលកិច្ចល្អនៅតាមភូមិឃុំសង្កាត់នឹងអាចដំណើរការទៅមុខក្នុងស្ថានភាពមិនស្វាហាប់។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង បានប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ចំណាប់អារម្មណ៍តិចតួចរបស់ពលរដ្ឋ ទាក់ទិនការផ្សព្វផ្សាយគោលនយោបាយនេះ ជាសញ្ញាណមិនល្អមួយសម្រាប់ការកែទម្រង់អភិបាលកិច្ចនៅតាមឃុំសង្កាត់។
លោកនិយាយថា៖ «ជុំវិញបញ្ហានេះ ខ្ញុំថា បើសិនជា ការបាត់បង់ចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋចំពោះគោលនយោបាយរបស់គណបក្សនយោបាយហ្នឹង វាអាចប៉ះពាល់ដែរទៅដល់ដំណើរការអភិបាលកិច្ចល្អ។ ដំណើរការអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាននេះ វាចាំបាច់មានការចូលរួមពីប្រជាពលរដ្ឋ ត្រូវការការសម្រេចរបស់ប្រជាពលរដ្ឋ ត្រូវការការលើកឡើងបញ្ហាពីប្រជាពលរដ្ឋ ដើម្បីរៀបចំផែនការអភិវឌ្ឍ ឆ្លើយតបឱ្យត្រូវទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ»។
នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះថានិកហ្វិច (NICFEC) លោក សំ គន្ធាមី យល់ថា ទោះបីពលរដ្ឋខ្លះមិនបានបង្ហាញចំណាប់អារម្មណ៍ក៏ពិតមែន ក៏ប៉ុន្តែលោកជឿថា ពួកគេនឹងចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់ឆ្នាំ២០២២នេះ។ លោកបានបន្តថា នៅកាលៈទេសៈខ្លះ ពលរដ្ឋមិនបានយល់ដឹងច្រើនពីគោលនយោបាយរបស់គណបក្ស ដោយសារគណបក្សនយោបាយមួយចំនួនមិនបានធ្វើការផ្សព្វផ្សាយគ្រប់គ្រាន់។
យ៉ាងណាក៏ដោយ អ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះ លើកទឹកចិត្តឱ្យពលរដ្ឋតាមមូលដ្ឋានព្យាយាមយល់ដឹងឱ្យបានច្រើនពីគោលនយោបាយគណបក្ស ដែលចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់នាពេលមុខ ដើម្បីអាចទទួលបាននូវការអភិវឌ្ឍមួយ ដែលសហគមន៍របស់ខ្លួនចង់បាន។
លោកបានថ្លែងថា៖ «បើគាត់បោះ ដោយមិនសូវពីគោលនយោបាយរបស់គណបក្សនយោបាយមួយណាដែលគាត់បោះឱ្យហ្នឹងហ្អា វាពិបាក។ ចង់ថា ពេលគណបក្សហ្នឹងចាប់ឆ្នោតទៅ វាអត់បានបំពេញតម្រូវការរបស់គាត់ ជាម្ចាស់ឆ្នោតបាទ។ អញ្ចឹងបានជាគេឱ្យគាត់មើលគោលនយោបាយហ្នឹង។ កាលណាគាត់បោះឱ្យបក្សនេះ ឬបក្សនោះ តើជាប់ឆ្នោតគេធ្វើអ្វីខ្លះ? ហើយវាត្រូវនឹងគោលបំណងរបស់គាត់ចង់បាន វារីកចម្រើននៅមូលដ្ឋានផង»។
ត្រឡប់ទៅអ្នកធាក់ស៊ីក្លូលោកឡង់ សំបូរ ដែលមិនសូវខ្វល់ពីការឃោសនាគោលនយោបាយរបស់គណបក្សដែលកំពុងចូលរួមការបោះឆ្នោតឃុំសង្កាត់នោះ បាននិយាយថា ភាពស្មោះត្រង់របស់មេឃុំក្នុងការបំពេញការងាររបស់ខ្លួន គឺជាអ្វីដែលពលរដ្ឋចង់បាន។
លោកនិយាយថា៖ «ពេលពលរដ្ឋត្រូវការអី គឺសំខាន់មេឃុំដោះស្រាយអី[ឱ្យបាន]លឿនៗ បក្សណាក៏ដោយឱ្យតែជាប់...»។
គួររំឭកឡើងវិញផងដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ខាងមុខ។ នៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំមូលដ្ឋាន សម្រាប់អាណត្តិទី៥នេះទៀតសោត គណបក្សនយោបាយបានដាក់បេក្ខជនឈរឈ្មោះចំនួនជាង ៨២.៧០០ នាក់ សម្រាប់ឃុំសង្កាត់ចំនួន ១.៦៥២នៅទូទាំងប្រទេស។ ការឃោសនារបស់គណបក្សនីមួយៗនឹងមានរយៈពេល១៤ថ្ងៃ។ ហើយគណបក្សដែលចូលរួមការបោះឆ្នោតទាំង១៧កំពុងចេញធ្វើយុទ្ធនាការផ្សព្វផ្សាយគោលនយោបាយរកសំឡេងឆ្នោត គិតចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមកនោះ៕
ភាពសោះអង្គើយរបស់ពលរដ្ឋទៅនឹងការបង្ហាញគោលនយោបាយនាំឱ្យមានកង្វល់ដល់កំណែទម្រង់អភិបាលកិច្ច
ភ្នំពេញ —