សហមេធាវីនាំមុខដើមបណ្តឹងរដ្ឋប្បវេណីអន្តរជាតិនៅសាលាក្តីខ្មែរក្រហម ឬអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) បានសម្រេចលាលែងពីតំណែង ដោយបានត្អូញត្អែរពីកង្វះធនធានសម្រាប់កិច្ចការជួបជាមួយដើមបណ្តឹងរដ្ឋប្បវេណី ដែលជាជនរងគ្រោះ។ នេះបើយោងតាមលិខិតមួយច្បាប់របស់អ្នកស្រី Megan Hirst ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ដែលវីអូអេទទួលបាន។ លិខិតមួយច្បាប់នេះត្រូវបានដាក់ទៅតុលាការកំពូលនៃអ.វ.ត.ក។
នៅក្នុងលិខិតដែលមានកម្មវត្ថុស្តីពី«ការដកខ្លួនលែងធ្វើជាសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីអន្តរជាតិ» អ្នកស្រី Hirstបានលើកឡើងថាអ្នកស្រីបានគិតពិចារណាជាច្រើនខែមកហើយ ទើបឈានដល់«សេចក្តីសម្រេចដ៏ឈឺចាប់»មួយ។ អ្នកស្រីបន្ថែមថាមេធាវីពុំមានធនធានសូម្បីតែសម្រាប់រៀបចំកិច្ចប្រជុំរវាងដើមបណ្តឹងរដ្ឋប្បវេណី និងតំណាងរបស់ពួកគាត់។
អ្នកស្រីបញ្ជាក់ក្នុងលិខិតនោះថា៖ «ក្រុមរបស់ខ្ញុំបានបាត់បង់ធនធានមនុស្សសំខាន់ៗជាច្រើន ដែលធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លទ្ធភាពរបស់យើងខ្ញុំក្នុងការតំណាងភាគីដើមបណ្តឹងរដ្ឋប្បវេណី។ យ៉ាងណាមិញ បញ្ហាដែលសំខាន់នោះ គឺមានលក្ខណៈជាមូលដ្ឋានជាងនេះ។ យើងពុំមានធនធានសូម្បីតែសម្រាប់រៀបចំកិច្ចប្រជុំរវាងដើមបណ្តឹងរដ្ឋប្បវេណី និងតំណាងរបស់ពួកគាត់»។
ដើមបណ្តឹងរដ្ឋប្បវេណីដែលជាជនរងគ្រោះក្នុងសម័យខ្មែរក្រហម មានចំនួន៣.៨៦៥នាក់ ដែលត្រូវបានទទួលស្គាល់ដោយតុលាការកូនកាត់មួយនេះ។ ពួកគេត្រូវបានតំណាងដោយក្រុមមេធាវីជាតិ និងអន្តរជាតិចំនួន២០រូប។ មេធាវីអាចជួបជាមួយជនរងគ្រោះតែ៥%នៃជនរងគ្រោះសរុបតែប៉ុណ្ណោះ។ នេះបើតាមសហមេធាវីអន្តរជាតិ។
អ្នកស្រី Hirst បន្ថែមថា៖ «ដើមបណ្តឹងរដ្ឋប្បវេណីដ៏ច្រើនលើសលប់មិនបានដឹងពីអ្វីដែលបានកើតឡើងនៅអ.វ.ត.ក ទេនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ឬថានឹងមានអ្វីកើតឡើងនៅក្រោយពេលចេញសាលដីកា»។
តុលាការខ្មែរក្រហមដែលជាតុលាការកូនកាត់ គឺមានភាគីខ្មែរ និងអង្គការសហប្រជាជាតិ គ្រោងនឹងបញ្ចប់ជាផ្លូវការនៃដំណើរការស្វែងរកយុត្តិធម៌ នៅក្នុងឆ្នាំនេះ ដោយមានការប្រកាសសាលដីកាប្រឆាំងនឹងលោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបខ្មែរក្រហម ក្នុងសំណុំរឿង០០២/០២ ដែលនៅរស់រៀនមានជីវិត។
បើតាមអ្នកស្រី Hirst កង្វះទំនាក់ទំនងនាំឲ្យមេធាវីមិនអាចពិភាក្សាជាមួយជនរងគ្រោះទៅលើបញ្ហាសំខាន់ៗ និងការអាចចូលទៅមើលឯកសាររបស់តុលាការជាសាធារណៈ ដែលរួមទាំងព័ត៌មានលម្អិតរបស់ឯកជនអំពីឧក្រិដ្ឋកម្មសង្រ្គាម និងព័ត៌មានអំពីជំងឺផ្លូវចិត្តដែលជនរងគ្រោះបានឆ្លងកាត់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានសម្លាប់មនុស្សយ៉ាងតិច១លាន៧សែននាក់។
ចាប់តាំងពីការបង្កើតក្នុងឆ្នាំ២០០៦ តុលាការកូនកាត់មួយនេះបានចំណាយប្រាក់ជាង៣០០លានដុល្លារអាមេរិក ដោយមានការឧបត្ថម្ភពីម្ចាស់ជំនួយអន្តរជាតិផ្សេងៗ។ តុលាការនេះបានកាត់ទោសមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចំនួន៣រូប គឺមានលោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែង និងមេដឹកនាំលោក នួន ជា ដែលបានស្លាប់ និងលោក ខៀវ សំផន ដែលនៅរស់រៀន ដាក់ពន្ធនាគារអស់មួយជីវិត។
អ្នកស្រី Hirst ឲ្យដឹងទៀតថាក្នុងអំឡុងពេលនេះ តុលាការខ្មែរក្រហមមិនបានផ្តល់ប្រាក់ដល់មេធាវី ដើម្បីជួបជាមួយដើមបណ្តឹងរដ្ឋប្បវេណីឡើយ។ ប៉ុន្តែមានតែមេធាវី៣នាក់ប៉ុណ្ណោះ ដែលត្រូវបានតុលាការផ្តល់ប្រាក់ ដើម្បីទូទាត់លើការចំណាយសម្រាប់ការជួបជាមួយភាគីដើមបណ្តឹងរដ្ឋប្បវេណី។
បើតាមអ្នកស្រី Hirst សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីត្រូវបានរំពឹងថានឹងស្វែងរកជំនួយថវិកាដោយឯករាជ្យពីប្រភពខាងក្រៅ ដើម្បីជួយសម្រួលដល់កិច្ចការតំណាងដែលជាកិច្ចការស្នូលរបស់ខ្លួន។
អ្នកស្រី Hirst បញ្ជាក់ថា៖ «លទ្ធភាពរបស់យើងចំពោះកិច្ចការនេះត្រូវបានកំហិត តាមរយៈការបែងចែកធនធានមនុស្សដ៏ស្តួចស្តើងផ្ទាល់ខ្លួន ដែលលាតសន្ធឹងទៅលើការងារនៃកិច្ចដំណើរការនីតិវិធីតាមផ្លូវតុលាការផង និងដោយមានការបន្ថយនូវចំណាប់អារម្មណ៍ពីម្ចាស់ជំនួយ»។
អ្នកស្រីបន្ថែមថានៅឆ្នាំនេះ មេធាវីអាចជួបជាមួយដើមបណ្តឹងរដ្ឋប្បវេណីប្រមាណ២០នាក់ប៉ុណ្ណោះ បន្ទាប់ពីពួកគេទទួលបានជំនួយពីអង្គការអាល្លឺម៉ង់GIZ ដែលជាទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍរបស់រដ្ឋាភិបាល។
ការិយាល័យរដ្ឋបាលនៃសាលាក្តីខ្មែរក្រហមមិនបានផ្តល់ការពន្យល់សម្រាប់កង្វះថវិកានៃការគាំទ្រដល់ការចូលរួមរបស់ជនរងគ្រោះឡើយ។
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យរបស់តុលាការខ្មែរក្រហម ប្រាប់វីអូអេថាអ.វ.ត.ក នៅតែបន្តគាំទ្រភាគីដើមបណ្តឹងរដ្ឋប្បវេណី និងតួនាទីសំខាន់ ដែលពួកគេមាននៅក្នុងដំណើរការស្វែងរកយុត្តិធម៌។ លោកមិនបានផ្តល់ការពន្យល់ថាតើតុលាការកំពុងដោះស្រាយកង្វះខាតថវិកាសម្រាប់ទំនាក់ទំនងរវាងភាគីដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីរបស់ពួកគេ យ៉ាងណាឡើយ។
លោក ហុង គឹមសួន ដែលជាមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីភាគីជាតិ ចាប់តាំងពីឆ្នាំ២០០៨ គាំទ្រការត្អូញត្អែររបស់អ្នកស្រីHirst និងនិយាយថាសំណើរបស់លោកសម្រាប់ថវិកាកាលពីកន្លងទៅ ក៏ត្រូវបានច្រានចោលជាបន្តបន្ទាប់ដែរ។ លោកបន្ថែមថាប្រាក់ឧបត្ថម្ភរបស់លោកត្រូវបានផ្តល់ដោយអង្គការក្នុងស្រុកឈ្មោះថាក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ហៅកាត់ថាCDP (Cambodia Defenders Project)។
លោកថ្លែងថា៖ «យើងត្រូវការលុយចុះជួបដើមបណ្តឹង ដើមបណ្តឹងច្រើនមែន ក៏ប៉ុន្តែយើងមិនមែនចុះ ទាំងរាប់ពាន់ រាប់ម៉ឺននាក់ឯណា។ ថាតឹងចិត្ត តឹងទ្រូង ដែលវាគ្មានថវិកាធ្វើការងារ»។
លោកបន្ថែមថា៖ «មនុស្សយើងគេធ្វើកើតតើ បើទោះថាខ្ទង់ចំណាយវាគ្មានទេ ក៏គេប្រជុំអាចសម្រេចបានដែរ។ ការចំណាយដើម្បីឲ្យមេធាវីនាំមុខបរទេស ឬក៏ខ្មែរ ឬក៏មេធាវីខ្មែរដូចពួកខ្ញុំ មានថវិកាសមរម្យ មិនមែនទារច្រើនដូចគេធ្វើការណា។ គួរតែបែងចែកដែរ លុយរាប់រយលានដុល្លារណា មិនមែនម៉ឺនណា»។
លោក យន់ ប៊ីន ដែលជាជនរងគ្រោះម្នាក់ដែលរួចផុតពីការសម្លាប់វាយដាក់ក្នុងរណ្តៅ និងជាដើមបណ្តឹងរដ្ឋប្បវេណីមួយ ថ្លែងថាលោកមិនសូវបានជួបមេធាវីដើមបណ្តឹងរដ្ឋប្បវេណីឡើយ ដែលលោកចង់បានការជួបជាប្រចាំ ដើម្បីលោកអាចនិយាយរឿងពីអតីតកាលរបស់លោក និងដឹងពីដំណើរការរបស់តុលាការ។
លោកបញ្ជាក់ថា៖ «តុលាការគាត់មិនសូវខ្វល់ខ្វាយប៉ុន្មានផងមើលទៅ ព្រោះដើមបណ្តឹងដូចលែងចង់ហៅហើយ លែងជួបហើយ»។
បើតាមលោក យន់ ប៊ីន ដើមបណ្តឹងពីរនាក់ក្នុងភូមិកំណើតរបស់លោកក្នុងឃុំព្រះធាតុ ខេត្តត្បូងឃ្មុំ បានស្លាប់ ហើយម្នាក់ទៀតកំពុងឈឺធ្ងន់ធ្ងរ។
លោក យន់ ប៊ីន អាយុ៦៧ឆ្នាំ ថ្លែងថាលោកត្រូវបានផ្តល់ប្រាក់សម្រាប់ការធ្វើដំណើរមកភ្នំពេញ ក្នុងការចូលរួមផ្តល់សក្ខីកម្មរបស់លោកកាលពីកន្លងទៅ និងស្តាប់ការប្រកាសសាលដីកាផ្សេងៗ។
លោកឲ្យដឹងថាលោកចង់បានសំណងជាប្រាក់មួយចំនួន ប្រសិនបើមាន បន្ថែមលើការសាងសង់ចេតិយសម្រាប់ការឧទ្ទិសកុសលជារួម។
បច្ចុប្បន្ននេះ លោក យន់ ប៊ីន ត្រូវបានជួយដោយអង្គការចិត្តសង្គម និងអន្តរវប្បធម៌ (TPO) ដែលផ្តល់ថ្នាំសម្រាប់ព្យាបាលជំងឺផ្លូវចិត្តរបស់លោក ដែលលោកថាលោកនៅតែនឹកឃើញជានិច្ចនូវរឿងរ៉ាវដែលលោកត្រូវបានដឹកតាមរថយន្ត យកទៅវាយចូលក្នុងរណ្តៅ តែលោកនៅអាចរស់រៀន ហើយអាចរត់រួចចេញពីរណ្តៅបាន។
គេហទំព័ររបស់អ.វ.ត.ក ឲ្យដឹងថាជនរងគ្រោះត្រូវបានទទួលស្គាល់ជាភាគីក្នុងដំណើរការនីតិវិធី និងត្រូវបានអនុញ្ញាតឲ្យទាមទារសំណងផ្លូវចិត្ត និងសមូហភាព។ គេហទំព័របន្តថាការទទួលស្គាល់បែបនេះឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់អ.វ.ត.ក ចំពោះអាណត្តិរបស់ខ្លួន ក្នុងការជួយដល់ប្រជាជនកម្ពុជាស្វែងរកយុត្តិធម៌ និងការផ្សះផ្សាជាតិ ដូចមានចែងក្នុងបុព្វកថានៃកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានថ្លែងក្នុងលិខិតចំហមួយរបស់លោកថាការដកខ្លួនរបស់អ្នកស្រី Hirst បញ្ជាក់ពីការ«បរាជ័យទាំងមូល» ដើម្បីសម្រេចនូវការសន្យាដែលបានធ្វើឡើងនៅចំពោះមុខជនរងគ្រោះ ក្នុងដំណើរការស្វែងរកយុត្តិធម៌។ លោកបន្ថែមថាតុលាការខ្មែរក្រហមទទួលស្គាល់ជនរងគ្រោះក្នុងដំណើរការស្វែងរកយុត្តិធម៌ ដូច្នេះពួកគេដែលដើមបណ្តឹងរដ្ឋប្បវេណីមានសិទ្ធិក្នុងការជម្រាបអំពីដំណើរការរបស់តុលាការ។
លោក Peter Maguire ជាអ្នកនិពន្ធ និងអ្នកជំនាញខាងប្រវត្តិសាស្ត្រខ្មែរក្រហម ប្រាប់វីអូអេថាតុលាការខ្មែរក្រហមបានបង្ហាញនូវការសាកល្បងសម្រាប់ការចូលរួមរបស់ជនរងគ្រោះ ហើយវាជាការសាកល្បងមួយដែលអាចផ្តល់នូវយុត្តិធម៌ និងជាការព្យាបាលរោគសម្រាប់ជនរងគ្រោះ។ ប៉ុន្តែលោកថាការសាកល្បងនេះបានបរាជ័យ ដូចបានឆ្លុះបញ្ចាំងជាភស្តុតាងតាមរយៈលិខិតដកខ្លួនរបស់អ្នកស្រី Hirst។
លោកការពារការអះអាងថាការបញ្ចូលយន្តការនៃការព្យាបាលរោគសម្រាប់ជនរងគ្រោះបានធ្វើឲ្យដំណើរការរបស់តុលាការសាំញាំខ្លាំងមែនទែន ហើយវាគួរតែត្រូវបានផ្តល់ជំនួសវិញ នៅខាងក្រៅបន្ទប់តុលាការ។
លោក Peter Maguire បញ្ជាក់ថា៖ «ការសុំតុលាការដែលខុសឆ្ងាយពីតុលាការឧក្រិដ្ឋកម្មសង្គ្រាម ឱ្យផ្សះផ្សាសង្គម ឬបង្រៀនមេរៀនប្រវត្តិសាស្ត្រ គឺជាការស្នើសុំច្រើនពេកហើយ»៕