ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិយ៉ាងតិចពីរ នៅថ្ងៃសុក្រ បានរិះគន់អាជ្ញាធរកម្ពុជាថាខកខានក្នុងការតាមរកសកម្មជនថៃម្នាក់ដែលត្រូវបានរាយការណ៍ថាត្រូវបានចាប់ពង្រត់ដោយជនមិនស្គាល់អត្តសញ្ញាណក្នុងរាជធានីភ្នំពេញកាលពីឆ្នាំមុន។
ការរិះគន់នេះ ធ្វើឡើងចំខួបមួយឆ្នាំនៃការបាត់ខ្លួនរបស់សកម្មជនថៃ គឺលោក Wanchalearm Satsaksit ដែលរិះគន់ឥតសំចៃមាត់ប្រឆាំងនឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-O-Cha (ប្រាយុទ្ធ ចាន់អូចា) កាលពីថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២០។
អង្គការ Amnesty International ដែលមានស្នាក់ការធំក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសុក្រថាអាជ្ញាធរកម្ពុជា បានបរាជ័យក្នុងការអនុវត្តន៍កាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួនដើម្បីស៊ើបអង្កេតឲ្យបានត្រឹមត្រូវទៅលើករណីបាត់ខ្លួនដោយបង្ខំរបស់លោក Wanchalearm Satsaksit។
អ្នកនាង Ming Yu Hah នាយិការងប្រចាំតំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកនៃអង្គការAmnesty International បានមានប្រសាសន៍ថា៖ «ការស៊ើបអង្កេតដ៏ខ្ជីខ្ជានេះ នៅទ្រឹងមួយឆ្នាំកន្លងមកនេះ ដោយការអូសជើង បន្ទោសគ្នា និងគ្មានការប្រឹងប្រែងដ៏គួរឲ្យជឿជាក់ណាមួយដើម្បីពិនិត្យមើលទៅលើហេតុការណ៍ដែលបានកើតឡើងចំពោះលោកWanchalearmនោះទេ»។
សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (International Federation for Human Rights) ក៏បានរិះគន់ថារដ្ឋាភិបាលកម្ពុជា បានបង្ហាញកង្វះការប្តេជ្ញាចិត្តពិតប្រាកដក្នុងការដោះស្រាយករណីនេះផងដែរ។
ប៉ុន្តែ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញម្នាក់ បានថ្លែងប្រាប់វីអូអេនៅពេលមុននេះក្នុងសប្តាហ៍នេះថាលោកត្រូវការពេលវេលាបន្ថែមទៀតដើម្បីស្រាវជ្រាវមើលឯកសារក្នុងសំណុំរឿងនេះជាមុនសិន ដោយសារលោកទើបត្រូវបានតែងតាំងនៅពីពេលថ្មីៗ។
កាលពីថ្ងៃពុធ ក្រុមមេធាវីតំណាងគ្រួសារលោក Wanchalearm Satsaksit និងបងស្រីបង្កើតរបស់សកម្មជនថៃរូបនេះ ក៏បានទទូចឲ្យអាជ្ញាធរកម្ពុជា បន្តស្វែងរកលោក Wanchalearm Satsaksit ដើម្បីឲ្យដឹងពិតប្រាកដអំពីជោគវាសនារបស់សកម្មជនរូបនេះ៕