អង្គការពលកម្មអន្តរជាតិបានព្រមានថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធរាប់លាននាក់ នឹងត្រូវជ្រើសរើសថា តើគួរទៅធ្វើការដែលប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ឬក៏មិនទៅធ្វើការ ហើយប្រឈមនឹងការគ្មានម្ហូបអាហារបរិភោគ។
សេដ្ឋវិទូនៃអង្គការពលកម្មអន្តរជាតិ ដែលហៅកាត់ថា ILO បានព្រមានថា វិធានការបិទប្រទេសដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ១៩ នឹងបង្កើនភាពក្រីក្រក្នុងចំណោមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២ ពាន់លាននាក់ នៅលើពិភពលោក។ ការងារបែបសេដ្ឋកិច្ចក្រៅប្រព័ន្ធមាននៅគ្រប់កន្លែងទាំងអស់នៅលើពិភពលោក ក៏ប៉ុន្តែមានទូទៅច្រើននៅក្នុងបណ្ដាប្រទេសមានប្រាក់ចំណូលទាប។
អង្គការ ILO បញ្ជាក់ថា អ្នកទាំងនោះអាចងាយរងគ្រោះដោយសារការបញ្ហារង្គោះរង្គើណាមួយផ្នែកសេដ្ឋកិច្ច ដែលប៉ះពាល់ដល់ការងារ និងជីវភាពរស់នៅរបស់ពួកគេ។ អង្គការនេះនិយាយថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើនរស់នៅក្នុងស្ថានភាពអសន្តិសុខខ្ពស់។ ពួកគេគ្មានការការពារខាងសង្គមណាមួយទេ ហើយមិនមានប្រាក់កាសបម្រុងទុកសម្រាប់គ្រាលំបាកនោះឡើយ ប្រសិនបើពួកគេគ្មានការងារធ្វើ។
លោក Philippe Marcadent គឺជាប្រធានផ្នែកទីផ្សារពលកម្ម ទំនាក់ទំនងពលកម្ម និងលក្ខខណ្ឌការងារដែលហៅកាត់ថា INWORK របស់អង្គកា រILO។ លោកនិយាយថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលក្រីក្រ និងងាយរងគ្រោះរួចទៅហើយនៅក្នុងស្ថានការណ៍ធម្មតានោះ នៅពេលនេះ ប្រឈមនឹងហានិភ័យថ្មីៗ ដោយសារការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណា។
លោក Marcadent បាននិយាយថា៖ «កាលពីចុងខែមេសាកន្លងទៅនេះ យើងបានប៉ាន់ប្រមាណថា វិធានការបិទប្រទេសមានផលប៉ះពាល់ច្រើនក្រាស់ក្រែលលើកម្មករ ១ ពាន់ ៦ រយលាននាក់ ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។...សម្រាប់មនុស្សជាច្រើន ការគ្មានការងារធ្វើមានន័យថាគ្មានប្រាក់ចំណូល»។
របាយការណ៍មួយរបស់អង្គការ ILO បានរកឃើញថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទ្វីបអាមេរិកឡាទីន និងនៅបណ្ដាប្រទេសអារ៉ាប់ បានរងគ្រោះខ្លាំងបំផុតពីការបិទប្រទេស ហើយបន្ទាប់មក គឺកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទ្វីបអាហ្វ្រិកតំបន់អាស៊ីប៉ាស៊ីហ្វិកទ្វីបអឺរ៉ុប និងតំបន់អាស៊ីកណ្ដាល។ ការជូនដំណឹងមួយអំពីរបាយការណ៍នេះ បង្ហាញថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើន ដែលគ្មានមធ្យោបាយផ្សេងទៀតដើម្បីចិញ្ចឹមជីវិត ប្រឈមនឹងស្ថានការណ៍ពិបាកសម្រេចចិត្តថាតើអាចស្លាប់ដោយសារការអត់ឃ្លាន ឬក៏ដោយសារវីរុសកូរ៉ូណា។
លោក Marcadent និយាយថា មនុស្សភាគច្រើនដែលធ្វើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានជំងឺគ្មានការជួយធានារ៉ាប់រងណាមួយដោយប្រព័ន្ធសន្តិសុខសង្គម ឬក៏គម្រោងសុខភាពណាមួយនោះទេ។
លោក Marcadent ថ្លែងទៀតថា៖ «ការណ៍នេះមានន័យថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធជាច្រើននឹងត្រូវបង្ខំចិត្តខ្ចីបុលគេ ឬក៏លក់របស់របរដែលពួកគេមាន ដើម្បីបង់ថ្លៃថែទាំសុខភាព ដែលធ្វើឱ្យពួកគេធ្លាក់ជ្រៅថែមទៀតទៅក្នុងភាពទីទាល់ក្រ។ ពលករជាច្រើនគ្មានលទ្ធភាពទទួលបានការថែទាំសុខភាព។ បន្ថែមពីលើផលវិបាកធ្ងន់ធ្ងរ ដែលអាចកើតមានលើពួកគេផ្ទាល់ ករណីនេះក៏រួមចំណែកផងដែរដល់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា»។
របាយការណ៍នេះគូសបញ្ជាក់អំពីសេចក្តីត្រូវការនៅក្នុងការការពារកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយបង្កើតគោលនយោបាយដែលកាត់បន្ថយការប្រឈមរបស់ពួកគេចំពោះវីរុសនេះ។ របាយការណ៍នេះបានបន្ថែមថា កម្មករណាដែលធ្លាក់ខ្លួនឈឺត្រូវតែទទួលបានការព្យាបាល និងការថែទាំសុខភាព ហើយរដ្ឋាភិបាលគួរផ្តល់ប្រាក់ចំណូល និងស្បៀងអាហារដល់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេផងដែរ៕
ប្រែសម្រួលដោយ ឈឹម សុមេធ