ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កើន​ឡើង​នៃវីរុស​ក្នុង​ចំណោម​ជនចំណាក​ស្រុក​បង្ហាញ​ពី​សេដ្ឋ​កិច្ច​ពីរ​ប្រព័ន្ធ​របស់​សិង្ហបុរី


ប្រជាជន​ពាក់​ម៉ាស់​ការពារ​ជំងឺរាតត្បាត​កូវីដ​១៩​។
ប្រជាជន​ពាក់​ម៉ាស់​ការពារ​ជំងឺរាតត្បាត​កូវីដ​១៩​។

វា​គឺ​ផ្នែក​មួយ​នៃ​ប្រទេស​សិង្ហបុរី​ដែល​យើង​មិន​សូវ​បាន​ឃើញ៖ អាវយឺត​ច្រើន​ពណ៌ព្យួរ​លើគ្រែ ឬ​ព្យួរ​លើ​ខ្សែរចង​ភ្ជាប់​ជាមួយ​នឹង​គ្រែ​ដើម្បី​ធ្វើជាទូរខោអាវ។ ជញ្ជាំង​ពណ៌​ប្រផេះ​បែក​ត្នោត​ក្នុងបន្ទប់ស្នាក់​នេះ​ទទេរ​ស្អាត​តែ​ពេល​ខ្លះ​មាន​កង្ហារ​លើ​ជញ្ជាំង​នោះ។​

ប៉ុន្តែ​បន្ទប់​ស្នាក់​នៅ​របស់​កម្មករ​បរទេស​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​នៅពេល​ដែល​ជំងឺកូវីដ​១៩​បាន​ផ្ទុះ​ឡើង​ក្នុង​កន្លែង​ដែល​ពួកគេ​រស់នៅ ដែល​វា​បាន​ធ្វើ​ឲ្យ​សិង្ហបុរី​បង្ខំ​ចិត្តអនុវត្ត​បំរាម​ដែល​ខ្លួន​គិត​ថា​បាន​បញ្ឈប់​ការ​រីករាលដាល​នៃ​មេរោគ​នោះ​ម្តងទៀត។ រលកចុងក្រោយ​នៃ​ការ​ឆ្លង​ជំងឺ​នេះ​ដែល​ភាគ​ច្រើនឆ្លង​ក្នុង​ចំណោម​កម្មករ​ចំណាក​ស្រុក បាន​បង្ហាញ​ឲ្យឃើញ​ពី​ការ​ប្រែក្លាយ​សិង្ហបុរី​ពី​ប្រទេសដែលជោគជ័យក្នុង​ការ​ទប់ស្កាត់​វីរុស​កូរ៉ូណា​មក​ជា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​ច្រើន​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

ភាគច្រើន​នៃ​ករណី​ឆ្លង​វីរុស​សរុប​ប្រមាណ២៥០០០នាក់​គិតត្រឹមថ្ងៃទី​១២ ខែឧសភា​គឺ​ចេញ​មក​កម្មករ​ដែល​រស់នៅ​ក្នុង​អគារ​ស្នាក់​នៅ នេះ​បើយោង​តាម​ក្រសួង​សុខាភិបាល​សិង្ហបុរី។

កម្មករ​គឺ​ជា​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ច​ប្រព័ន្ធ​ពីរ​របស់​កោះ​នេះ ដែល​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​អ្នក​ជំនួញ​អង់គ្លេស​និង​បុគ្គលិក​ធនាគារ ក៏ដូចជា​បុគ្គលិក​អនាម័យ​មក​ពី​ប្រទេស​ហ្វីលីពីន​និង​កម្មករ​សំណង់​មក​ពី​ប្រទេស​បង់ក្លាដែស។ កម្មករ​សំណង់​ស្នាក់​នៅ​ក្នុង​អគារ​ស្នាក់​នៅ​ក្នុង​មួយ​បន្ទប់​មាន​គ្នា​ដល់​ទៅ​២០នាក់។

ក្រុម​តស៊ូ​មតិ​មួយ​បាន​និយាយ​ថា​ខ្លួន​ត្រូវ​បាន​គេ​ដាស់តឿន​ថា ការ​រស់នៅ​បែប​ប្រជ្រៀត​គ្នា​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ហានិភ័យក្នុង​ការ​រីករាលដាល​នៃ​វីរុស​នេះ។ ក្រុម​នេះ​និយាយថា៖«បុគ្គលិក​បណ្តោះអាសន្ន​ក៏​ត្រូវរាប់​បញ្ចូល​ដែរ»។​

លោក Alex Au ​អនុប្រធាន​នៃ​អង្គការ​នេះ​និយាយថា៖«យើង​មិន​អាច​បដិសេធ​បាន​ទេ​នៅ​ពេល​នេះ​ថា​ដង់ស៊ី​តេ​និង​ខ្យល់​ចេញ​ចូល​មិនល្អនៅ​ក្នុង​បន្ទប់​ស្នាក់​របស់​យើងគឺ​ជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​ឆ្លង​ជំងឺ​នេះ»។​

ប៉ុន្តែ​លោក​បាន​និយាយ​ថា បន្ទប់ស្នាក់​នៅ​គឺគ្រាន់តែ​ជា​រោគ​សញ្ញា​នៃ​បញ្ហា​ដែល​ធំ​ជាងនេះ។

លោក​បាន​ថ្លែង​តាម​សិក្ខាសាលា​អនឡាញ​ថា៖«ខ្ញុំចង់​បញ្ជាក់​ថា​ប្រទេស​សិង្ហបុរី​ញៀន​នឹងកម្លាំង​ពលកម្ម​ថោក។ យើង​មាន​គំរូ​សេដ្ឋកិច្ច​មួយ​ដែលពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​ថោក​ដើម្បី​ភាព​ចម្រុង​ចម្រើន​របស់​យើង»។

បច្ចុប្បន្ន​កម្មករ​ចំណាកស្រុក​ស្ថិត​ក្រោម​ការ​ចាប់អារម្មណ៍ ដោយសារ​ករណីឆ្លងជំងឺ​កូវីដ​១៩​ថ្មី​ៗគឺ​ភាគ​ច្រើនបំផុត​ស្ថិត​ក្នុង​ចំណោម​ពួកគេ នៅ​ក្នុង​ប្រទេ​សសិង្ហបុរី​ដែល​ជា​ប្រទេស​មួយ​ត្រូវ​បាន​គេ​ស្គាល់​ដោយសារ​តែ​មានអគារ​ចែងចាំង​នានា​និង​ជា​ជនជាតិ​អាស៊ី «មាន​ទ្រព្យ​ច្រើន​ខ្លាំង» ជា​ជាង​ពលកម្ម​ប្រើ​កម្លាំង​បាយ។

ប៉ុន្មាន​ខែ​មុន ចំណាប់​អារម្មណ៍​គឺ​ទៅ​លើ​ការ​ឆ្លើយ​តប​ភ្លាមៗ​របស់​រដ្ឋាភិបាល​បច្ចេកទេស​និយម គ្រប់គ្រង​ប្រទេស​ដោយ​ឯកបក្ស​មួយ​នេះ។ ប្រទេស​សិង្ហបុរីត្រូវ​បាន​គេ​អបអរ​សាទរ​ជាមួយ​នឹងប្រទេស​ផ្សេងៗដូចជា​កូរ៉េ​ខាងត្បូង​និង​កោះ​តៃវ៉ាន់​ដោយសារ​តែ​ការ​ព្យាបាល​អ្នក​ជំងឺ​បាន​លឿន តាមដាន​អ្នក​ពាក់ព័ន្ធ និង​ការ​កាត់ផ្តាច់​ការ​ធ្វើ​ដំណើរ​ទៅបរទេស។​

ប៉ុន្តែ​ការរឹតត្បិត​ការ​ធ្វើ​ដំណើរ​មិន​បាន​ដោះស្រាយ​ការ​ឆ្លង​ជំងឺកូវីដ​១៩​ក្នុង​ស្រុក​នោះទេ ដែល​នាយករដ្ឋ​មន្ត្រី​ Lee Hsien Loong ​បាន​និយាយ​ថា​ជំងឺ​នេះ​លាក់​ខ្លួន​រាតត្បាត​ជាពិសេស​ក្នុង​ចំណោម​កម្មករ។ ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​បាន​កើន​លើស​១,០០០​ករណីជាច្រើន​ដង​ក្នុង​រយៈពេល​បី​សប្តាហ៍​ចុងក្រោយ​នេះ ដែល​ពី​មុន​មាន​តែ​ប៉ុន្មាន​រយ​ករណី​ប៉ុណ្ណោះ។

ករណី​ជំងឺកូវីដ​១៩ក្នុង​ប្រទេស​សិង្ហបុរី​ដែល​មាន​ប្រមាណ២៥០០០ករណី​គិតត្រឹម​ថ្ងៃទី១២ ខែឧសភា​នេះ​គឺ​ខ្ពស់ជាង​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ទោះ​ជា​ប្រទេសនេះ​មាន​ប្រជាជន​តិច​បំផុត​ក្នុង​តំបន់​លើក​លែងប្រទេសព្រុយណេ។ ម្នាក់​ក្នុង​ចំណោម​ប្រាំនាក់​ក្នុង​ប្រទេ​សសិង្ហបុរី​គឺ​ជា​កម្មករ​បរទេស។

អង្គការ​មិន​រក​កម្រៃ HOME ដែល​ជួយ​កម្មករផ្នែក​ស្ថានភាព​រស់នៅ ចោរកម្ម​ប្រាក់ឈ្នួល​និង​ការ​រំលោភបំពានពី​និយោជក បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា៖«ជំងឺរាតត្បាត​កូវីដ​១៩ បាន​បង្ហាញ​ថា​កម្មករ​ចំណាក​ស្រុក​គឺ​មាន​សារៈសំខាន់​ខ្លាំង​ក្នុងដំណើរ​ការ​នៃ​ប្រទេស​របស់​យើង។ យើង​ត្រូវតែ​ធ្វើ​យ៉ាង​ណា​អាចឲ្យ​ពួកគេ​តស៊ូ​មតិ​ដើម្បី​សុខមាលភាព​ខ្លួន​គេ​ផ្ទាល់​និងអាច​និយាយ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ការ​ធ្វើ​ទុក្ខ​បុកម្នេញ»។

រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​លោកស្រី Josephine Teo បាន​និយាយ​ថា អ្នក​ស្រី​ពិត​ជា​ជឿថា​ប្រទេស​សិង្ហបុរី​គួរ​តែ​កែប្រែ​ស្ថានភាព​នៃ​បន្ទប់ស្នាក់នៅ​ឲ្យ​បាន​ប្រសើរ​ជាង​មុន។ ក្នុង​រយៈពេល​ខ្លី ក្រសួង​របស់​លោកស្រី​នឹង​រៀបចំ​ការ​ចែក​ចាយ​អាហារ​និង​ត្រួតពិនិត្យ​អ្នកគ្រប់គ្រង​ដែលបង្កើន​ការសម្អាត​បន្ទប់​ស្នាក់នៅ។ ទោះ​យ៉ាង​ណា លោក​ស្រី​បាន​និយាយ​ថា​ប្រទេស​នេះ​ត្រូវ​តែជម្នះ​ភាព​អាសន្ន​នៃ​វីរុស​នេះ​មុន​នឹង​ខ្លួន​អាចដោះ​ស្រាយស្ថានភាព​រស់​នៅ​របស់​កម្មករ​បាន​ដោយ«អស់ពី​ចិត្ត» ក្នុង​រយៈពេល​វែង។​

ក្រសួង​សុខាភិបាល​ក៏​បាន​និយាយ​ដែរ​ថា​ខ្លួន​នឹង​បង្កើន​ការ​ធ្វើ​តេស្ត​រក​វីរុស​នេះ​នៅតាម​បន្ទប់​ស្នាក់នៅ ស្វែង​រក​អ្នក​ពាក់ព័ន្ធ​និង​ការ​តាមដាន។

លោក Gan Kim Yong រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​សិង្ហបុរី​បាន​និយាយ​ថា៖«ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការកើន​ឡើង​នៃ​ករណី​ឆ្លង​ដែល​រំពឹង​ទុក ជាពិសេស​ពី​អគារ​ស្នាក់​នៅ យើង​បាន​ពង្រីក​សមត្ថភាព​សុខាភិបាល​របស់​យើង​ភ្លាមៗ​ដែល​រួម​មាន សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ​និង​បុគ្គលិក​សុខាភិបាល​ផងដែរ»។

បញ្ហា​ប្រឈម​មួយ​របស់​សិង្ហបុរី​គឺករណី​ឆ្លង​ខ្លះ​ដែល​«មិនទាក់ទងគ្នា» មាន​ន័យ​ថា​អាជ្ញាធរ​មិន​អាច​បញ្ជាក់​បាន​ថា​តើ​វីរុស​នោះ​បាន​ឆ្លង​រីករាលដាល​ពី​មនុស្ស​ម្នាក់ទៅ​មនុស្ស​ម្នាក់ទៀត​ដោយ​របៀបណា។ ដូច្នេះ​ហើយបាន​ជា​លោក​នាយករដ្ឋ​មន្ត្រី បានព្រមាន​អំពី ជំងឺ​កូវីដ១៩ដែល​លាក់​ខ្លួន​នៅ​ក្នុង​សហគមន៍។​

លើស​ពី​ជំងឺ​រាតត្បាត​នេះ​លោក​ Au​អ្ន​កតស៊ូ​មតិ​ឲ្យកម្មករ​សង្ឃឹម​ថា​ការណ៍​នេះ​នឹង​ក្លាយ​ជា​ពេល​វេលា​រៀនសូត្រ​មួយ​សម្រាប់​ប្រទេស​សិង្ហបុរី ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ធំជាង​នេះ ដូចជា​ថ្លៃ​ឈ្នួល​រើស​បុគ្គលិកថ្លៃ​ហួសហេតុ និង​ការ​មិន​ផ្តល់​ប្រាក់​ធ្វើការ​ថែម​ម៉ោង​ដល់​ពលករ​ចំណាកស្រុក។

លោក Au និយាយ​ថា វិសមភាព​ផ្នែក​កម្លាំង​ពលកម្ម​គឺជា​ផ្នែក​នៃ«បញ្ហា​រចនា​សម្ព័ន្ធ» ដែល​បណ្តាល​ឲ្យ​ប្រទេស​នេះងាយ​រងគ្រោះ។ លោកថ្លែង​បន្ថែម​ថា «វា​ពិបាក​ក្នុង​ការ​ទស្សន៍ទាយ​ថា​តើ​វិបត្តិ​បន្ទាប់​នឹង​ចេញ​ពី​កន្លែង​ណា»៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG