ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេបញ្ជាការ​ប៉ូលិស​អាហ្វហ្គានីស្ថាន​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ត្រូវ​បាន​សម្លាប់


រូបភាព​ឯកសារ៖ ឧត្តមសេនីយ Abdul Raziq មេបញ្ជាការ​ប៉ូលិស​អាហ្វហ្គានីស្ថានត្រូវ​បាន​សម្លាប់។
រូបភាព​ឯកសារ៖ ឧត្តមសេនីយ Abdul Raziq មេបញ្ជាការ​ប៉ូលិស​អាហ្វហ្គានីស្ថានត្រូវ​បាន​សម្លាប់។

មន្ត្រី​កំពូល​ពីរ​នាក់​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស អាហ្វហ្គានីស្ថាន ដោយ​រួម​ទាំង​មេបញ្ជាការ​ប៉ូលិស​ដ៏​មាន​អំណាច​ម្នាក់​ផង​គឺ​លោក​ឧត្តមសេនីយ៍ Abdul Raziq ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​មួយ ក្នុង​អំឡុងពេល​នៃ​ទស្សនកិច្ច​របស់​មេបញ្ជាការ​អាមេរិក​កំពូល​ម្នាក់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

ឧត្តមសេនីយ៍​អាមេរិក លោក Scott Miller មិន​បាន​រងរបួស​អ្វី​នោះ​ទេ។ លោក​កំពុង​តែ​ធ្វើ​ទស្សនកិច្ច​ទៅ​ជួប​លោក​អភិបាល​ក្រុង Kandahar និង​មន្ត្រី​ថ្នាក់​ខេត្ត​ដទៃទៀត។ បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា អ្នក​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កន្លែង​ចត​ឧទ្ធម្ភាគចក្រ​មួយ បន្ទាប់​ពី​កិច្ច​ប្រជុំ​នោះ​បាន​បញ្ចប់ ហើយ​ភ្លាមៗ​នោះ​ការ​វាយប្រហារ​ក៏​បាន​កើតឡើង។

ក្រៅ​ពី​លោក Raziq ដែល​បាន​រស់រាន​មាន​ជីវិត​ពី​ការ​វាយប្រហារ​របស់​ក្រុម​តាលីបង់​ប៉ុន្មាន​លើ​ក​មក​ហើយ ការវាយប្រហារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ក៏​បាន​សម្លាប់​នាយក​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ថ្នាក់​ខេត្ត​ម្នាក់​និង​ធ្វើ​ឲ្យ​អភិបាល​ក្រុង Kandahar របួស​ធ្ងន់​ផង​ដែរ។ ជនជាតិ​អាមេរិកាំង​ពីរ​នាក់​បាន​រងរបួស​។

ក្រុម​តាលីបង់​បាន​អះអាង​ទទួល​ខុសត្រូវ​លើ​ការ​វាយប្រហារ​នេះ ដោយ​និយាយ​ថា ជនបង្កប់​បាន​ធ្វើ​ការ​វាយប្រហារ​សំដៅ​ទៅ​លើ​លោក Raziq និង​ឧត្តមសេនីយ៍​អាមេរិក​រូប​នេះ​។ ​

លោក Dave Butler អ្នក​នាំ​ពាក្យ​យោធា​អាមេរិក​បាន​និយាយ​ថា ជនជាតិ​អាមេរិកាំង​ដែល​រង​របួស​«ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​និង​មាន​ស្ថានភាព​សុខភាព​នឹង​នរ​ទេ»។ លោក​បាន​បន្ថែម​ទៀត​ថា ជន​ដៃដល់​បាន​ស្លាប់ ​ហើយ​កន្លែង​កើតហេតុ​មាន​សុវត្ថិភាព​វិញ​ហើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG