ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីយោធាមីយ៉ាន់ម៉ាពីរនាក់បន្ថែមទៀត ដើម្បីជាការឆ្លើយតបទៅនឹងការសម្លាប់បាតុករដែលធ្វើបាតុកម្មអហិង្សា។
ការដាក់ទណ្ឌកម្មនេះបានធ្វើឡើងកាលពីយប់ថ្ងៃចន្ទ ទៅលើឈ្មោះ Moe Myint Tun និង Maung Maung Kyaw។
សេចក្ដីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ាប្រគល់អំណាចឡើងវិញដល់រដ្ឋាភិបាល ដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ បើមិនដូច្នេះទេនឹងប្រឈមនឹងទណ្ឌកម្មបន្ថែម។
សេចក្ដីថ្លែងការណ៍នោះបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយដៃគូនានានៅក្នុងតំបន់និងពិភពលោក ដើម្បីដាក់សម្ពាធលើយោធានិងប៉ូលិសមីយ៉ាន់ម៉ា ឲ្យបញ្ឈប់ការប្រើអំពើហិង្សាគ្រប់រូបភាពប្រឆាំងនឹងបាតុករអហិង្សា គាំទ្រការស្ដារឡើងវិញនៃលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជំរុញឲ្យមានការដោះលែងអ្នកទោសនយោបាយជាបន្ទាន់ ដែលក្នុងនោះរួមមានទាំងទីប្រឹក្សារដ្ឋអ្នកស្រី Aung San Suu Kyi និងលោកប្រធានាធិបតី Win Myint ផងដែរ និងលើកកម្ពស់ឲ្យមានការទទួលខុសត្រូវសម្រាប់ជនទាំងឡាយណាដែលទទួលខុសត្រូវចំពោះការប៉ុនប៉ងធ្វើឲ្យការវិវឌ្ឍទៅរកលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ាដើរថយក្រោយ»។
កាលពីដើមខែនេះ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីយោធាមីយ៉ាន់ម៉ាចំនួន ១០ នាក់រួចមកហើយ ទាំងមន្ត្រីពីមុននិងមន្ត្រីបច្ចុប្បន្ន៕