ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គុណភាព​ប្រព័ន្ធ​អប់រំ​នៅ​ឥណ្ឌូនេស៊ី​ដើរ​​ក្រោយ​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់


រូបឯកសារ៖ សិស្សសាលាដើរទៅផ្ទះពេលចេញពីរៀននៅភូមិមួយ ក្នុងខេត្ត West Timor ប្រទេសឥណ្ឌូនេស៊ី។
រូបឯកសារ៖ សិស្សសាលាដើរទៅផ្ទះពេលចេញពីរៀននៅភូមិមួយ ក្នុងខេត្ត West Timor ប្រទេសឥណ្ឌូនេស៊ី។

ឥណ្ឌូនេស៊ី​មាន​សក្ដានុពល​ប្រជាសាស្រ្ត​ ដែល​មាន​ប្រជាជន​វ័យក្មេង​មួយ​ភាគ​ធំ​នៃ​ប្រជាជន​សរុប​ចំនួន​២៦០​លាន​នាក់​។ ឥណ្ឌូនេស៊ី​មាន​សក្តានុពល​ដ៏​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច ប៉ុន្តែ​ការណ៍​នេះ​បាន​ថមថយ​ទៅ​វិញ​ដោយសារ​តែ​សមិទ្ធផល​ទាប​ក្នុង​វិស័យ​អប់រំ​។ 

សិស្ស​នៅ​ឥណ្ឌូនេស៊ី​ស្ថិត​ក្នុង​ចំណោម​សិស្ស​មាន​សមត្ថភាព​ទាប​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​មានឈ្មោះ​ថា ការ​វាយតម្លៃ​លើ​កម្មវិធី​សម្រាប់​សិស្សានុសិស្ស​អន្តរជាតិ​ (PISA)។ របាយការណ៍​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​កាល​ពី​ខែ​ធ្នូ​ ដោយ​អង្គការ​សម្រាប់​ការ​អភិវឌ្ឍ​និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ឬ OECD។ យុវជន​ឥណ្ឌូនេស៊ី​ក្នុង​ល្បាក់​វ័យ​១៥ឆ្នាំ​ជាប់​លំដាប់​ថ្នាក់​ទី​១០​រាប់​ពី​ក្រោម នៅ​ក្នុង​ចំណោម​សិស្ស​ក្នុង​ប្រទេស​ចំនួន​៧៩​ ដែល​ត្រូវ​បាន​ស្ទង់មតិ​ទៅ​លើ​មុខវិជ្ជា​ចំនួន​បី​រួមមាន៖​ គណិតវិទ្យា អំនាន និង​វិទ្យាសាស្រ្ត។ លទ្ធផល​នេះ​ចង្អុល​បង្ហាញ​ពី​បញ្ហាគុណភាព​អប់រំ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​មួយ​នេះ។

អ្នក​ជំនាញ​ផ្នែក​គោលនយោបាយ​ លោក Totok Amin Soefijanto នៃ​សាកលវិទ្យាល័យ​ Paramadina ក្នុង​រដ្ឋធានី​ហ្សាកាតា​ ប្រទេស​ឥណ្ឌូនេស៊ី បាន​និយាយ​ថា៖ «នេះ​ជា​ការ​ក្រើន​រំឭក​មួយ​សម្រាប់​យើង​ទាំងអស់​គ្នា​នៅ​ក្នុង​វិស័យ​អប់រំ»។

សក្ដានុពល​មិន​អំណោយផល

ឥណ្ឌូនេស៊ី​មាន​សក្ដានុពល​ប្រជាសាស្រ្ត​ ដែល​មាន​ប្រជាជន​វ័យក្មេង​មួយ​ភាគ​ធំ​នៃ​ប្រជាជន​សរុប​ចំនួន​២៦០​លាន​នាក់​។ ឥណ្ឌូនេស៊ី​មាន​សក្តានុពល​ដ៏​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច ប៉ុន្តែ​ការណ៍​នេះ​បាន​ថមថយ​ទៅ​វិញ​ដោយសារ​តែ​សមិទ្ធផល​ទាប​ក្នុង​វិស័យ​អប់រំ​។

គ្រូបង្រៀន​ដែល​សមត្ថភាព​មាន​កម្រិត​គឺ​ជា​បញ្ហា​ចម្បង​មួយ។ ៦៥ភាគរយ​នៃ​សិស្ស​ដែល​ត្រូវ​បាន​ស្ទង់មតិ​ដោយ​កម្មវិធី​វាយតម្លៃ PISA និយាយ​ថា គ្រូ​របស់​ពួកគេ​កម្រ​នឹង​ផ្តល់​ការ​វាយតម្លៃ​ដោយ​ផ្ទាល់​ដល់​ពួកគេ​ណាស់។ គ្រូ​ម្នាក់​ក្នុង​ចំណោម​គ្រូ​បង្រៀន​ប្រាំ​នាក់​អវត្តមាន​ជា​ប្រចាំ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​ធនាគារ​ពិភពលោក​នៅ​ឆ្នាំ ២០១៧។ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​ធ្វើ​តេស្ត​សមត្ថភាព​គ្រូបង្រៀន​ ហើយ​នៅ​ក្នុង​ឆ្នាំ ២០១៥ ពិន្ទុ​មធ្យម​របស់​គ្រូ​បង្រៀន​ជិតបី​លាន​នាក់​ ដែល​បាន​ធ្វើ​តេស្ត​ មាន​ត្រឹម ៥៣ភាគរយ​ប៉ុណ្ណោះ។ នេះ​បើ​យោង​ទៅ​តាម​ការ​សិក្សា​វិភាគ​មួយ​ដោយ​សាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ University of Melbourne លោក Andrew Rosser។

​អ្នក​ជំនាញ​ផ្នែក​គោលនយោបាយ​លោក Soefijanto បាន​និយាយ​ថា៖ «យើង​មិនបាន​ធ្វើ​ការវាយតម្លៃ​សមត្ថភាព​ម្តង​ទៀត​នោះ​ទេ​ចាប់តាំង​ពី​ឆ្នាំ ២០១៥​មក​ ដែល​ខ្ញុំ​គិត​ថា​ នេះ​ជា​កំហុស​មួយ​របស់​យើង ដោយសារ​តែ​ប្រសិន​បើ​យើង​មិន​ធ្វើ​ការ​វាស់វែង​សមត្ថភាព​របស់​គ្រូបង្រៀន យើង​មិន​ដឹង​ថា សមត្ថភាព​របស់​ពួកគាត់​បាន​ធ្លាក់​ចុះ​នៅ​ត្រង់ចំណុច​ណា​នោះ​ទេ»។

គ្រូបង្រៀន​នៅ​ឥណ្ឌូនេស៊ី​ក៏​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ប្រាក់​បៀរវត្សន៍​ទាប​ខ្លាំង និង​ជា​ញឹកញយ​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ទៅ​ធ្វើ​ជា​គ្រូបង្រៀន ​ដោយសារ​តែ​បក្ខពួក​និយម ឬ​ការ​ដោះដូរ​សម្រាប់​ប្រយោជន៍​អ្វី​មួយ ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​សមត្ថភាព​គ្រូបង្រៀន​ធ្លាក់​ចុះ។​ នេះ​បើ​យោង​ទៅ​តាម​លោក ​Rosser។

ការ​ធ្វើ​វិមជ្ឈការ​គឺ​ជា​បញ្ហា​ប្រឈម​មួយ​ទៀត​សម្រាប់​ការ​លើក​កម្ពស់​វិស័យ​អប់រំ។​ ក្រោម​របប​ផ្តាច់ការ​របស់​មេដឹកនាំ​យោធា​ ​លោក Suharto ចាប់​ពី​ឆ្នាំ១៩៦៥ដល់​ឆ្នាំ ១៩៩៨ ​ប្រព័ន្ធ​អប់រំ​មាន​លក្ខណៈ​មជ្ឈការ​ខ្លាំង។ ប៉ុន្តែ​ក្រោយ​ពី​របប​នោះ​បាន​ផ្លាស់ប្តូរ​ជា​របប​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ រដ្ឋាភិបាលក្រុង​ហ្សាកាតា​បាន​ផ្តល់​ការ​គ្រប់គ្រង​គោលនយោបាយ​អប់រំ​ទៅ​ឲ្យ​រដ្ឋបាល​តាម​តំបន់។ ដោយសារ​តែ​ប្រទេស​ឥណ្ឌូនេស៊ី​ជា​បណ្ដុំកោះ​ចំនួន​ ១៥០០០ ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដើម្បី​អនុវត្ត​កម្មវិធី​ផ្សេងៗ​ដូចជា​កម្មវិធី​សិក្សា​ស្តង់ដារ ឬ​វាស់ស្ទង់​សមត្ថភាព​របស់​គ្រូបង្រៀន​ជាដើម។ ​

អ្នក​បម្រើការ​ផ្នែក​ការងារ​សង្គម​និង​ជា​សកម្មជន​លោក​ Ryan Febrianto បាន​និយាយ​ថា៖ «យើង​ក៏​មាន​បញ្ហា​ប្រឈម​ផ្សេងៗ​ផង​ដែរ​ពាក់ព័ន្ធ​នឹង​វិសមភាព​ក្នុង​ផ្នែក​ភូមិសាស្រ្ត​ ដោយសារ​តែ​យើង​មាន​តំបន់​ដាច់ស្រយាល​ច្រើន​នៅ​ក្នុង​ប្រទេស ឥណ្ឌូនេស៊ីជា​ប្រទេស​ដែល​មាន​តំបន់​រដ្ឋបាល​ ភាសា និង​វប្បធម៌​ចម្រុះ​ ដូច្នេះ​អ្វី​ដែល​សំខាន់​នោះ​គឺ​ត្រូវ​បង្កើត​គោលនយោបាយ​នានា​ដែលអាច​បំពេញ​តម្រូវការ​នេះ​បាន»។

របាយការណ៍​ចុងក្រោយ

របាយការណ៍​អង្គការ OECD កត់សម្គាល់​ថា លទ្ធផល​វាយតម្លៃ​នៅ​ក្នុង​ប្រទេស​កាល​ពី​ឆ្នាំ​មុន «ត្រូវ​បាន​ចាត់ទុក​នៅ​ក្នុង​បរិបទ​នៃ​ការ​បោះជំហាន​ទៅ​មុខ​ ដែល​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​ធ្វើ​នៅ​ក្នុង​ការ​បង្កើន​ចំនួន​សិស្ស​ចុះ​ឈ្មោះ​ចូលរៀន»។

ចាប់​ពី​ឆ្នាំ២០០១​រហូត​ដល់ឆ្នាំ​២០១៨ សំណាក​នៃ​ការ​វាយតម្លៃ​របស់​ PISA ក្នុង​ចំណោម​សិស្ស​អាយុ​១៥​ឆ្នាំ​បាន​កើន​ពី​៤៦​ភាគរយ​រហូត​ដល់​៨៥​ភាគរយ។ យោង​ទៅ​តាម​អ្នក​រៀបរៀងរបាយការណ៍​ នៅ​ពេល​គិត​ពី​ភាព​ខ្សោយ​របស់​សិស្ស​ចំណូល​ថ្មី​ចូល​សាលា​ ការណ៍​ដែល​លទ្ធផល​នៃ​ការវាយតម្លៃ​មាន​លក្ខណៈ​ថេរ​ក្នុង​មួយ​រយៈពេល​នេះ​បញ្ជាក់​ថា «ឥណ្ឌូនេស៊ី​អាច​លើកកម្ពស់​គុណភាព​ប្រព័ន្ធ​អប់រំ​របស់​ខ្លួន»។

រដ្ឋមន្រ្តី​អប់រំ​ដ៏​ល្បី​ឈ្មោះ​របស់​ឥណ្ឌូនេស៊ី លោក Nadiem Makarim ដែល​ជា​អតីត​នាយកប្រតិបត្តិ​ក្រុមហ៊ុន​បម្រើការ​សេវាកម្ម​យានជំនិះ​ Go-Jek ដ៏​មាន​ឥទ្ធិពល​បាន​ប្រាប់​សារព័ត៌មាន​នៅ​ឥណ្ឌូនេស៊ី Kompas ថា លទ្ធផល​វាយតម្លៃ​របស់​កម្មវិធី PISA «មិន​គួរ​ចាត់ទុក​ជា​ព័ត៌មាន​ល្អ​នោះ​ទេ» ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​មាន «ការ​បង្វែរ​ទិសដៅ» នៅ​ក្នុង​ស្តង់ដារ​អប់រំ។ លោក​បាន​ប្រកាស​ថា ការ​ប្រឡង​ថ្នាក់ជាតិ​គួរ​តែ​ត្រូវ​ចាត់​ទុក​ជា​ការ​វាយតម្លៃ​ផ្នែក​សមត្ថភាព​បែប​អប្បបរមា​ប៉ុណ្ណោះ ដែល​ធ្វើ​តេស្ត​លើ​ផ្នែក​គណិតវិទ្យា និង​អក្សរសាស្រ្ត​សម្រាប់​សិស្ស។ ​

មុខ​វិជ្ជាចម្បង​ដែល​ខ្សោយ

គណិតវិទ្យា​គឺ​ជា​មុខវិជ្ជា​លំបាក​សម្រាប់​សិស្ស​នៅ​ឥណ្ឌូនេស៊ី ដែល​មាន​តែ​សិស្ស​មួយ​ភាគរយ​ប៉ុណ្ណោះអាច​ធ្វើ​បាន​ពិន្ទុ​ខ្ពស់ បើ​ប្រៀបធៀប​ជាមួយ​នឹង​សិស្ស​៤៤​ភាគរយ​នៅ​ចិន​ដី​គោក​ និង៣៧​ភាគរយ​នៅ​សិង្ហបុរី។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​ដដែល​នោះ។ ធនាគារ​ពិភពលោក​ក៏​បាន​អះអាង​ផងដែរ​ថា ៥៥​ភាគរយ​នៃ​សិស្ស​ឥណ្ឌូនេស៊ី​ដែល​បាន​បញ្ចប់​ការ​សិស្ស ​មិនចេះគណិតវិទ្យានោះ​ទេ។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ធនធានមួយ​ចំនួន​សម្រាប់​មុខវិជ្ជា​ចម្បងត្រូវ​បាន​បង្វែរ​ទៅឲ្យ​ការ​សិក្សា​ផ្នែក​សាសនា​វិញ។ ប្រហែល​ពីរ​ភាគបី​នៃ​សាលាមធ្យមសិក្សា​នៅ​ឥណ្ឌូនេស៊ី​គឺ​ជា​សាលា​ឯកជន ហើយ​ភាគច្រើន​ប្រហែល​៩០​ភាគរយ​គឺ​ជា​សាលា​ឥស្លាម។ សិស្ស​រៀន​នៅ​សាលា​សាសនា​ជា​ទូទៅ​ធ្វើ​បាន​ពិន្ទុ​ទាបជាង​សិស្ស​ដែល​រៀន​នៅ​សាលាធម្មតា​ពេល​ប្រលង។ នេះ​បើយោង​ទៅ​តាម​ការសិក្សា​មួយ​កាល​ពី​ឆ្នាំ​២០១៧។

ជា​ការ​គួរ​ឲ្យ​កត់សម្គាល់​មួយ​ផង​ដែរ​ថា ឥណ្ឌូនេស៊ី​ប្រហែល​ជា​មិន​ខ្វះ​ធនធាន​ដើម្បី​ផ្គត់ផ្គង់​លើ​វិស័យ​អប់រំ​នោះ​ទេ ប៉ុន្តែ​គួរ​ពិនិត្យ​ឡើងវិញ​ទៅ​លើ​ការ​ប្រើប្រាស់​ធនធាន។ ឥណ្ឌូនេស៊ី​បាន​ចំណាយ​ប្រហែល​៣,៦​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ខ្លួន​ទៅ​លើ​វិស័យ​អប់រំ​ក្នុង​ឆ្នាំ២០១៥​។ ការ​ចំណាយ​នេះ​នៅ​មាន​ទាប​ជាង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់ ​ដូចជា​ម៉ាឡេស៊ី​ និង​វៀតណាម ប៉ុន្តែ​វា​ស្រប​ជាមួយ​នឹងរដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ការ​ចំណាយ​២០​ភាគរយ​នៃ​ថវិកា​ជាតិ​ទៅ​លើ​វិស័យ​អប់រំ។

លោក Febrianto បាន​និយាយ​ថា៖ «នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​កំពុង​ផ្តោត​ទៅ​លើ​ការ​រក្សា និង​លើក​កម្ពស់​អត្រា​នៃ​ការ​ចុះឈ្មោះ​ចូលរៀន ក៏ដូចជា​មជ្ឈមណ្ឌល​សិក្សា​ផ្សេងៗ ប៉ុន្តែ​យើង​នៅ​តែ​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​លើកកម្ពស់គុណភាព​អប់រំ»។

តម្រូវការ​មូលដ្ឋាន​ផ្សេងៗ​សម្រាប់​កញ្ចប់​ថវិកា​ផ្នែក​វិស័យ​អប់រំ​នៅ​ឥណ្ឌូនេស៊ី ​មាន​ចាប់​ពី​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ដល់​គ្រូ​ជំនួស រហូត​ដល់​ការ​ធ្វើ​កំណែទម្រង់​ការប្រឡង​ថ្នាក់​ជាតិ។ ស្រប​ពេល​ដូចគ្នា​នេះ​ដែរ មាន​មុខវិជ្ជា​មួយ​ដែល​សិស្ស​នៅ​ឥណ្ឌូនេស៊ី​ទទួល​បាន​ពិន្ទុ​ខ្ពស់​រហូត​ដល់​អត្រា​៩១​ភាគរយ។​ ពួកគេនិយាយ​ថា «ពេល​ខ្លះពួកគេ​មាន​អារម្មណ៍​សប្បាយរីករាយ​ឬ​សប្បាយ​គ្រប់​ពេល​»៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG