អ្នកស្រី Reba Worotikan រស់នៅក្នុងទីក្រុង Corvallis រដ្ឋ Oregon និងជាម្ចាស់ហាង «Majestic Batiks»។ អ្នកស្រីបានប្រើសិល្បៈត្បាញពីបុរាណរបស់សហរដ្ឋអាមេរិកសម្រាប់ត្បាញក្រណាត់ឥណ្ឌូណេស៊ី។
អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «កម្រាលដូចនេះនៅក្នុងសហរដ្ឋអាមេរិកគឺជាអ្វីមួយដែលធ្វើដោយដៃ។ គេចំណាយពេលច្រើនដើម្បីធ្វើវាឡើង ហើយវាមានលក្ខណៈផ្ទាល់ខ្លួន។ ដូច្នេះ កម្រាលនេះមានអត្ថន័យច្រើនណាស់»។
អ្នកស្រី Worotikan ដែលមានស្វាមីជាជនជាតិឥណ្ឌូណេស៊ី បានចាប់ផ្ដើមអាជីវកម្មនេះនៅក្នុងឆ្នាំ ២០១៣។
អ្នកស្រីនិយាយថា៖ «យើងចង់បានឈ្មោះដែលងាយស្រួលធ្វើជាម៉ាកយីហោ នៅពេលដែលយើងគិតអំពីឥណ្ឌូណេស៊ី។ វាគឺជាទិដ្ឋភាព និងសម្រស់ដ៏អស្ចារ្យរបស់ប្រទេសឥណ្ឌូណេស៊ី»។
អ្នកស្រីសហការជាមួយនឹងសិល្បករផ្នែកជ្រលក់ពណ៌ និងរចនាក្រណាត់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយបង្កើតក្បាច់រចនាពិសេស និងពណ៌ផ្សេងៗសម្រាប់អតិថិជនអាមេរិកាំង ដែលពេញចិត្តនឹងម៉ូដពិសេសនៃកម្រាលទាំងនេះ។
អ្នកស្រី Worotikan បញ្ជាក់ថា៖ «ខ្ញុំមានចំណង់ចំណូលចិត្តខ្លាំងលើសិល្បៈត្បាញក្រណាត់ ហើយវាទំនងខ្លាំងបំផុតសម្រាប់ពួកយើងនៅក្នុងការប្រកបអាជីវកម្មនេះ ដោយសារតែពួកយើងមានទំនាក់ទំនងជាមួយនឹងឥណ្ឌូណេស៊ី ស្រឡាញ់វប្បធម៌ ក៏ដូចជាស្រឡាញ់ផ្នែកជ្រលក់ពណ៌ និងរចនាក្រណាត់ ដែលធ្វើឡើង និងផលិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី»។
អ្នកត្បាញកម្រាលទាំងនេះ ដែលធ្វើការជាមួយនឹងអ្នកស្រី Worotikanនិយាយថា ក្រណាត់ឥណ្ឌូណេស៊ីដែលជ្រលក់ពណ៌ និងរចនាដោយដៃនេះ គឺជាក្រណាត់ពិសេសសម្រាប់ការត្បាញ។
អ្នកស្រី Kim Nowak នៃហាង Majestic Batiks បញ្ជាក់ដូច្នេះថា៖ «ក្រណាត់នេះមិនរសាត់ថ្នេរនោះទេ នៅពេលដែលយើងកាត់ចុងវា ប៉ុន្តែក្រណាត់ផ្សេងទៀតគឺរសាត់ថ្នេរ ហើយខ្ញុំត្រូវដេរភ្ជាប់ឡើងវិញ។ ប៉ុន្តែក្រណាត់ batik មិនរសាត់ថ្នេរនោះឡើយ ដោយសារតែវាត្រូវបានត្បាញយ៉ាងញឹកណែនល្អ»។
អ្នកស្រី Worotikan និយាយថា អ្នកស្រី និងអ្នកច្នៃម៉ូដរបស់អ្នកស្រីមានម៉ូដរចនាពិសេសជាង ៣ ពាន់ប្រភេទរបស់ក្រណាត់ Batik នេះ សម្រាប់លក់ ហើយកំពុងផលិតបន្ថែមទៀតជាបន្តបន្ទាប់៕
ប្រែសម្រួលដោយ ភី សុភាដា