ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុង​ Solo នៃឥណ្ឌូណេស៊ី​ប្រឈម​នឹង​បម្រាម​លក់​ដូរ​សាច់​ឆ្កែ


រូបថត​ផ្តល់​ដោយ​អង្គការ​លុបបំបាត់​ការ​បរិភោគ​សាច់​ឆ្កែ​នៅ​ឥណ្ឌូណេស៊ី បង្ហាញពី​សត្វឆ្កែក្នុង​ជាប់ទ្រុង​ក្នុងទ្រុង​ឡាន​ដាកលក់​នៅផ្សារ​ នៅតំបន់​ Air Madidi ខេត្ត​North Sulawesi ឥណ្ឌូ​ណេស៊ី។
រូបថត​ផ្តល់​ដោយ​អង្គការ​លុបបំបាត់​ការ​បរិភោគ​សាច់​ឆ្កែ​នៅ​ឥណ្ឌូណេស៊ី បង្ហាញពី​សត្វឆ្កែក្នុង​ជាប់ទ្រុង​ក្នុងទ្រុង​ឡាន​ដាកលក់​នៅផ្សារ​ នៅតំបន់​ Air Madidi ខេត្ត​North Sulawesi ឥណ្ឌូ​ណេស៊ី។

កន្លែង​លក់​ដូរ​ដែល​មាន​តូប​ជា​តង់​ក្បែរ​ចំណត​រថយន្ត​ក្រុង Tirtonadi ក្នុង​ទីក្រុង Solo ខេត្ត Central Java ប្រទេស​ឥណ្ឌូណេស៊ី សម្បូរ​ចម្រុះ​ដោយ​តូប​លក់​អាហារ​ដែល​អ្នក​ស្រុក​ចូល​ចិត្ត។

តូប​លក់​ម្ហូប​អាហារ ដែល​អ្នក​ស្រុក​ហៅថា​ "warung” មាន​បិទ​បញ្ជី​មុខ​ម្ហូប​លើ​បង្គោល​មួយ​ដែល​ដាក់​នៅ​ក្បែរ​តូប​។ គេ​ឃើញ​មាន​មុខ​ម្ហូប​សាច់​ឆ្កែ​បែបនេះ​លក់​នៅ​តាម​តូប​នានា។

លោក​ Anton Kristian ក្នុង​វ័យ​ជាង ៣០ឆ្នាំ ដែល​ជា​អ្នក​ចូលចិត្ត​បរិភោគ​សាច់​ឆ្កែ បាន​និយាយ​ថា មិត្ត​រួម​ថ្នាក់​លោក​ម្នាក់​បាន​ណែនាំ​លោក​ឲ្យ​ហូប​សាច់​ឆ្កែ​កាល​ពី ៥ឆ្នាំ​មុន ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ គាត់​ចាប់ផ្ដើម​ចូលចិត្ត​ហូប​សាច់​ឆ្កែ​នៅ​ពេល​ចេញ​ទៅ​ហូបក្រៅ​ជាមួយ​មិត្ត​ភក្តិ។

លោក​ Kristian និយាយ​ដូច្នេះ​ថា៖ «​ភិនភាគ​សាច់ឆ្កែ​ស្រដៀង​នឹង​សាច់​គោ​ដែរ គ្រាន់តែ​វា​ផុយ និង​មាន​រសជាតិ​ប្លែក​មួយ​បែប​តែ​ប៉ុណ្ណោះ»។

លោក Kristian គឺ​ជា​អ្នក​ចូលចិត្ត​សាច់​ឆ្កែ​ធ្វើ​ជា​ម្ហូប​ឈ្មោះ tongseng ដែល​ជា​សម្ល​ការី​ហឹរ មាន​លាយ​ប៉េងប៉ោះ ដំឡូង​បារាំង​ និង​ស្ពៃ​ក្ដោប ដូច​សម្ល​ការី​សាច់​ពពែ សាច់​ចៀម ឬ​សាច់​គោ​ដែរ។

អភិបាល​ខេត្ត Central Java លោក​ Ganjar Pranowo បន្ទាប់​ពី​បាន​ប្រជុំ​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​មុន ជាមួយ​អ្នក​តំណាង​អង្គការ​លុបបំបាត់​ការ​បរិភោគ​សាច់​ឆ្កែ​នៅ​ឥណ្ឌូណេស៊ី (Dog Meat Free Indonesia) បាន​ប្រាប់​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង និង​មន្ត្រី​រដ្ឋបាល​នានា​ឲ្យ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ហាមឃាត់​ការ​លក់ និង​បរិភោគ​សាច់​ឆ្កែ​នៅ​ទីក្រុង Solo ដែល​ជា​ទីក្រុង​ល្បីឈ្មោះ​ថា​មាន​លក់​សាច់​ឆ្កែ​ដ៏​ឆ្ងាញ់។

លោក​បាន​លើក​ឡើង​ថា ប្រទេស​ឥណ្ឌូណេស៊ី​មិន​ចាត់​ទុក​សាច់​ឆ្កែ​ជា​សាច់​សម្រាប់​មនុស្ស​បរិភោគ​នោះ​ទេ។ លោក​បាន​បន្ថែម​ថា ការ​ហាមឃាត់​ប្រជាជន​មិន​ឱ្យ​បរិភោគ​សាច់​ឆ្កែ គឺ​ដោយ​សារ​លោក​គិត​ថា​វា​អាច​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​ឆ្កែ​ឆ្កួត​បាន។

មេរោគ​ឆ្កែ​ឆ្កួត​ គឺ​កើត​មាន​ក្នុង​តំបន់​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ សត្វ​ឆ្កែ​ជា​ប្រភព​ផ្ទុក​ជំងឺឆ្កែឆ្កួត​និង​ជា​ភ្នាក់ងារ​ចម្លង​ជំងឺនេះ។ ជំងឺ​ឆ្កែ​ឆ្កួត​ គឺ​ជា​ដើម​ហេតុ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន ៩៩​ភាគ​រយ។

អង្គការ​លុប​បំបាត់​ការ​បរិភោគ​សាច់​ឆ្កែ​នៅ​ឥណ្ឌូណេស៊ី​នេះ​ជឿ​ថា ដោយសារ​ពលរដ្ឋ​ឥណ្ឌូណេស៊ី ៧ ភាគរយ​បរិភោគ​សាច់​ឆ្កែ នោះ​មាន​ន័យ​ថា​មាន​សត្វ​ឆ្កែ​រាប់​លាន​ក្បាល​ត្រូវ​បាន​សម្លាប់​យក​សាច់​ជា​រៀង​រាល់​ឆ្នាំ។

លោក​ Pranowo និយាយ​ថា៖ «យើង​មិន​បាន​ស្នើ​ឱ្យ​ចេញ​ជា​ច្បាប់​អ្វី​ឡើយ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​គួរតែ​មាន​ចំណាត់​ការណា​មួយ​កាត់​បន្ថយ​ការ​ហូប​សាច់​ឆ្កែ។ ប្រសិន​បើ​មាន​ការ​ហាម​ប្រាម វា​កាន់​តែ​ប្រសើរ។ ប្រសិន​បើ​គ្មាន​បទ​បញ្ជា​ណា​មួយ​ទេ គ្រោះថ្នាក់​នៃ​ជំងឺ​ឆ្កែ​ឆ្កួត​នឹង​កាន់​តែ​ខ្ពស់»។

យោង​តាម​ក្រុម​អ្នក​វិទ្យាសាស្ត្រ ជំងឺ​ឆ្កែ​ឆ្កួត​កម្រ​នឹង​ឆ្លង​ទៅ​អ្នក​ណា​ដែល​បរិភោគ​សាច់​ឆ្កែ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ​ណាស់។ ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​នេះ គឺ​អាច​កើត​មាន​លើ​មនុស្ស​ដែល​ប៉ះពាល់​សត្វ​ឆ្កែ ដែល​សត្វ​នេះ​មួយ​ចំនួន​គឺ​ជា​សត្វ​ចិញ្ចឹម និង​កើត​មាន​លើ​អ្នក​ដែល​សម្លាប់ និង​កាប់​សាច់​ឆ្កែ។ មេរោគ​ឆ្កែ​ឆ្កួត​ឆ្លង​ពី​ទឹក​មាត់​នៃ​សត្វ​ដែល​មាន​មេរោគ​នេះ​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​តាម​រយៈ​មុខ​របួស ឬ​ស្នាម​ដាច់​រលាត់​ណា​មួយ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក។

អង្គការ​លុបបំបាត់​ការ​បរិភោគ​សាច់​ឆ្កែ​នៅ​ឥណ្ឌូណេស៊ី​នេះ​ចង់​ឱ្យ​មាន​ការ​លុប​បំបាត់​ការ​ជួញ​ដូរ​សាច់​ឆ្កែ។ ទិន្នន័យ​របស់​អង្គការ​នេះ​បង្ហាញ​ថា ឆ្កែ​ ១៣.៧០០ក្បាល​ ត្រូវ​បាន​គេ​សម្លាប់​ជា​រៀង​រាល់​ខែ​ក្នុង​ទីក្រុង Solo។

សាច់​ឆ្កែ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​មក​ពី​ខេត្ត West Java ដែល​ជា​តំបន់​ដែល​គេ​មិន​ទាន់​ប្រកាស​ថា​មិន​មាន​ជំងឺ​ឆ្កែ​ឆ្កួត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​ដដែល​នេះ។ អង្គការ​នេះ បាន​បន្ថែម​ថា ខេត្ត​ Central Java ដែល​ទីក្រុង Solo ស្ថិត​ក្នុង​ខេត្ត​នេះ​ផង​ដែរ​នោះ ជា​តំបន់​គ្មាន​ជំងឺ​ឆ្កែ​ឆ្កួត​តាំង​ពី​ឆ្នាំ ១៩៩៥ មក ប៉ុន្តែ​រង​ការ​គំរាម​កំហែង​ដោយ​ការ​កើន​ឡើង​ខ្លាំង​នូវ​ការ​បរិភោគ​សាច់​ឆ្កែ។

លោក​ Pranowo បាន​ជំរុញ​ឱ្យ​ម្ចាស់​តូប​លក់​ម្ហូប​អាហារ និង​ភោជនីយដ្ឋាន​នានា ដែល​មាន​លក់​ម្ហូប​សាច់​ឆ្កែ ឲ្យ​ជ្រើស​យក​សាច់​ផ្សេង​ជំនួស​វិញ ប្រសិន​បើ​ចង់​នៅ​បន្ត​មុខ​របរ​លក់​ម្ហូប​អាហារ​ត​ទៅ​ទៀត។

លោក​ Hadi Rudyatmo អភិបាល​ក្រុង Solo បាន​និយាយ​ថា ការ​ផ្គត់ផ្គង់​សាច់​ឆ្កែ​ជា​ច្រើន​ធ្វើ​ឱ្យ​មាន​មុខ​ម្ហូប​សាច់​ឆ្កែ​ជា​ច្រើន​ប្រភេទ​នៅ​ក្នុង​ទីក្រុង​នេះ។

លោក Rudyatmo បាន​បញ្ជាក់​ថា៖ «តើ​ការ​ហាម​ឃាត់​ការ​លក់​សាច់​ឆ្កែ​អាច​ជោគជ័យ​ដែរ​ឬ​ទេ? តាំង​ពី​មុន​ពេល​ដែល​ខ្ញុំ​កើត​មក​ម្ល៉េះ អ្នក​លក់​សាច់​ឆ្កែ​បាន​ប្រកប​របរ​នេះ​ជា​យូរ​មក​ហើយ»។

ការ​លុប​បំបាត់​ការ​បរិភោគ​សាច់​ឆ្កែ​គឺ​ជា​ការ​ប្រឈម​នៅ​កន្លែង​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ ទោះបីជា​កោះ​បាលី​បាន​ហាម​ឃាត់​ការ​ជួញដូរ​សាច់​ឆ្កែ​នេះ​កាល​ពី​ឆ្នាំ ២០១៧ ក៏​ដោយ ក៏​កាល​ពី​ខែ​មេសា និង​ឧសភា ឆ្នាំ២០១៩ អាជ្ញាធរ​បាន​រក​ឃើញ​មាន​តូប​លក់​ម្ហូប​អាហារ​ជា​ច្រើន​ដែល​លក់​សាច់​ឆ្កែ។

លោក​ Rudyatmo ដឹង​ថា ប្រជាជន​ដែល​ប្រកប​របរ​លក់​សាច់​ឆ្កែ​ត្រូវ​រក​ប្រភព​ចំណូល​ផ្សេង​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​របស់​ពួកគេ។ លោក​បញ្ជាក់​ថា បម្រាម​ដែល​បាន​ស្នើ​ឡើង​នេះ​ត្រូវ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ដាក់​បន្ទុក​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​លើ​អាជ្ញាធរ​ក្រុង Solo។

លោក​បាន​បន្ថែម​ថា៖ «យើង​នឹង​ធ្វើ​កិច្ចការ​នេះ​ជា​បណ្តើរៗ។ យើង​នឹង​ពិភាក្សា​ជាមួយ​អ្នក​លក់​ម្ហូប​សាច់​ឆ្កែ​ទាំង​អស់​អំពី​លទ្ធភាព​នៅ​ក្នុង​ការ​ប្ដូរ​ពី​ការ​លក់​សាច់​ឆ្កែ​ទៅ​សាច់​ផ្សេង​ទៀត»៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG