ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួលេខ​អ្នក​ស្លាប់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​កើន​ឡើង​ដល់​៨៣២​នាក់


ក្រុម​អ្នក​ជួយ​សង្គ្រោះ​ព្យាយាម​ជួយ​នាង Nurul Istikharah អាយុ​១៥ឆ្នាំ​ចេញ​ពី​ផ្ទះ​បាក់បែក​របស់​នាង​ បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយដី និង​រលក​យក្ស​ស៊ូណាមី នៅ​ក្នុង​ក្រុង Palu ខេត្ត Central Sulawesi ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។
ក្រុម​អ្នក​ជួយ​សង្គ្រោះ​ព្យាយាម​ជួយ​នាង Nurul Istikharah អាយុ​១៥ឆ្នាំ​ចេញ​ពី​ផ្ទះ​បាក់បែក​របស់​នាង​ បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយដី និង​រលក​យក្ស​ស៊ូណាមី នៅ​ក្នុង​ក្រុង Palu ខេត្ត Central Sulawesi ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។

តួលេខ​អ្នក​ស្លាប់​នៅ​ក្នុង​គ្រោះ​រញ្ជួយ​ផែនដី​និង​រលក​យក្ស​ ស៊ូណាមី ក្នុង​ប្រទេស ឥណ្ឌូណេស៊ី បាន​កើន​ឡើង​ទ្វេដង រហូត​ដល់​៨៣២​នាក់ និង​មាន​អ្នក​រងរបួស​ចំនួន​៥៤០​នាក់។ នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​ឥណ្ឌូណេស៊ី។

អាជ្ញាធរ​និយាយ​ថា តួលេខ​អ្នក​ស្លាប់​នឹង​អាច​កើន​ឡើង​បន្ថែម​ទៀត។

អ្នក​នាំ​ពាក្យ​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​បាន​ប្រកាស​តួលេខ​អ្នក​ស្លាប់​ចំនួន​៤២០​នាក់​កាល​ពី​មុន​នេះ លោក Sutopo Purwo Nugroho បាន​និយាយ​ថា «តួលេខ​អ្នក​ស្លាប់​នឹង​បន្ត​កើន​ឡើង​ទៀត»។

យោង​តាម​បណ្តាញ​សារព័ត៌មាន French Press Agency បាន​ឲ្យ​ដឹង​ថា លោក Nugroho បាន​និយាយ​បន្ថែម​ថា «ថ្ងៃ​នេះ យើង​នឹង​ចាប់​ផ្តើម​កប់​សាកសព​របស់​ជនរងគ្រោះ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ជំងឺ​ឆ្លង​រីករាល​ដាល»។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo បាន​ទៅ​ដល់​ទីក្រុង Palu កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ក្រុង​នេះ​គឺ​ជា​ក្រុង​មួយ​ក្នុង​ចំណោម​ក្រុង​ដទៃទៀត​ដែល​ត្រូវ​បំផ្លិចបំផ្លាញ​ដោយ​គ្រោះ​រញ្ជួយដី​និង​រលក​យក្ស​ ស៊ូណាមី ដើម្បី​សង្កេត​មើល​ការ​បំផ្លិចបំផ្លាញ​ដោយ​ខ្លួន​ឯងផ្ទាល់។

លោក​បាន​លើក​ឡើង​ថា កងកម្លាំង​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីនោះ និង​បាន​ស្នើ​ឲ្យ​ពួកគេ ​«ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បំពេញ​ភារកិច្ច​ទាំង​ថ្ងៃ​ទាំង​យប់»។

ប្រជាជន​ជិត​១៧០០០​នាក់​បាន​ស្នាក់នៅ​បណ្តោះ​អាសន្ន​ក្នុង​ទីជម្រក​ចំនួន​២៤។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ជួយ​សង្គ្រោះ​គ្រោះ​ធម្មជាតិ​ជាតិ។ ​

មនុស្ស​មួយ​ចំនួន​បាន​កប់​នៅ​ក្នុង​គំនរ​បាក់​បែក​ក្នុង​ទីក្រុង ​Palu ដែល​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​នេះ ​ហើយ​គេ​នៅ​ឮ​សូរ​សំឡេង​ពួកគេ​ស្រែកយំ​ដង្ហើយ​ឲ្យ​ជួយ។ នេះ​បើ​យោង​តាម​លោក Muhammad Syaugi ប្រធាន​ទីភ្នាក់ងារ​ស្វែងរក​និង​ជួយ​សង្គ្រោះ​ឥណ្ឌូណេស៊ី៕

XS
SM
MD
LG