មនុស្សយ៉ាងហោចណាស់ចំនួន៣៧នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលបានកើតឡើងនៅលើកោះ Lombok ក្បែរកោះ បាលី នៃប្រទេសឥណ្ឌូណេស៊ី ដែលបានបង្កឲ្យមានការព្រមានថាអាចនឹងមានគ្រោះ tsunami តូចមួយ និងធ្វើឲ្យអ្នករស់នៅក្នុងតំបន់នោះនិងភ្ញៀវទេសចររត់ចេញទៅតាមដងផ្លូវ។
គ្រោះរញ្ជួយដីនោះកើតឡើងក្នុងកម្រិត៧,០ នេះបើយោងតាមទីភ្នាក់ងារវាស់ស្ទង់ភូមិសាស្ត្រអាមេរិក និងបានកើតឡើងកាលពីថ្ងៃអាទិត្យក្នុងជម្រៅ១០,៥គីឡូម៉ែត្រនៅប៉ែកខាងជើងកោះ Lombok។
ក្រុមមន្ត្រីមិនទាន់បានប៉ាន់ស្មានពីតួលេខអ្នករងរបួសនៅឡើយទេ ហើយគេរំពឹងថា តួលេខអ្នកស្លាប់នឹងបន្តកើនឡើងតទៅទៀត។
តំបន់មួយចំនួននៃទីក្រុងនោះបានដាច់អគ្គិសនី ហើយអ្នកជំងឺត្រូវបានជម្លៀសពីមន្ទីរពេទ្យធំ។ នេះបើយោងតាមសម្តីរបស់ក្រុមមន្ត្រី។
អ្នកស្រី Mutya Aryani អ្នករស់នៅតំបន់ Sumbawa ដែលស្ថិតនៅក្បែរនោះ បានថ្លែងប្រាប់ VOA តាមទូរស័ព្ទថា «មនុស្សភាគច្រើនកំពុងស្ថិតនៅក្នុងវិហារ នៅពេលដែលគ្រោះរញ្ជួយដីនោះបានកើតឡើង។ មនុស្សមួយចំនួនរត់ចេញទៅតាមដងផ្លូវ និងទៅតាមវាលស្រែនៅខាងក្រៅវិហារនោះ។ យើងនៅតក់ស្លុតនឹងគ្រោះរញ្ជួយដីកាលពីប៉ុន្មានថ្ងៃមុននៅឡើយ ដែលជាគ្រោះរញ្ជួយដីមួយធំគួរសមដែរ»។
កាលពីសប្តាហ៍មនុស្ស មនុស្ស១៦នាក់បានស្លាប់នៅពេលដែលគ្រោះរញ្ជួយដីកម្រិត៦,៤ បានកើតឡើងនៅលើកោះ Lombok នេះ។
ដូចកោះបាលីដែរ កោះ Lombok នេះល្បីល្បាញថាមានឆ្នេរនិងភ្នំស្រស់ស្អាត៕