មន្ត្រីឥណ្ឌូណេស៊ីនិយាយថាមានមនុស្សយ៉ាងតិចណាស់៣៨៤នាក់បានស្លាប់និង៥៤០នាក់ទៀតបានត្រូវរបួសនៅក្រោយមានការរញ្ជួយផែនដីមានកម្លាំង៧,៥កាលពីថ្ងៃសុក្រនិងមានមហាររលកសមុទ្រ Tsunami នៅពេលបន្ទាប់ក្នុងក្រុងពីរ គឺក្រុង Palu និងក្រុង Donggalaក្នុងខេត្ត Sulawesi នាផ្នែកកណ្តាលនៃប្រទេស ឥណ្ឌូណេស៊ី។
អាជ្ញាធរបាននិយាយនៅថ្ងៃសៅរ៍នេះថាមានមនុស្សរាប់រយនាក់បានឋិតនៅលើឆ្នេរខ្សាច់ក្នុងក្រុង Palu ដើម្បីចូលរួមក្នុងពិធីបុណ្យមួយនៅពេលមានការរញ្ជួយផែនដីនិងមហារលកសមុទ្រ Tsunami ដែលបានធ្វើឱ្យមនុស្សច្រើននាក់បាត់បង់ជីវិតក្នុងរលកសមុទ្រធំៗទាំងនេះ។
លោក Sutopo Purwo Nugroho អ្នកនាំពាក្យនៃទីភ្នាក់ងារមហន្តរាយជាតិបាននិយាយថាមហាររលកសមុទ្រ Tsunami នេះមានល្បឿន៨០០គ.ម.ក្នុងមួយម៉ោងហើយបានបំផ្លាញអាគារនិងហេដ្ឋារចនាសម្ព័ន្ធ។ លោកបានថ្លែងថាផ្ទះរាប់ពាន់ខ្នង មន្ទីរពេទ្យ ហាងលក់ទំនិញជាច្រើននិងសណ្ឋាគារបានរលំហើយការបាក់ដីបានផ្តាច់ផ្លូវហាយវ៉េនៃក្រុង Palu ផងដែរ។
ស្ពានធំមួយដែលឆ្លងកាត់ទន្លេមួយក្នុងតំបន់ឆ្នេរសមុទ្រក្នុងខេត្ត Sulawesi បានបាក់។
លោក Nugroho បាននិយាយថាមានការបញ្ជូនក្រុមអ្នកស្វែងរកនិងក្រុមអ្នកជួយសង្គ្រោះទៅកាន់កន្លែងកើតហេតុហើយ។
រូបភាពតាមកញ្ចក់ទូរទស្សន៍បានបង្ហាញឱ្យឃើញពួកមនុស្សរងរបួសបានទទួលការព្យាបាលនៅក្នុងកន្លែងពេទ្យធ្វើជាបណ្តោះអាសន្ននៅខាងក្រៅអាគារហើយគេឃើញមានសាកសពមនុស្សដែលខ្លះមានដាក់ក្នុងថង់ច្រកសាកសពដាក់នៅលើផ្លូវ។
មន្ត្រីផ្នែកមានអាសន្ន ឥណ្ឌូណេស៊ី ម្នាក់បាននិយាយថា «គេបានរកឃើញសពជនរងគ្រោះនៅក្នុងកន្លែងមួយចំនួនពីព្រោះជនទាំងនេះមានគ្រោះថ្នាក់ដោយសារកម្ទេចអាគាររលំលើឬបានរសាត់ទៅក្នុងសមុទ្រដោយសារមហារលកសមុទ្រ Tsunami»។
ខ្សែភ្លើងអគ្គិសនីនិងខ្សែទូរគមនាគមន៍បានត្រូវកាត់ផ្តាច់ដែលបានបង្អាក់កិច្ចប្រតិបត្តិការជួយសង្គ្រោះនៅថ្ងៃសៅរ៍នេះ៕