បើតាមទីភ្នាក់ងារព័ត៌មានអេភី (AP) បានរាយការណ៍មកថា ការរញ្ជួយដីដ៏ខ្លាំងមួយកាលពីយប់ថ្ងៃសុក្របានអង្រួនតំបន់ឆ្នេរ Fukushima ស្ថិតនៅភាគឦសានប្រទេសជប៉ុន។
តំបន់នេះជាកន្លែងធ្លាប់រងការវាយប្រហារដោយការរញ្ជួយដីនិងរលកយក្សស៊ូណាមី កាលពីឆ្នាំ២០១១ ដែលបានបង្កឲ្យមានការបែកធ្លាយរោងចក្រនុយក្លេអ៊ែរ។ តែគ្មានរបាយការណ៍អំពីគ្រោះថ្នាក់ឬរបួសនោះទេ។
ទីភ្នាក់ងារឧត្តុនិយមជប៉ុនបាននិយាយថា គ្មានគ្រោះថ្នាក់ដោយរលកស៊ូណាមីទេ។ ទីភ្នាក់ងារនេះបានបន្ថែមថា ការរញ្ជួយដីនេះបានវាយប្រហារកាលពីជិតពាក់កណ្តាលអាធ្រាត ហើយមានកម្រិតដែលគេវាស់ស្ទង់ដល់ទៅ៥.៩ ហើយកន្លែងដែលមានការកើតឡើងនៃការរញ្ជួយដីនេះគឺចាប់ផ្តើមប្រហែល៥០គីឡូម៉ែត្រក្រោមបាតសមុទ្រ។
ការរញ្ជួយនេះត្រូវគេដឹងថា កើតឡើងប្រហែលជាចម្ងាយ២៤០គីឡូម៉ែត្រពីរដ្ឋធានីតូក្យូប្រទេសជប៉ុន។ ទីភ្នាក់ងារព័ត៌មាន NHK របស់រដ្ឋបានប្រកាសថារថភ្លើងក្នុងស្រុកបានបញ្ឈប់សេវាកម្មបណ្តោះអាសន្នដើម្បីការពារនិងឆែកឆេរពីសុវត្តិភាព ហើយក្រោយមកក៏បានបន្តដំណើរការវិញ។
ក្រុមហ៊ុនអគ្គិសនីដែលប្រតិបត្តការនៅឯរោងចក្រនុយក្លេអ៊ែរ Fukushima ដែលធ្លាប់រងការខូចខាតនោះ បញ្ជាក់ថាការត្រួតពិនិត្យពីសុវត្ថិភាពរបស់ខ្លួនពុំបានរកឃើញអ្វីមិនប្រក្រតីនោះទេ៕