សហគមន៍ជនជាតិដើមភាគតិចសម្តែងការព្រួយបារម្ភពាក់ព័ន្ធនឹងក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលរដ្ឋាភិបាលទើបបានបង្កើត ហើយរដ្ឋសភាអនុម័ត កាលពីខែមេសា ដោយពួកគេអះអាងថា វាប៉ះពាល់ដល់សិទ្ធិសង្គម វប្បធម៌ និងសេដ្ឋកិច្ចជនជាតិដើមភាគតិច។ នេះបើតាមសេចក្តីថ្លែងការណ៍រួមមួយរបស់សហគមន៍ជនជាតិដើមភាគតិច ចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣។
ការព្រួយបារម្ភនេះធ្វើឡើងដោយតំណាងជនជាតិដើមភាគតិចចំនួន ១៨៦ ក្នុងនោះស្ត្រី ៤៤នាក់ ដែលមានវត្តមាននៅក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិជាសមូហភាពរវាងជនជាតិដើមភាគតិច ដើម្បីប្រមូលធាតុចូលពាក់ព័ន្ធក្តីបារម្ភនានា កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ នៅខេត្តសៀមរាប។
សហគមន៍ជនជាតិដើមភាគតិចព្រួយបារម្ភថា ពួកគេនឹងបាត់បង់នូវភាពផ្សេងពីគេ ដោយហេតុថា ក្រមនេះមិនបានចែងឬដាក់បញ្ចូលពាក្យ «ជនជាតិដើមភាគតិច» ខណៈដែលច្បាប់ជាតិមួយចំនួនមានពាក្យសហគមន៍ជនជាតិដើមភាគតិច។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ផ្ទុយទៅវិញ ក្រមនេះបែរជាកំណត់ពាក្យ «សហគមន៍មូលដ្ឋាន» ដោយកំណត់និយមន័យបញ្ចូលគ្នាជាមួយនឹងសហគមន៍ទូទៅ ដែលពុំមែនជាសហគមន៍ជនជាតិដើមភាគតិច ដែលប្រកានេះ ជនជាតិដើមភាគតិចយើងខ្ញុំយល់ឃើញថាគឺជាការព្យាយាមលុបបំបាត់ឈ្មោះជនជាតិដើម ឬជាតិពន្ធុ តាមរូបភាពដាក់ភាពផ្សេងគ្នាចូលឡូកឡំជាមួយសហគមន៍ទូទៅដែលមានភាពផ្សេងៗពីជនជាតិដើមភាគតិច»។
មួយវិញទៀត ពួកគេលើកឡើងថា មាត្រា ៣៦៤ ចែងអំពីការកំណត់តំបន់គ្រប់គ្រងទាំង ៤ មិនមានការចែងអំពីគោលការណ៍ជូនដំណឹង ពិគ្រោះយោបល់ពេញលេញ និងការព្រមព្រៀងជាមុនឡើយ ខណៈជនជាតិដើមភាគតិចទាំងនេះក៏បារម្ភពាក់ព័ន្ធនឹងមាត្រា ៣៦៩ ដែលនាំឱ្យជនជាតិដើមភាគតិចប្រឈមនឹងការបាត់បង់នូវសិទ្ធិ ប្រើប្រាស់ធនធានធម្មជាតិជាលក្ខណៈប្រពៃណី។ នេះបើតាមសេចក្តីសេចក្តីថ្លែងការណ៍ដដែល។
មាត្រា ៣៦៩ នៃក្រមនេះ ត្រង់ចំណុចសិទ្ធិប្រើប្រាស់ធនធានធម្មជាតិចែងថា រដ្ឋទទួលស្គាល់ និងធានាសិទ្ធិប្រើប្រាស់ធនធានធម្មជាតិជាលក្ខណៈប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនារបស់សហគមន៍មូលដ្ឋាន ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ។
អ្នកស្រី ទេព ទឹម តំណាងសមាគមន៍ជនជាតិដើមភាគតិចនៅខេត្តព្រះវិហារ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា អ្នកស្រីព្រួយបារម្ភចំពោះក្រមបរិស្ថានដែលអនុម័តកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ ដែលមាត្រា ៣៦៤ មិនបានបញ្ជាក់អំពីសមាគមន៍ជនជាតិដើមភាគតិច ដូច្នេះអ្នកស្រីខ្លាចការចែងនៅក្នុងក្រមបរិស្ថាននេះអាចប៉ះពាល់ដល់សកម្មភាពរស់នៅរបស់ជនជាតិដើមភាគតិច។
អ្នកស្រីថ្លែងថា៖ «ព្រួយបារម្ភរបស់ជនជាតិដើមភាគតិច ព្រួយបារម្ភតែចំពោះការរស់នៅជីវភាព មុខរបរ ប្រពៃណីដែលយើងធ្លាប់រស់នៅពឹងអាស្រ័យទៅលើព្រៃឈើដីធ្លី ជំនឿទៅលើអារុក្ខអារក្សអ្នកតាដីធ្លីរបស់យើង ដែលយើងជាអ្នករស់នៅក្បែរព្រៃ ប្រើប្រាស់ព្រៃ ថែរក្សាព្រៃឱ្យមាននិរន្ដរភាព»។
តំណាងសមាគមន៍ជនជាតិដើមភាគតិចរូបនេះលើកឡើងថា មុនការអនុម័តក្រមបរិស្ថាននេះ សហគមន៍ក៏ធ្លាប់ដាក់លិខិតស្នើទៅខាងក្រសួង និងរដ្ឋសភាផងដែរ ប៉ុន្ដែមិនមានការឆ្លើយតបនោះឡើយ។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន បាននៅឡើយទេ។
លោក សាន់ ម៉ាឡា អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន ប្រាប់វីអូអេថា ការប្រើប្រាស់ពាក្យនៅក្នុងក្រមនេះបង្ហាញថា រដ្ឋាភិបាលមិនយកចិត្តទុកដាក់និងមិនផ្តល់តម្លៃដល់សហគមន៍ជនជាតិដើមភាគតិចទេ ខណៈពួកគេតែងតែក្លាយជាអ្នករងគ្រោះនៅពេលមានការអភិវឌ្ឍ។
លោកបញ្ជាក់ថា៖«វាជាផ្នែកមួយហាក់បីដូចជារដ្ឋាភិបាលបច្ចុប្បន្នហ្នឹងពុំបានផ្តល់ភាពសំខាន់និងតម្លៃទៅដល់បងប្អូនប្រជាពលរដ្ឋ គាត់ជាជនជាតិដើមភាគតិចរស់នៅតាមតំបន់ការពារធម្មជាតិនោះទេ។ ហើយកន្លងមកយើងឃើញហើយសហគមន៍ជនជាតិដើមភាគតិចតែងតែរងគ្រោះពីគម្រោងអភិវឌ្ឍន៍នានារាប់តាំងពីដីសប្បទានសេដ្ឋកិច្ច»។
រដ្ឋាភិបាលបញ្ជាក់ថាក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលមានកម្រាស់ជាង២០០ទំព័រនេះ នឹងបំពេញបន្ថែម និងមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់ពាក់ព័ន្ធនានា ដូចជាក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល ច្បាប់ស្តីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ភូមិបាល ច្បាប់ស្តីពីទេសចរណ៍ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ជាដើមក្នុងគោលបំណងបន្តជំរុញដំណើរការអភិវឌ្ឍប្រទេសជាតិ និងការពង្រឹងនីតិរដ្ឋទៅកាន់ដំណាក់កាលថ្មីនៅលើមាគ៌ាចីរភាព។
រដ្ឋាភិបាលបញ្ជាក់បន្ថែមថា ក្រមនេះមានគុណប្រយោជន៍ជាច្រើន ក្នុងនោះ វាអាចពង្រីកលទ្ធភាពយ៉ាងទូលំទូលាយដល់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានទាំងអស់ក្នុងការចូលរួមកាន់តែប្រសើរជាងមុន នៅក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ តាមរយៈការបង្កើត និងការគោរពនូវទំនាក់ទំនងនៃមុខងាររបស់ក្រសួង ស្ថាប័ននិងមជ្ឈដ្ឋានសង្គមទាំងអស់៕