ស្រុកអណ្ដូងមាស ខេត្តរតនគិរី — ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលដល់ក្រុមហ៊ុនវៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang Anh Gia Lai (HAGL) ទំនងជាកំពុងជះឥទ្ធិពលអាក្រក់ដល់ជនជាតិដើមភាគតិចក្នុងស្រុកចំនួនពីរនៃខេត្តរតនគីរី។
នៅឆ្នាំ២០១០ រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចចំនួន៥ម៉ឺនហិកតាដល់ក្រុមហ៊ុនវៀតណាមឈ្មោះ ហ័ងអាញ់ យ៉ាឡាយ ដើម្បីធ្វើការវិនិយោគលើការដាំដំណាំកៅស៊ូរយៈពេល៩៩ឆ្នាំ។ ប៉ុន្តែ ការផ្ដល់ដីសម្បទាននេះបានធ្វើឲ្យជនជាតិដើមភាគតិច បាត់បង់ចំណូលនិងបាត់បង់ដីស្រែចម្ការសម្រាប់បង្កបង្កើនផលកសិកម្មនិងបាត់បង់ព្រៃអារក្ស ដែលជាព្រៃសក្ការៈពីដូនតារបស់ពួកគេ។
អ្នកស្រី ល្មាម ផ្ចាញ រស់នៅក្នុងភូមិកាក់ ឃុំតាឡាវ ស្រុកអណ្ដូងមាស គឺជាសាក្សីម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់នេះ។
«អាទឹកអូរក៏ឈូសលុបអស់។ កន្លែងរកត្រី ក៏អត់មាន កន្លែងយើងរកបន្លែ ក៏អត់មាន។ តាំងពីក្រុមហ៊ុនចូល ពិបាកមែនទែន។ អត់ដូចមុនទេ ដីយើងនៅសំបូរ»។
អ្នកស្រី ផ្ចាញ អាយុ៤៥ឆ្នាំ គឺជាជនជាតិដើមភាគតិចកាចក។ អ្នកស្រីបានបាត់បង់ដីប្រមាណ៦ហិកតា។ ការបាត់បង់នេះធ្វើឲ្យអ្នកស្រីបាត់បង់លទ្ធភាពដាំបន្លែបង្ការចិញ្ចឹមសត្វនិងធ្វើចម្ការស្រែ។
នៅក្នុងផ្ទះរបស់អ្នកស្រី ដែលជញ្ជាំងធ្វើពីឫស្សី ដោយសារអ្នកស្រីពុំមានលទ្ធភាពរកឈើធ្វើផ្ទះ ដូចពេលសំបូរព្រៃ អ្នកស្រី ផ្ចាញ បានឲ្យដឹងថា តាំងពីដូនតាមក អ្នកស្រីតែងតែធ្វើចម្ការវិលជុំនៅលើដីដែលមាននៅក្នុងសហគមន៍។
ប៉ុន្តែបច្ចុប្បន្ននេះ អ្នកស្រីនិងអ្នកភូមិផ្សេងទៀត មិនអាចធ្វើការដាំដុះដូចទម្លាប់បានទេ ដោយសារដីរបស់ពួកគេដែលធ្លាប់ធ្វើការដាំដុះនោះត្រូវក្រុមហ៊ុនវៀតណាមអះអាងគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន។
«អ្នកភូមិខ្ញុំទៅធ្វើចម្ការវិលជុំ យើងដាំដំណាំ ដាំស្រូវ ក្រុមហ៊ុនអត់ឲ្យទេ។ គេថាអត់ឲ្យទេ នេះដីខ្ញុំ។ ដីក្រុមហ៊ុន អត់ត្រូវដីសហគមន៍ទេ»។
ដូចគ្នានេះដែរលោក កាស៊ុល មិត ក៏បានបាត់បង់ដីចំនួន១ហិកតាក្នុងចំណែកដីដែលរដ្ឋាភិបាលកាត់ប្រគល់ឲ្យក្រុមហ៊ុនសម្បទានវៀតណាមហ័ងអាញ់ យ៉ាឡាយ។
ជនជាតិដើមភាគតិចកាចក វ័យ៧៣ឆ្នាំ រូបនេះមានប្រសាសន៍ថា ក្រោយពីបាត់បង់ដីធ្លី លោកមិនអាចទៅធ្វើកិច្ចការផ្សេងទៀតដើម្បីរកចំណូលចិញ្ចឹមគ្រួសារនោះទេ។
លោកទទូចថា លោកត្រូវការដីស្រែត្រឡប់មកវិញដើម្បីបន្តមុខរបរកសិកម្មដែលជាទេពកោសល្យប្រចាំជីវិតតែមួយគត់ដែលលោកមាន។
«ខ្ញុំត្រូវការធ្វើចម្ការ ធ្វើស្រែ ទុកឲ្យកូនចៅ ប៉ុន្តែខ្ញុំនេះជិតរណ្ដៅហើយ។ ជិតគេទម្លាក់រណ្ដៅហើយ ទុកឲ្យកូនចៅទៀត។ យើងរស់ រស់ដោយសារដី»។
បើតាមរបាយការណ៍របស់អង្គការសមធម៌កម្ពុជា ជនជាតិដើមភាគតិច១២សហគមន៍ ក្នុងស្រុកអណ្ដូងមាស និងស្រុកអូរជុំ សរុបប្រមាណ១៣៧០ខ្នង បានរងគ្រោះនៅក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនវៀតណាមហ័ងអាញ់ យ៉ាឡាយ។ ដីស្រែចម្ការរបស់សហគមន៍ជនជាតិដើមភាគតិចចំនួន១ម៉ឺន៩ពាន់ហិកតា បានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុនវៀតណាមនេះ។
អង្គការដដែលគូសបញ្ជាក់ថា ការបាត់បង់ដីធ្លីនេះ បានធ្វើឲ្យការរកអាហារនិងផលិតផលព្រៃឈើនៃជនជាតិដើមភាគតិចទាំងនេះ ធ្លាក់ចុះយ៉ាងច្រើន ដូចជាបាត់បង់ឈើដើម្បីពួកគេអាចរកជ័រចុង ការរកត្រី ឃ្មុំ អុស ថ្នាំបុរាណ សត្វព្រៃ ផ្លែឈើព្រៃ បន្លែព្រៃ វល្លិ និងផ្ដៅជាដើម។
អង្គការសមធម៌កម្ពុជាបង្ហាញទៀតថាមុនពេលដែលក្រុមហ៊ុនសម្បទានធ្វើការវិនិយោគ ប្រជាជនជាង៨០ភាគរយបានប្រមូលឈើសម្រាប់ការប្រើប្រាស់នៅក្នុងផ្ទះ ឬក៏ការបង្កើតចំណូល។
ប៉ុន្តែក្រោយមកចំនួននេះបានធ្លាក់ចុះទៅដល់៣០ភាគរយដោយសារក្រុមហ៊ុនបានកាប់ព្រៃឈើ និងបានបិទផ្លូវមិនឲ្យប្រជាជនចូលទៅក្នុងព្រៃ។
លោក អៀង វុទ្ធី ប្រធានអង្គការនេះ បានថ្លែងថា ប្រជាជននៅតែបន្តទាមទារសំណងជាដីសម្រាប់ពួកគេម្នាក់ៗ និងការខូចខាតកាលពីកន្លងទៅ បើទោះមានការសម្រេចផ្ដល់ដីសម្រាប់សហគមន៍របស់ពួកគេ។ លោកបន្តថា ប្រជាពលរដ្ឋជនជាតិដើមភាគតិចក៏បានត្អូញត្អែរពីការធ្លាក់ចុះនៃការរស់នៅរបស់ពួកគេផងដែរ។
«យើងសិក្សា គឺគាត់លើកអញ្ចឹងថាពីមុនគាត់អត់ពិបាកទេ រឿងម្ហូប សាច់ បន្លែអី តែឥឡូវ គាត់ត្រូវទិញពីផ្សារ។ ហើយគាត់ត្រូវចំណាយលុយច្រើន ហើយគាត់មានការត្អូញត្អែរថាបន្លែហ្នឹង វាអត់ដូចរបស់គាត់»។
ទាក់ទងនឹងជម្លោះដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចនេះ កាលពីខែមីនា ក្រុមហ៊ុនវៀតណាមបានឯកភាពកាត់ដីជាង៦០កន្លែង ដើម្បីទុកឲ្យប្រជាពលរដ្ឋ។ ក្នុងនោះមានដីព្រៃអារក្ស តំបន់ទឹកអូរធម្មជាតិ ព្រៃចម្ការវិលជុំ តំបន់ភ្នំ និងដីព្រៃកប់សពជាដើម។ប៉ុន្តែការឯកភាពនេះត្រូវរង់ចាំការសម្រេចពីក្រសួងកសិកម្ម រហូតមកដល់ពេលនេះ។ នេះបើយោងតាមមន្ត្រីសាលាខេត្តរតនគិរី។
មន្ត្រីសាលាខេត្តរតនគិរី លោក នាង សំអាត ដែលបានចូលរួមក្នុងដំណើរការដោះស្រាយជម្លោះនេះ បានថ្លែងថា អាជ្ញាធរខេត្តបានដាក់លិខិតទៅក្រសួងកសិកម្មក្នុងការសម្រេចកាត់ដីមួយចំនួនទៅឲ្យសហគមន៍ជនជាតិដើមភាគតិចដែលមានជម្លោះនោះ។ ប៉ុន្តែលោកថា រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបយ៉ាងណានោះទេ។
លោកមានប្រសាសន៍ថា៖«យើងកំពុងតែរង់ចាំលទ្ធផលពីក្រសួងហ្នឹងថាតើគាត់ពិចារណាកាត់តាមសំណូមពរដាក់សំណើរបស់ខេត្តហ្នឹងឲ្យប្រជាពលរដ្ឋ ឬមួយគាត់ចង់មកសិក្សាបន្ថែមទៀត មុននឹងការសម្រេច»។
មន្ត្រីសាលាខេត្តរូបនោះ បានបញ្ជាក់ថា ជនជាតិដើមភាគតិចខ្លះចង់គ្រប់គ្រងដី ដោយមិនយល់ពីផ្លូវច្បាប់។
VOA មិនអាចសុំការឆ្លើយតបពីក្រុមហ៊ុនហ័ងអាញ់ យ៉ាឡាយ បាននៅឡើយទេ។ VOA ក៏មិនអាចសុំការឆ្លើយតបពីលោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្មបានដែរ។
ទាក់ទងនឹងការផ្ដល់ដីរបស់អាជ្ញាធរខេត្ត លោក សេវ សឿន តំណាងសហគមន៍កាក់ បានប្រសាសន៍ថា៖«យើងសប្បាយចិត្តសម្រាប់ដូនតារបស់យើង»។ ប៉ុន្តែលោកនៅតែទាមទារសំណងនៃការខូចខាតប៉ុន្មានឆ្នាំមកនេះបន្ថែមទៀត។ លោកបន្តថា ពលរដ្ឋនៅតែទាមទារសំណងបុគ្គល និងដីបុគ្គលដែលពួកគេបានបាត់បង់យូរមកហើយ។
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជាហៅកាត់ថា NGO Forum ដែលបានធ្វើការលើបរិស្ថាននិងដីសម្បទានសេដ្ឋកិច្ច បានរាយការណ៍កាលពីឆ្នាំ២០១៣ថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ការរុករករ៉ែ និងទំនប់វារីអគ្គិសនី ជម្លោះដីធ្លី ការកាប់បំផ្លាញព្រៃឈើ និងការកាប់ឈើលក់ដោយខុសច្បាប់ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់ជនជាតិដើមភាគតិច។
ជនជាតិដើមភាគតិចនៅកម្ពុជា មានប្រមាណ១៩ម៉ឺននាក់ ដែលស្មើនឹងប្រមាណ១,៤ភាគរយនៃប្រជាជនកម្ពុជាជាង១៦លាននាក់។
រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅអ្នកវិនិយោគ រហូតដល់ជិត១ម៉ឺនហិកតា សម្រាប់ក្រុមហ៊ុនមួយ ដែលពួកគេអាចគ្រប់គ្រងបានរយៈពេល៩៩ឆ្នាំ។ប៉ុន្តែក្រោយមក នៅឆ្នាំ២០១២ បន្ទាប់ពីការបណ្ដេញចេញដោយបង្ខំជាច្រើនឆ្នាំ និងការតវ៉ាជាច្រើនរបស់ពលរដ្ឋដែលរងគ្រោះដីធ្លី រដ្ឋាភិបាលបានសម្រេចបញ្ឈប់ការផ្ដល់ដីសម្បទាននិងកំណត់រយៈពេលនៃការគ្រប់គ្រងដីសម្បទានទាំងនោះមកត្រឹមរយៈពេល៥០ឆ្នាំវិញ៕