តំណាងសហគមន៍ជនជាតិដើមភាគតិច និងក្រុមអង្គការសង្គមស៊ីវិលកំពុងសើរើឡើងវិញនូវការរំលោភបំពានដីធ្លីរបស់ជនជាតិដើមភាគតិចនៅភូមិភាគឦសាន ខេត្តរតនគីរី ដើម្បីឲ្យក្រុមហ៊ុនវិនិយោគវៀតណាមមួយឈ្មោះ ហ័ងអាញ់យ៉ាឡាយ និងអាជ្ញាធររដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាដីធ្លី ដែលក្រុមហ៊ុននេះ រងការចោទប្រកាន់ថា មិនគោរពសន្យាប្រគល់ដីជូនសហគមន៍វិញ។
បើតាមការជូនដំណឹងរួមគ្នាបានឲ្យដឹងថា ក្រុមពលរដ្ឋចំនួន ១២ភូមិ នៅក្នុងខេត្តរតនគីរី បានទន្ទឹងរង់ចាំតាំងពីឆ្នាំ ២០១៥ មកក្រោយមានការសន្យាពីក្រុមហ៊ុនចំការកៅស៊ូវៀតណាម Hoang Anh Gia Lai (HAGL) ថា ត្រូវប្រគល់ដីជំនឿដ៏ពិសិដ្ឋ ឬជាតំបន់គោរពបូជាតាមប្រពៃណីរបស់ជនជាតិដើមភាគតិចចំនួន ៦៥ទីតាំង ស្មើនឹង ៧៤២ ហិកតា ដែលគេចាត់ទុកថា ជាការដាក់បញ្ចូលមិនត្រឹមត្រូវទៅក្នុងដីសម្បាទានកសិកម្មរបស់ក្រុមហ៊ុន ហើយធ្វើឲ្យមានផលប៉ះពាល់ដល់ជីវភាព ការគោរពប្រតិបត្តិសាសនា និងដំណើរការកសិកម្មរបស់ពួកគេ។
លោក រ៉ូម៉ាម ចឺយ តំណាងសហគមន៍មួយរូបនៃជនជាតិដើមភាគតិចបានថ្លែងប្រាប់ VOA តាមទូរស័ព្ទមកថា ក្រុមជនជាតិដើមភាគតិច គឺពឹងផ្អែកលើដីព្រៃសម្រាប់កសិកម្មគាំទ្រជីវភាព និងការប្រតិបត្តិតាមប្រពៃណីតាំងពីដូនតា តែមកពេលនេះក្រុមហ៊ុននិងក្រសួងរដ្ឋាភិបាល មិនបានដោះស្រាយជូនពលរដ្ឋទេ តែថែមទាំងមកឈូសឆាយបន្ថែមទៀត ដែលរឿងនេះជារឿងធ្វើឲ្យមានការតវ៉ាសុំឲ្យមានដំណោះស្រាយ។
«ប៉ុន្តែគាត់និយាយតែមាត់។ តាមពិតក្រុមហ៊ុននេះ គេថាយ៉ាងម៉េច អត់ដោះស្រាយឲ្យសហគមន៍វិញទេ អីចឹងទៅណា ទី១។ ទី២ ទៀតដីហ្នឹងកាលឆ្នាំ ២០១៨ គេវាស់វែងហើយ។ គេចុច GPS ជុំវិញដីហ្នឹង គឺដីភ្នំអារក្ស ហើយដីកប់សព ច្រប់ ហើយក្រុមហ៊ុនសន្យាថា ដីហ្នឹងគេជូនមកវិញ តែឥឡូវហ្នឹងគេឈូសឆាយឡើងវិញ ហើយនឹងគេឈូសបន្តទៀត»។
លោកថា ចាប់តាំងពីក្រុមហ៊ុន បានទទួលដីសម្បាទានពីរដ្ឋាភិបាលដើម្បីវិនិយោគកសិកម្មមក ការចាប់ផ្តើមឈូសឆាយដីព្រៃពិសិដ្ឋនានារបស់ជនជាតិដើមភាគតិច តាំងពីមុន និងការឈូសឆាយថ្មីៗនេះទៀត បានធ្វើឲ្យមានការរស់នៅមិនបានសុខ ដោយសារគ្មានកន្លែងគោរពបូជា ដែលជនជាតិដើមភាគតិចប្រតិបត្តិ ដូចដែលពលរដ្ឋខ្មែរទូទៅយកវត្តអារាមដើម្បីប្រតិបត្តិផងដែរ។ ក្រៅពីនេះ លោកថា ការឈូសឆាយនេះក៏បង្កគ្រោះថ្នាក់ដល់អ្នកភូមិខ្លះ ដោយសារការខឹងសម្បាពីអរក្សភ្នំ និងកន្លែងសក្តិសិទ្ធរបស់ពួកគាត់។
«តាំងពីក្រុមហ៊ុន ឈូសឆាយ តាំងពីឆ្នាំ ២០១១ ក្រោយពីហ្នុងពីរឆ្នាំ ក៏មានគ្រោះថ្នាក់នៅក្នុងភូមិនេះពីរនាក់ មានការឈឺ ស្លាប់តៃហោង គ្រូគេទាយមកថា គ្រូនិយាយថា អារក្ស អ្នកតាក្នុងភូមិហ្នឹងខឹង គេឈូសឆាយភ្នំអារក្ស»។
តំណាងសហគមន៍ជនជាតិដើមភាគតិចមួយរូបទៀត លោក សៅ សឿន បានថ្លែងថា ការតវ៉ានៅតែធ្វើបន្តទៀតដើម្បីឲ្យមានការដោះស្រាយ ទោះជាក្រុមហ៊ុនមិនគោរពកិច្ចសន្យា និងអាជ្ញាធររដ្ឋាភិបាលមិនទាន់បានផ្តល់ចម្លើយតាមបណ្តឹងរបស់ជនជាតិដើមភាគតិចក្តី។
«តាំងពីថ្ងៃទី២២ ខែមីនា សហគមន៍បានដាក់ពាក្យប្តឹងទៅខាងក្រសួងកសិកម្ម ខាងក្រសួងកសិកម្មអត់ទាន់ឆ្លើយតបដល់ហគមន៍ឲ្យបានដឹងឮទេ»។
លោកថ្លែងថា តាំងពីដូនតាមកជនជាតិដើមភាគតិចរស់នៅពឹងផ្អែកលើព្រៃធម្មជាតិ ដោយគ្មានទម្លាប់ធ្វើចំណាកស្រុកទៅក្រៅ ហើយនឹងមានជំនាញអ្វីដើម្បីប្រកបមុខរបរចញ្ចឹមជីវភាពទេ បើពុំដូច្នោះទេនឹងមានការឈឺស្កាត់ មិនអាចមកវិញដើម្បីជួបជុំក្រុមគ្រួសារបានទេ។
«ដោយសារហេតុអីជនជាតិដើមភាគតិចយើងខ្ញុំអត់ចេះធ្វើកម្មករក្រៅប្រទេស អត់ចេះធ្វើកម្មករក្រៅខេត្តទេ មិនមានទម្លាប់ទេ បើធ្វើកម្មករ១ថ្ងៃ ២ថ្ងៃបាន រាប់ខែអត់បានទេ អត់ទម្លាប់ទេ»។
VOA មិនអាចសុំការទាក់ទងបានជាមួយក្រុមហ៊ុន ហ័ងអាញ់យ៉ាឡាយ របស់វៀតណាមដើម្បីបំភ្លឺពីការពាក់ព័ន្ធនឹងរឿងដីធ្លីនេះបានទេ ដោយគ្មានការឆ្លើយតបមកវិញ តាមប្រព័ន្ធសារអេឡិចត្រូនិច អ៊ីមែលនៅឡើយទេ ក្នុងពេលបញ្ហារាតត្បាតជំងឺកូវីដ១៩ កំពុងរាំងស្ទះដល់ការងារ និងជំនួញ ហើយប៉ះពាល់ដល់សេដ្ឋកិច្ចតំបន់ និងពិភពលោកយ៉ាងធ្ងន់ធ្ងរនេះ។
តែនៅលើគេហទំព័ររបស់ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយនេះ គេឃើញថា ក្រុមហ៊ុនបានផ្តល់ជំនួយជាសម្ភារៈដល់ក្រសួងកសិកម្មនិងរុក្ខាប្រម៉ាញ់កម្ពុជា ដែលសរុបជាទឹកប្រាក់មានចំនួន ៥ ម៉ឺនដុល្លារ។ សម្ភារៈទាំងនោះមានដូចជាម៉ាស់ ស្រោមដៃ និងជែលលាងដៃផងដែរ ដែលជាផ្នែកមួយនៃជំនួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ។ បន្ថែមពីនេះ ក្រុមហ៊ុនបានផ្តល់ជំនួយដល់អាជ្ញាធរកម្ពុជានូវសម្ភារៈ បរិក្ខារផ្សេងៗ សរុបជាទឹកប្រាក់ចំនួន ៣ ម៉ឺនដុល្លារ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ផងដែរ។
សេចក្តីថ្លែងការណ៍រួមរវាងអង្គការជាតិនិងអន្តរជាតិ ហើយនិងសហគមន៍ដែល VOA ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា នៅពេលដែលមានការរង់ចាំការសម្រេចជាផ្លូវការពីក្រសួងកសិកម្មក្នុងពេលដែលមានការពន្យារពេលដោយសារតែវិបត្តិជំងឺកូវីដ១៩នេះ ក្រុមហ៊ុនបានឈូសឆាយភ្នំអារក្ស ចំនួន២ កន្លែង តំបន់ដីសើម តំបន់បាញ់សត្វតាមបែបប្រពៃណី និងដីកប់សព ដែលក្រុមសហគមន៍និងអង្គការតស៊ូមតិចាត់ទុកថា ជាការបំផ្លាញដីព្រៃ និងកន្លែងដីដែលមានតម្លៃខាងជំនឿមិនអាចកាត់ថ្លៃបានសម្រាប់ជនជាតិដើមភាគតិច។
លោក ដេវីដ ប្រែដ នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍អន្តរជាតិ ដែលមានការចូលរួម បានបង្ហាញពីការជំទាស់នឹងសកម្មភាពចុងក្រោយរបស់ក្រុមហ៊ុន ហើយបានបញ្ជាក់តាមខ្លឹមសារដើមថា៖
«ការបំផ្លាញទីកន្លែងសក្តិសិទ្ធទាំងនេះដោយក្រុមហ៊ុន ហ័ងអាញ់យ៉ាឡាយ គឺជារឿងគួរឲ្យសោកស្តាយ ហើយការពិតដែលថាក្រុមហ៊ុននេះ បានយកឱកាសនៃការរាតត្បាតជំងឺទូទាំងពិភពលោក មកបិទបាំង ដើម្បីឈូសឆាយដីជនជាតិដើមភាគតិចដោយខុសច្បាប់ថែមទៀតនេះ គឺជារឿងអាក្រក់គួរឲ្យភ្ញាក់ផ្អើល»។
លោក អៀង វុទ្ធី នាយកអង្គការសមធម៌កម្ពុជា បានទទូចដល់អាជ្ញាធររដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម និងដោះស្រាយ វាស់វែងដី កំណត់ព្រំប្រទល់ ហើយបញ្ចប់បញ្ហានេះកុំឲ្យបន្តកើតមានតទៅមុខ។
«តែយើងសង្ឃឹមថា រដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម នឹងធ្វើការពន្លឿននីតិវិធីដើម្បីធ្វើយ៉ាងណាកាត់ដីដែលយើងបានឯកភាពគ្នា ជាពិសេសដីដែលពាក់ព័ន្ធទៅនឹងក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ហើយនិងភូមិមួយចំនួន»។
កាលពីឆ្នាំកន្លងទៅ ក្រោមការដោះស្រាយនិងសម្របសម្រួលដោយទីប្រឹក្សាអនុលោមភាពជាផ្នែកមួយរបស់ធនាគារពិភពលោក ហៅកាត់ថា CAO ដែលជាស្ថាប័នឯករាជ្យ ក្រុមហ៊ុនបានសម្រេចនិងសន្យាថា ប្រគល់ដីជូនដល់សហគមន៍វិញ ហើយបានព្រមព្រៀងវាស់វែង កំណត់ព្រំប្រទល់ដីជាផ្លូវការ។ ការតស៊ូមតិឈានដល់កិច្ចសន្យានេះ កើតឡើងតាំងពីឆ្នាំ ២០១៤ ម្ល៉េះ ជាមួយនឹងការដាក់ពាក្យប្តឹងពីសហគមន៍ និងការតស៊ូមតិពីអង្គការជាតិនិងអន្តរជាតិខ្លះ។
នៅពេលសួរសំណួរអំពីដំណោះស្រាយដីធ្លីទៅមុខរបស់ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយនៃប្រទេស វៀតណាម ដែលបានរងការចោទប្រកាន់ថា បានដកថយចេញពីកិច្ចព្រមព្រៀងប្រគល់ដីជូនសហគមន៍ជនជាតិដើមភាគតិចនេះ មន្ត្រីនាំពាក្យអង្គការ CAO ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងប្រាប់ VOA តាមសារអេឡិចត្រូនិចអ៊ីម៉េលអំពីប្រវត្តិនៃការស្វែងរកដំណោះស្រាយ និងការចូលរួមដោះស្រាយកាលពីប៉ុន្មានឆ្នាំមុន តែបដិសេធធ្វើអត្ថាធីប្បាយទៅលើរឿងបញ្ហាទំនាស់ដីធ្លីនេះ។
«ដំណើរការរកដំណោះស្រាយវិវាទនេះកំពុងបន្ត ហើយបញ្ហាលម្អិតជាក់លាក់ គឺជារឿងសម្ងាត់រវាងភាគីពាក់ព័ន្ធនានា។ ក្នុងតួនាទី CAO ជាស្ថាប័នឯករាជ្យ និងអព្យាក្រិត យើងមិនអាចផ្តល់អត្ថាធិប្បាយលើបញ្ហាសំខាន់ៗនៃកិច្ចបន្តចរចាបានទេ ក្រៅពីអ្វីដែលជារបាយការណ៍សាធារណ:ផ្សព្វផ្សាយលើគេហទំព័រ អង្គការ CAO»៕