ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បិទ​ទីក្រុង​ទី ៣ នាំឲ្យ​ប៉ះពាល់​ដល់​មនុស្ស​ទាំងអស់​ ២០ លាន​នាក់


រូបឯកសារ៖ ពលរដ្ឋនៅសង្កាត់ Huaxian នៃទីក្រុង Anyang ខេត្ត Henan ប្រទេសចិន កំពុងតម្រង់ជួរធ្វើតេស្តរកវីរុសកូរ៉ូណា ដែលកំពុងរាតត្បាតក្នុងក្រុង កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ ពលរដ្ឋនៅសង្កាត់ Huaxian នៃទីក្រុង Anyang ខេត្ត Henan ប្រទេសចិន កំពុងតម្រង់ជួរធ្វើតេស្តរកវីរុសកូរ៉ូណា ដែលកំពុងរាតត្បាតក្នុងក្រុង កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២។

ទីក្រុង​ទី ៣ ​របស់​ចិន ត្រូវ​បាន​បិទ​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ចេញ​ចូល​ពីព្រោះ​តែ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ ១៩ ដោយ​បាន​នាំឲ្យ​ចំនួន​មនុស្ស​ដែល​ត្រូវ​ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន​កើន​ដល់​ប្រហែល ២០ លាន​នាក់។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

គេ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​ការបិទ​សកម្មភាព​សង្គម​នេះ​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទេ​នៅ​ក្នុង​ទីក្រុង Anyang ជាទីក្រុង មាន​មនុស្ស​រស់នៅ ៥ លាន​ ៥ សែន​នាក់នោះ។ ការធ្វើ​តេស្ត​ដ៏​ធំ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង នៅពេល​ណា​ដែល​មាន​ការ​ផ្ទុះឡើង​នៅ​ក្នុង​ប្រទេស​ចិន។

មនុស្ស​ ១៣​ លាន​នាក់​ផ្សេង​ទៀត បាន​នៅ​ជាប់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន នៅ​ក្នុង​ទីក្រុង Xi'an និង ១ លាន​ ១ សែន​នាក់​ទៀត​ នៅ​ក្នុង​ទីក្រុង Yuzhou ។ ចំណែក​នៅ​ទីក្រុង​កំពង់ផែ Tianjin ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ១ ម៉ោង​ពី​ទីក្រុង​ប៉េកាំង​ដែល​នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កីឡាអូឡាំពិក​រដូវ​រងារ​ពី​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ​ខាង​មុខ​ទៅនោះ កំពុងអនុវត្ត​ការ​រឹតត្បិត​សកម្មភាព​ផ្សេងៗ។

លោក Huang Chun ជា​មន្ត្រី​ផ្នែក​កីឡា​ទទួល​បន្ទុក​ការ​ត្រួតត្រា​ជំងឺ​ឆ្លង បាន​និយាយ​ថា ក្រុម​អ្នក​រៀបចំ​ចាត់ចែង​កំពុង​ពឹងផ្អែក​លើ​កិច្ចសហប្រតិបត្តិការ​ពី​ក្រុម​អត្ថពលិក​និង​មន្ត្រី​នានា ដើម្បី​រារាំង​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូវីដ ១៩ ដែល​អាច​ប៉ះពាល់​ដល់​អ្នក​ចូលរួម។

ទីក្រុង​ហុងកុង ក៏​បាន​ប្រកាស​ពី​ការ​បិទ​សាលាមតេ្តយ្យ​ និង​សាលា​បឋមសិក្សា​ បន្ទាប់ពី​ករណី​ឆ្លងត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​ចំណោម​សិស្ស។ សាលា​រៀន​នឹងត្រូវ​បាន​បិទ​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ រហូត​យ៉ាងហោច​ណាស់​ដល់​ពេល​ចូលឆ្នាំចិន​នៅដើម​ខែ​កុម្ភៈ។

ទីក្រុង​ហុងកុង បាន​រឹត​បន្តឹង​វិធាន​ការ​រឹតត្បិត​សកម្មភាព​នានា ដែល​ពាក់ព័ន្ធ​នឹង​ការ​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ បន្ទាប់ពី​បាន​រកឃើញ​ករណី​ឆ្លងវីរុស​បំប្លែង​ថ្មីអូមីក្រុង ដែល​កំពុង​កើត​ឡើង​ក្នុង​សហគមន៍៕

XS
SM
MD
LG