ប្រទេសឥណ្ឌានិយាយថា ខ្លួននឹងផ្តល់នាវាចម្បាំងមួយគ្រឿងទៅឱ្យប្រទេសវៀតណាម នៅក្នុងការបង្ហាញសញ្ញាចុងក្រោយថ្មីបំផុតមួយ ដើម្បីពង្រឹងវិស័យការពារជាតិនៃប្រទេសទាំងពីរ ដែលមានការព្រួយបារម្ភដូចគ្នាពីភាពដ៏គឃ្លើនរបស់ចិន។
សេចក្តីប្រកាសដែលថារដ្ឋាភិបាលក្រុងញូវដែលីនឹងផ្តល់នាវាចម្បាំងធុនតូចដែលបំពាក់មីស៊ីលរបស់ឥណ្ឌាដែលមានឈ្មោះថា INS Kirpan ទៅឱ្យវៀតណាមនោះ ត្រូវបានធ្វើឡើងនៅក្រោយជំនួបមួយរវាងរដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Rajnath Singh និងរដ្ឋមន្ត្រីការពារជាតិវៀតណាម លោកឧត្តមសេនីយ៍ Phan Van Gang នៅក្នុងរដ្ឋធានីញូវដែលីកាលពីថ្ងៃចន្ទម្សិលមិញ។
អ្នកវិភាគឯករាជ្យផ្នែកការពារជាតិលោក Rahul Bedi បានឱ្យដឹងថា «នាវាបំពាក់មីស៊ីល នេះ ជានាវាចម្បាំងប្រភេទតូចមួយ ដែលអាចប្រើប្រាស់ជាសំខាន់ទៅលើការពារដែនសមុទ្រ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលឥណ្ឌានិយាយថា ការផ្តល់នាវាចម្បាំងទៅឱ្យរដ្ឋាភិបាលក្រុងហាណូយ គឺជារបត់ដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សមត្ថភាពកងទ័ពជើងទឹកវៀតណាម។
ការផ្តោតជាសំខាន់ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិវៀតណាម មកកាន់ប្រទេសឥណ្ឌានេះ គឺដើម្បីបង្កើតទំនាក់ទំនងយោធាជាមួយរដ្ឋាភិបាលក្រុងញូវដែលី។ លោកក៏បានពិភាក្សាពីវិធីនានា ដើម្បីបង្កើនសមត្ថភាពឧស្សាហកម្មការពារជាតិ ដោយរួមសហប្រតិបត្តិការស្រាវជ្រាវផ្នែកការពារជាតិ និងការផលិតរួមគ្នាផងដែរ។ នេះបើយោងទៅលើសេចក្តីថ្លែងការណ៍ដដែលនោះ៕
ឥណ្ឌានឹងផ្តល់នាវាចម្បាំងមួយគ្រឿងដល់វៀតណាម ខណៈពេលប្រទេសទាំងពីរពង្រឹងចំណងការពារជាតិ
- Anjana Pasricha