ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​សម្ពោធ​កំពង់ផែ​នៅ​មីយ៉ាន់ម៉ា​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​នឹង​ចិន


រូបឯកសារ៖ សកម្មភាព​សាងសង់​កំពង់ផែ​ថ្មី​នៅ​ទន្លេ Kaladan ក្នុង​ទីក្រុង Sittwe ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១២។
រូបឯកសារ៖ សកម្មភាព​សាងសង់​កំពង់ផែ​ថ្មី​នៅ​ទន្លេ Kaladan ក្នុង​ទីក្រុង Sittwe ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១២។

ប្រទេស​ឥណ្ឌា​បាន​ជួយ​សម្ពោធ​កំពង់ផែ​សមុទ្រ​មួយ​កន្លែង​ដែល​គេ​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ខែ​ឧសភា​កន្លង​ទៅ​នេះ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ឥណ្ឌា​ប្រឹងប្រែង​ទប់ទល់​នឹង​ឥទ្ធិពល​កើន​ឡើង​របស់​ប្រទេស​ចិន​ដែល​ជា​គូប្រជែង​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​និង​នៅ​ទូទាំង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

ស៊ីម៉ងត៍​ចំនួន ១.០០០ តោន​ត្រូវ​បាន​ដឹក​ជញ្ជូន​ជា​លើក​ដំបូង​ពី​ទីក្រុង Kolkata នៃ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ទី ៩ ខែ​ឧសភា​ទៅ​ដល់​កំពង់ផែ​ថ្មី​មួយ​ដែល​ផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល​ឥណ្ឌា​ក្នុង​ទីក្រុង Sittwe នៃ​ប្រទេស​មីយ៉ាន់ម៉ា។

កំពង់ផែ​នៅ​ក្រុង Sittwe នេះ​គឺ​ជា​សមិទ្ធផល​ដំណាក់កាល​ទី​មួយ​នៃ​គម្រោង​ដឹកជញ្ជូន​ពហុ​វិធី Kaladan ដែល​មាន​តម្លៃ ៤៨៤ លាន​ដុល្លារ ដែល​មាន​បំណង​ត​ភ្ជាប់​ប្រទេស​ឥណ្ឌា​ជាមួយ​នឹង​តំបន់​ភាគ​ឦសាន​ដែល​មិន​នៅ​ជាប់​សមុទ្រ​របស់​ខ្លួន ដោយ​ឆ្លង​កាត់​រដ្ឋ Rakhine និង​រដ្ឋ Chin នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​មីយ៉ាន់ម៉ា ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​ប្រទេស​បង់ក្លាដែស។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ក្រសួង​កំពង់ផែ ដឹក​ជញ្ជូន និង​ផ្លូវ​ទឹក​នៃ​ប្រទេស​ឥណ្ឌា​បាន​លើក​ឡើង​ថា កំពង់ផែ​ក្រុង Sittwe គឺ​ជា​សញ្ញា​នៃ «យុគ​សម័យ​ថ្មី​មួយ​នៃ​ការ​ដឹកជញ្ជូន» ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា និង «បើក​ផ្លូវ​សម្រាប់​សក្តានុពល​សេដ្ឋកិច្ច​ដ៏​មហិមា» នៅ​ទូទាំង​តំបន់​តាម​រយៈ​ការ​ត​ភ្ជាប់​តំបន់​អាស៊ី​ខាង​ត្បូង​ជាមួយ​នឹង​តំបន់​អាស៊ី​អាគ្នេយ៍។

នៅ​ពេល​បញ្ចប់​ការ​សាងសង់​ផ្លូវ​ទឹក​សម្រាប់​ដឹក​ជញ្ជូន​ប្រវែង ១៥៨ គីឡូម៉ែត្រ​ពី​កំពង់ផែ​ក្រុង Sittwe ​រហូត​ដល់​ទន្លេ Kaladan និង​ផ្លូវ​គោក​ប្រវែង ២១០ គីឡូម៉ែត្រ​មួយ​ទៀត​ភ្ជាប់​ចូល​ទៅ​ក្នុង​ប្រទេស​ឥណ្ឌា​វិញ ក្រសួង​បាន​ថ្លែង​ថា ច្រក​ដឹក​ជញ្ជូន​នេះ​នឹង​កាត់​បន្ថយ​ពេលវេលា​ដឹក​ជញ្ជូន​និង​ការ​ចំណាយ​រវាង​ទីក្រុង Kolkata និង​រដ្ឋ Mizoram បាន​ច្រើន​ជាង​ពាក់​កណ្តាល។

រូបឯកសារ៖ សកម្មភាព​សាងសង់​កំពង់ផែ​ថ្មី​នៅ​ទន្លេ Kaladan ក្នុង​ទីក្រុង Sittwe ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១២។
រូបឯកសារ៖ សកម្មភាព​សាងសង់​កំពង់ផែ​ថ្មី​នៅ​ទន្លេ Kaladan ក្នុង​ទីក្រុង Sittwe ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១២។

លោក Avinash Paliwal គ្រូ​បង្រៀន​ជាន់​ខ្ពស់​នៃ​មហាវិទ្យាល័យ Oriental and African Studies នៃ​សាកលវិទ្យាល័យ University of London ក្នុង​ចក្រភព​អង់គ្លេស បាន​ប្រាប់ VOA ថា ឥណ្ឌា​និង​មីយ៉ាន់ម៉ា​បាន​ចាប់​ដៃ​គ្នា​លើ​គម្រោង​នេះ​កាលពី ១៥ ឆ្នាំ​មុន ប៉ុន្តែ​តាម​ពិត​គម្រោង​នេះ​បាន​ផ្តើម​ចេញ​ពី​គោលដៅ​នៃ​ការ​បញ្ចូល​សេដ្ឋកិច្ច​ឥណ្ឌា​ទៅ​ក្នុង​ទីផ្សារ​ដ៏​មមាញឹក​នៅ​អាស៊ី​អាគ្នេយ៍​ដែល​មាន​តាំង​ពី​ទសវត្សរ៍ ១៩៦០ មក​ម្ល៉េះ។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «នេះ​គឺ​ជា​បំណង​ប្រាថ្នា​ដ៏​ធំ ដែល​តែងតែ​មាន​ដាក់​បញ្ចូល​ក្នុង​គោល​នយោបាយ​សម្លឹង​ទៅ​ទិស​ខាង​កើត ឬ​បាញ់​ឆ្ពោះ​ទៅ​ទិស​ខាង​កើត​របស់​ឥណ្ឌា។ ហើយ​សព្វថ្ងៃ​នេះ វា​គឺ​ជា​ធាតុ​ដ៏​សំខាន់​មួយ​នៃ​យុទ្ធសាស្រ្ត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​ឥណ្ឌា និង​ដើម្បី​ប្រឆាំង​នឹង​ចិន ដោយសារ​ចិន​ក៏​មាន​ឥទ្ធិពល​ខ្លាំង​ផង​ដែរ​នៅ​ក្នុង​តំបន់»។

ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ជាមួយ​នឹង​ឥទ្ធិពល​របស់​ចិន

លោក Paliwal បាន​ថ្លែង​ថា ប្រទេស​ឥណ្ឌា​មាន​ក្ដី​បារម្ភ​ខ្លាំងក្លា​អំពី​ឥទ្ធិពល​កើន​ឡើង​របស់​ចិន​នៅ​ក្នុង​តំបន់ បើ​ទោះបីជា​ខ្លួន​មិន​ដែល​បាន​វិនិយោគ​ថវិកា​ច្រើន​ដើម្បី​រុញ​ច្រាន​ឥទ្ធិពល​នោះ​ទៅ​វិញ​ក៏ដោយ។ លោក​បាន​បន្ថែម​ថា បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ចិន ឥណ្ឌា​ក៏​បាន​ធ្វើ​កិច្ចការ​តិចតួច​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​កងទ័ព​ឧទ្ទាម​ជនជាតិ​ភាគតិច​ដែល​គ្រប់គ្រង​តំបន់​ព្រំដែន​ដី​គោក​ជាច្រើន​របស់​មីយ៉ាន់ម៉ា រួម​ទាំង​រដ្ឋ Rakhine និង​រដ្ឋ Chin ផង​ដែរ។

បើ​ទោះបីជា​ចិន​បន្ត​គ្រប​ដណ្តប់​លើ​ទំនាក់ទំនង​ជាមួយ​នឹង​មីយ៉ាន់ម៉ា​ក៏ដោយ លោក Paliwal បាន​ថ្លែង​ថា ការ​វិនិយោគ​របស់​ឥណ្ឌា​នៅ​កំពង់ផែ​ក្រុង Sittwe យ៉ាង​ហោច​ណាស់​ជួយ​ឱ្យ​របប​យោធា​មីយ៉ាន់ម៉ា​ដែល​បាន​ដណ្តើម​អំណាច​កាលពី​ឆ្នាំ ២០២១ ពេញចិត្ត​នឹង​ឥណ្ឌា​ដែរ។

លោក​បាន​ថ្លែង​ថា៖ «ចំណុច​សំខាន់​គឺ​ថា ឥណ្ឌា​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​របប​យោធា​មីយ៉ាន់ម៉ា​នៅ​តែ​មាន ដោយសារ​ពួកគេ​ចាំបាច់​ត្រូវ​ដឹង​ថា​ចិន​កំពុង​ធ្វើ​អ្វី។ បណ្តាញ​ស៊ើបការណ៍​សម្ងាត់​ចាំបាច់​ត្រូវតែ​រក្សា​ឱ្យ​នៅ​បើក​ចំហ។ ប្រសិនបើ​ការ​ចំណាយ​ថវិកា​មួយ​ចំនួន​ក្នុង​គម្រោង Kaladan អាច​ជួយ​ពួកគេ​ឱ្យ​រក្សា​បាន​នូវ​បណ្តាញ​ស៊ើបការណ៍​សម្ងាត់​នោះ នោះ​វា​មិន​មែន​ជា​បញ្ហា​សម្រាប់​ពួកគេ​នោះ​ទេ»។

អ្នកស្រី Sreeparna Banerjee សមាជិក​ជាន់​ទាប​នៃ​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ Observer Research Foundation ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Kolkata បាន​ប្រាប់ VOA ថា ប្រសិនបើ​និង​នៅ​ពេល​ដែល​គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់ ច្រក​ដឹក​ជញ្ជូន​នេះ​អាច​ជួយ​ជំរុញ​យ៉ាង​សំខាន់​ដល់​សេដ្ឋកិច្ច​របស់​ឥណ្ឌា។

រូបឯកសារ៖ មនុស្សម្នា​ដើរ​នៅ​លើ​ឆ្នេរ​មួយ​នៅ​ឈូង​សមុទ្រ Bengal ក្នុង​តំបន់រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦។
រូបឯកសារ៖ មនុស្សម្នា​ដើរ​នៅ​លើ​ឆ្នេរ​មួយ​នៅ​ឈូង​សមុទ្រ Bengal ក្នុង​តំបន់រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦។

អ្នកស្រី​បាន​បញ្ជាក់​ថា តាមរយៈ​ការ​ត​ភ្ជាប់​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​ឥណ្ឌា​ទៅ​នឹង​សមុទ្រ ច្រក​ដឹក​ជញ្ជូន​នេះ​អាច​ជំរុញ​ឱ្យ​មាន​ការងារ​និង​កំណើន​អាជីវកម្ម​ក្នុង​តំបន់​ដែល​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស ជួយ​ឥណ្ឌា​ទាញ​យក​ធនធាន​ធម្មជាតិ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​ពង្រឹង​ផ្លូវ​ពាណិជ្ជកម្ម​តាម​ផ្លូវ​គោក​និង​ផ្លូវ​សមុទ្រ​របស់​ឥណ្ឌា​ជាមួយ​នឹង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​នៅតែ​ប្រុងប្រយ័ត្ន​ជាមួយ​នឹង​ប្រទេស​ចិន។

អ្នកស្រី Banerjee បាន​ថ្លែង​ដូច្នេះ​ថា៖ «ខណៈ​ដែល​ឥណ្ឌា​សង្កត់​ធ្ងន់​លើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន [ឥណ្ឌា] ក៏​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​មាន​តុល្យភាព​ជាមួយ​នឹង​ឥទ្ធិពល​របស់​ចិន​ផង​ដែរ​តាម​រយៈ​ការ​ពង្រឹង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​នឹង​មីយ៉ាន់ម៉ា​និង​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​រួម​គ្នា»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ដូច្នេះ គម្រោង Kaladan ដើរ​តួ​ជា​យុទ្ធសាស្ត្រ​ទប់ទល់​នឹង​ឥទ្ធិពល​គ្រប​ដណ្ដប់​របស់​ចិន​នៅ​ក្នុង​តំបន់។ វា​មិន​ត្រឹមតែ​ពង្រឹង​ទំនាក់ទំនង​របស់​ឥណ្ឌា​ជាមួយ​នឹង​មីយ៉ាន់ម៉ា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្ហាញ​អំពី​ការ​ប្តេជ្ញាចិត្ត​របស់​ឥណ្ឌា​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​មីយ៉ាន់ម៉ា​និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ផង​ដែរ»។

លោក Hunter Marston បេក្ខជន​ថ្នាក់​បណ្ឌិត​នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី (Australian National University) ដែល​កំពុង​សិក្សា​អំពី​ប្រទេស​មីយ៉ាន់ម៉ា បាន​ប្រាប់ VOA ថា ឥណ្ឌា​សង្ឃឹម​ថា​ កំពង់ផែ​របស់​ខ្លួន​នៅ​រដ្ឋ Rakhine នៅ​ថ្ងៃ​ណា​មួយ​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​កំពង់ផែ​ដែល​ធំ​ជាង និង​ជ្រៅ​ជាង​នេះ​ដែល​ចិន​កំពុង​សាងសង់​នៅ​ទីក្រុង Kyaukphyu ដែល​ស្ថិត​នៅ​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​នៃ​ភាគ​អាគ្នេយ៍​ទីក្រុង Sittwe ដែល​នៅ​ទីនោះ​គម្រោង​ច្រក​របៀង​សេដ្ឋកិច្ច​របស់​ចិន​ផ្ទាល់​ដែល​ឆ្លង​កាត់​ប្រទេស​មីយ៉ាន់ម៉ា​បាន​ភ្ជាប់​ទៅ​ដល់​សមុទ្រ។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «នោះ​ជា​គោលដៅ​ពិត​ប្រាកដ​មួយ។ ឥណ្ឌា​កំពុង​ព្យាយាម​ធ្វើ​រឿង​នេះ​ដើម្បី​ប្រជែង​ជាមួយ​ចិន។ ប៉ុន្តែ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ឥណ្ឌា​ជាមួយ​មីយ៉ាន់ម៉ា​គឺ​តិច​ជាង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​មីយ៉ាន់ម៉ា។ ខ្ញុំ​គិត​ថា ប្រទេស​ឥណ្ឌា​មាន​សក្ដានុពល​ច្រើន​សម្រាប់​ធ្វើ​ឱ្យ​ទំនាក់ទំនង​សេដ្ឋកិច្ច​រីក​ចម្រើន​នៅ​ពេល​អនាគត ប៉ុន្តែ​បើ​យើង​មើល​មួយ​ជ្រុង​ទៀត វា​រាង​យឺត​ពេល​ក្នុង​ការ​តាម​ឱ្យ​ទាន់​ចិន»។

តួលេខ​របស់​អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​ថា ពាណិជ្ជកម្ម​របស់​មីយ៉ាន់ម៉ា​ជាមួយ​ចិន​បាន​កើន​ឡើង​ដល់​ជាង ៩ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២២ ហើយ​ពាណិជ្ជកម្ម​របស់​មីយ៉ាន់ម៉ា​ជាមួយ​ឥណ្ឌា​ក្នុង​ឆ្នាំ ២០២២ ដូច​គ្នា​នេះ​មាន​ចំនួន​តែ ១,៥ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ឥណ្ឌា​នៅ​មីយ៉ាន់ម៉ា​ស្មើ​នឹង​ចំណែក​តូច​មួយ​របស់​ចិន​ប៉ុណ្ណោះ។

មិត្ត​រក​តែ​ប្រយោជន៍

លោក Marston បាន​ថ្លែង​ថា បើ​ទោះបីជា​អ៊ីចឹង​ក៏ដោយ ប្រទេស​មីយ៉ាន់ម៉ា​នៅតែ​អាច​ប្រើប្រាស់​ការ​វិនិយោគ​របស់​ឥណ្ឌា​នៅ​ក្នុង​គម្រោង Kaladan ដើម្បី​ការពារ​ប្រឆាំង​នឹង​ប្រទេស​ចិន ដោយ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ពឹង​ផ្អែក​ខ្លាំង​លើ​ប្រទេស​ណា​មួយ ជា​ពិសេស​ចាប់​តាំង​ពី​ពេល​រដ្ឋប្រហារ​យោធា​មក​ម៉្លេះ។

ការ​គាបសង្កត់​យ៉ាង​ឃោរឃៅ​របស់​របប​យោធា​មីយ៉ាន់ម៉ា​លើ​ការ​តស៊ូ​ប្រដាប់​អាវុធ​ដែល​កំពុង​កើន​ឡើង​កំពុង​ធ្វើ​ឱ្យ​មីយ៉ាន់ម៉ា​បាត់បង់​សម្ព័ន្ធមិត្ត​បរទេស​របស់​ខ្លួន ប៉ុន្តែ​ឥណ្ឌា​នៅតែ​ប្រកាន់​ខ្ជាប់​ជំហរ​របស់​ខ្លួន​ជាមួយ​នឹង​មីយ៉ាន់ម៉ា។ រួម​ជាមួយ​ចិន​និង​រុស្ស៊ី ឥណ្ឌា​បាន​បោះឆ្នោត​អនុបវាទ​លើ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន ដែល​សេចក្ដី​សម្រេច​នោះ​ស្នើ​ឱ្យ​មាន​ការ​បញ្ចប់​អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា​ជា​បន្ទាន់។ ឥណ្ឌា​ក៏​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​តូច​ផង​ដែរ​ដែល​នៅតែ​លក់​អាវុធ​ឱ្យ​មីយ៉ាន់ម៉ា បើ​ទោះបីជា​តិច​ជាង​ចិន​ឬ​ក៏​រុស្ស៊ី​ច្រើន​ក៏ដោយ។

លោក Marston បាន​ថ្លែង​ដូច្នេះ​ថា៖ «កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​របប​យោធា​មីយ៉ាន់ម៉ា​មិន​បាន​ជួយ​អ្វី​ច្រើន​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​នៅ​ក្នុង​ប្រទេស​នោះ​ទេ ប៉ុន្តែ​របប​នេះ​កំពុង​ព្យាយាម​ពង្រឹង​ភាព​ជា​ដៃគូ​ខាង​ក្រៅ​របស់​ខ្លួន​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ ជា​ពិសេស​ជាមួយ​ប្រទេស​ដែល​អនុញ្ញាត​ឱ្យ​ខ្លួន​អាច​ជៀស​ផុត​ការ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​ប្រទេស​ចិន ជា​ពិសេស​លើ​ការ​វិនិយោគ​បរទេស»។

រូបឯកសារ៖ កម្មករ​សំណង់​ម្នាក់​អង្គុយ​នៅ​ក្បែរ​គម្រោង​កំពង់ផែ​ក្នុង​ទីក្រុង Sittwe ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១២ ដែល​គម្រោង​នេះ​មាន​ទីតាំង​នៅ​ភាគពាយព្យ​នៃ​ប្រទេស​មីយ៉ាន់ម៉ា ជា​កន្លែង​ដែល​ទឹក​ទន្លេ Kaladan ហូរ​ចូល​ទៅក្នុង​ឈូង​សមុទ្រ Bengal។
រូបឯកសារ៖ កម្មករ​សំណង់​ម្នាក់​អង្គុយ​នៅ​ក្បែរ​គម្រោង​កំពង់ផែ​ក្នុង​ទីក្រុង Sittwe ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១២ ដែល​គម្រោង​នេះ​មាន​ទីតាំង​នៅ​ភាគពាយព្យ​នៃ​ប្រទេស​មីយ៉ាន់ម៉ា ជា​កន្លែង​ដែល​ទឹក​ទន្លេ Kaladan ហូរ​ចូល​ទៅក្នុង​ឈូង​សមុទ្រ Bengal។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា ទោះបីជា​មាន​ថវិកា​គ្រប់គ្រាន់​ក៏ដោយ ក៏​គម្រោង Kaladan អាច​នឹង​មិន​ងាយ​ស្រួល​ក្នុង​ការ​បញ្ចប់​បាន​លឿន​នោះ​ទេ។

ការ​បះបោរ​ដែល​អូសបន្លាយ​ជា​យូរ​មក​ហើយ​បាន​ប៉ះពាល់​ដល់​ទាំង​មីយ៉ាន់ម៉ា​និង​ឥណ្ឌា។ ការ​ប្រយុទ្ធ​គ្នា​គឺ​កាន់តែ​មាន​ភាព​ខ្លាំងក្លា​ឡើង​ជា​ពិសេស​នៅ​ខាង​មីយ៉ាន់ម៉ា​ចាប់​តាំងពី​ពេល​រដ្ឋប្រហារ​យោធា​មក។

លោក Marston បាន​និយាយ​ថា អំពើ​ហិង្សា​ដែល​កំពុង​បន្ត​នឹង​ក្លាយជា «ឧបសគ្គ​ដ៏​ធំ» មួយ​ចំពោះ​ការ​សាងសង់​ផ្លូវ​ដែល​ជា​ដំណាក់កាល​ចុងក្រោយ​ក្នុង​ការ​បញ្ចប់​គម្រោង​ច្រក​ដឹក​ជញ្ជូន​នៅ​ភាគ​ខាង​ជើង​នៃ​ទីក្រុង Sittwe នេះ។

លោក Paliwal បាន​យល់ស្រប​ថា «ផ្លូវ​នោះ​នឹង​មិន​ត្រូវ​បាន​សាងសង់​នៅ​ពេល​ណា​មួយ​ឆាប់ៗ​ខាង​មុខ​នេះ​ទេ»។

អ្នកស្រី Banerjee បាន​លើកឡើង​ថា អ្នកស្រី​មាន​សុទិដ្ឋិនិយម​ជាង​នេះ​ដោយ​សន្មត​ថា​កិច្ច​ប្រឹងប្រែង​របស់​របប​យោធា​មីយ៉ាន់ម៉ា​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​បទ​ឈប់​បាញ់​ជាមួយ​ក្រុម​ឧទ្ទាម​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ទទួល​បាន​ផ្លែផ្កា និង​ថា​ឥណ្ឌា​អាច​ផ្តល់​ភាព​កក់ក្តៅ​ដល់​រដ្ឋាភិបាល​ស្រមោល​របស់​មីយ៉ាន់ម៉ា​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​មួយ​ចំនួន។

អ្នកស្រី​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ប្រសិនបើ​ប្រទេស​ឥណ្ឌា​អាច​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ត្រឹមត្រូវ ខ្ញុំ​គិត​ថា មាន​ក្តី​សង្ឃឹម​ដែល​ថា​គម្រោង [ច្រក​ដឹក​ជញ្ជូន] នេះ​នឹង​ត្រូវ​បាន​បញ្ចប់​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ខាង​មុខ ប៉ុន្តែ​មិនមែន​ក្នុង​ពេល​ឥឡូវ​នេះ​ទេ»៕

XS
SM
MD
LG