ប្រទេសឥណ្ឌាឥឡូវនេះ នាំមុខប្រទេសប្រេស៊ីលក្នុងនាមជាប្រទេសដែលមានចំនួនករណីឆ្លងវីរុសកូរ៉ូណាលំដាប់ទី ២ ក្នុងពិភពលោក។
ក្រសួងសុខាភិបាលឥណ្ឌាបានរាយការណ៍ករណីឆ្លងថ្មីចំនួន ៩០.៨០២ ករណីនៅថ្ងៃចន្ទនេះ ដែលធ្វើឱ្យឥណ្ឌាមានចំនួនអ្នកឆ្លងវីរុសកូរ៉ូណាសរុបទាំងអស់ជាង ៤ លាន ២ សែនករណីចាប់តាំងពីពេលដែលវីរុសនេះបានផ្ទុះឡើងដំបូងមក។
នៅថ្ងៃចន្ទនេះ ឥណ្ឌាក៏បានរាយការណ៍អំពីចំនួនអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ ចំនួន ១.០១៦ នាក់ផងដែរ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសនេះមានចំនួន ៧១.៦៤២ នាក់។
សម្រាប់ប្រទេសប្រេស៊ីលវិញ ប្រទេសនេះបានរាយការណ៍អំពីករណីស្លាប់ថ្មីដោយ សារវីរុសនេះចំនួន ១៤.៥២១ ករណីកាលពីថ្ងៃអាទិត្យ ហើយបើទោះបីជាប្រទេសនេះស្ថិតនៅពីក្រោយប្រទេសឥណ្ឌាទាក់ទិននឹងចំនួនអ្នកឆ្លងសរុបក៏ដោយ ក៏ប្រទេសនេះនៅតែស្ថិតក្នុងលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិកដដែល ទាក់ទិននឹងចំនួនអ្នកស្លាប់សរុប ដែលមានចំនួន ១២៦.៦៥០ នាក់។
សហរដ្ឋអាមេរិកនៅតែនាំមុខគេនៅលើពិភពលោកដោយមានអ្នកឆ្លងវីរុសកូរ៉ូណាប្រហែល ៦ លាន ៣ សែនករណី និងអ្នកស្លាប់ដោយសារវីរុសនេះចំនួនប្រហែល ១៨៩.០០០ នាក់។
នៅក្នុងប្រទេសអូស្ត្រាលី ពួកមន្រ្តីក្នុងរដ្ឋ Victoria បាននិយាយនៅថ្ងៃចន្ទនេះថា មានការឆ្លងថ្មីចំនួន៤១ករណី ដែលជាការកើនទាបបំផុតក្នុងរយៈពេលមួយថ្ងៃចាប់តាំងពីចុងខែមិថុនាមក។
រដ្ឋ Victoria បានប្រយុទ្ធដើម្បីរាំងខ្ទប់អ្វីដែលជាការផ្ទុះឡើងដ៏ខ្លាំងបំផុតនៅក្នុងប្រទេសអូស្ត្រាលី។
ពួកអាជ្ញាធរបានដាក់ការរឹតត្បិតកាលពីដើមខែសីហា ហើយដោយមានការជឿន លឿនបានឃើញចាប់តាំងពីពេលនោះមក គេបានប្រកាសកាលពីថ្ងៃអាទិត្យម្សិល មិញពីការបន្ធូរបន្ថយច្បាប់ខ្លះ។
លោកនាយករដ្ឋមន្ត្រី Scott Morrison ក៏បាននិយាយនៅថ្ងៃចន្ទនេះដែរថា អូស្ត្រាលីមានកិច្ចព្រមព្រៀងដែលមានជាស្រេចហើយជាមួយក្រុមហ៊ុន CSL ដើម្បីផលិតថ្នាំវ៉ាក់សាំងការពារវីរុសកូរ៉ូណា២ ដែលថ្នាំវ៉ាក់សាំងទាំងនេះ បង្ហាញពីសុវត្ថិភាព និងប្រសិទ្ធភាពនៅក្នុងការសាកល្បង៕