ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Singh ថា ឥណ្ឌា​ត្រូវ​អនុវត្ត​ជំហាន​ចំនួន ៣ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​កូវីដ១៩


លោក Manmohan Singh (រូប​កណ្តាល) ថ្លែង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Manmohan Singh (រូប​កណ្តាល) ថ្លែង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

អតីត​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Manmohan Singh បាន​និយាយ​ថា ប្រទេស​ឥណ្ឌា​ត្រូវ​ចាត់​វិធានការ ៣ ជំហាន «ជា​បន្ទាន់» ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ពី​ផល​ប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩ ឱ្យ​ទៅ​រក​ភាព​ធម្មតា​វិញ។

នៅ​ក្នុង​សារ​ឆ្លើយឆ្លង​តាម​អ៊ីមែល​ជាមួយ​នឹង​ទូរទស្សន៍ BBC លោក Singh បាន​បញ្ជាក់​ថា ដំបូង រដ្ឋាភិបាល​ត្រូវតែ «ធានា​ថា ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​ការពារ ហើយ​ពួកគេ​អាច​មាន​លទ្ធភាព​ចំណាយ​បាន​តាម​រយៈ​ជំនួយ​សំខាន់​ជា​លុយ​ដោយ​ផ្ទាល់»។

ជំហាន​ទី​ពីរ អាជីវកម្ម​នានា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ត្រូវតែ​ទទួល​បាន​មូលនិធិ​គ្រប់គ្រាន់​តាម​រយៈ «កម្មវិធី​ធានា​ឥណទាន​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល»។

សម្រាប់​ជំហាន​ទី ៣ លោក Singh បាន​និយាយ​ថា ប្រទេស​ឥណ្ឌា​ត្រូវតែ​ដោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ខ្លួន តាម​រយៈ «ស្វ័យភាព​ស្ថាប័ន និង​វិធី​អនុវត្ត»។

លោក Singh ថា ការ​ខ្ចី​ថវិកា​ប្រហែលជា​ចាំបាច់ ប្រសិនបើ​រដ្ឋាភិបាល​ចង់​ស្ដារ​សេដ្ឋកិច្ច​ឱ្យ​បាន​ពេញ​ទំហឹង​ឡើង​វិញ។

លោក Singh ធ្លាប់​បាន​ដឹកនាំ​កម្មវិធី​កំណែ​ទម្រង់​ដ៏​សំខាន់​មួយ​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​ឥណ្ឌា នៅ​ពេល​ដែល​លោក​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​កាល​ពី​ជិត ២០ ឆ្នាំ​មុន៕

XS
SM
MD
LG