អាជ្ញាធរឥណ្ឌាបានឱ្យដឹងថា កងទ័ពរបស់ខ្លួនបានរារាំងការប៉ុនប៉ងរបស់ទាហានចិនដើម្បីផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ននៅភាគខាងជើងក្នុងតំបន់ Ladakh ទីតាំងដែលភាគីទាំងពីរបានជាប់គាំងនៅក្នុងជម្លោះដ៏តានតឹងមួយតាមបណ្ដោយព្រំដែនភ្នំហិមាល័យអស់រយៈពេលជាងបួនខែមកហើយ។ ប៉ុន្តែភាគីចិនបានច្រានចោលការចោទប្រកាន់នេះ។
សេចក្ដីថ្លែងការណ៍ [ពីភាគីឥណ្ឌា] បានឱ្យដឹងថាឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ហើយកងទ័ពឥណ្ឌា «បានចាត់វិធានការទប់ស្កាត់សកម្មភាពរបស់កងទ័ពចិននៅខាងត្បូងមាត់បឹង Pangong Tso និងបានពង្រឹងជំហររបស់ខ្លូន ដើម្បីរារាំងចេតនារបស់ចិនក្នុងការផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្នជាឯកតោភាគី»។
សេចក្ដីថ្លែងការណ៍នេះបានបញ្ជាក់ថា ប្រទេសឥណ្ឌាបេជ្ញាចិត្តចរចា ប៉ុន្តែឥណ្ឌា «ក៏ប្តេជ្ញាដូចគ្នាក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន»។
នៅរដ្ឋធានីប៉េកាំងវិញ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា កងទ័ពការពារព្រំដែនរបស់ចិន «តែងតែគោរពយ៉ាងខ្ជាប់ខ្ជួននូវបន្ទាត់ព្រំដែន ឬ The Line of Actual Control ឬ និងមិនដែលឆ្លងដែនឡើយ» ដោយសំដៅលើព្រំដែនដែលមិនទាន់មានការបោះបង្គោលច្បាស់លាស់។ លោកថាភាគីទាំងពីរជជែកគ្នាអំពីស្ថានភាពនៅព្រំដែន។ បន្ទាត់ព្រំដែននេះបែងចែកបូរណភាពទឹកដីប្រទេសទាំងពីរ៕