ប្រទេសឥណ្ឌានិងប្រទេសអាស៊ីមួយចំនួនទៀត កំពុងក្លាយជាប្រភពនៃប្រាក់ចំណូលដ៏សំខាន់នៃវិស័យប្រេងឥន្ធនៈសម្រាប់រដ្ឋាភិបាលក្រុងមូស្គូ បើទោះបីជាមានការដាក់សម្ពាធដ៏តឹងតែងពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនឱ្យបង្កើនការទិញប្រេងពីរុស្ស៊ីក្តី ខណៈដែលសហភាពអឺរ៉ុបនិងសម្ពន្ធមិត្តដទៃផ្សេងទៀតបានកាត់ផ្តាច់ការនាំចូលប្រេងពីរុស្ស៊ីដោយសារតែការដាក់ទណ្ឌកម្មទៅលើសង្គ្រាមដែលបង្កឡើងដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ការលក់ប្រេងទៅឱ្យប្រទេសនៅក្នុងតំបន់អាស៊ីបានបង្កើនប្រាក់ចំណូលនៃការនាំចេញរបស់រុស្ស៊ី ខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសម្ពន្ធមិត្តកំពុងព្យាយាមកម្រិតលំហូរហិរញ្ញ វត្ថុដែលគាំទ្រការធ្វើសង្គ្រាមរបស់រដ្ឋាភិបាលក្រុងមូស្គូ។
ឥណ្ឌាដែលកំពុងត្រូវការប្រេងជាខ្លាំងសម្រាប់ប្រទេសរបស់ខ្លួនដែលមានប្រជាជនចំនួន១ពាន់៤០០លាននាក់នោះបានប្រើប្រាស់ប្រេងរុស្ស៊ីអស់ជិត៦០០លានធុងរហូតមកដល់ពេលនេះក្នុងឆ្នាំ២០២២នេះដែលប្រៀបធៀបក្នុងឆ្នាំ២០២១ទាំងមូលមានចំនួនតែ១២លានធុងតែប៉ុណ្ណោះ។ នេះបើយោងទៅលើទិន្នន័យប្រើប្រាស់របស់ក្រុមហ៊ុន Kpler។ ការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីដែលក្នុងនោះក៏រួមមានប្រទេសចិនផងដែរបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក៏ប៉ុន្តែនៅតិចជាងប្រទេសឥណ្ឌានៅឡើយ។
ក្នុងកិច្ចសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មាន AP នាយករដ្ឋមន្ត្រីប្រទេសស្រីលង្កាបាននិយាយថា លោកប្រហែលជាអាចត្រូវបង្ខំចិត្តដើម្បីទិញប្រេងបន្ថែមទៀតពីប្រទេសរុស្ស៊ី ពីព្រោះលោកកំពុងស្វះស្វែងរកប្រេងដើម្បីធ្វើឱ្យប្រទេសលោកដំណើរការទៅមុខទៀត ស្របពេលដែលប្រទេសនេះកំពុងជួបនូវវិបត្តិសេដ្ឋកិច្ចដ៏ខ្លាំងនោះ។
នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe បាននិយាយនៅថ្ងៃសៅរ៍កន្លងទៅនេះថា លោកនឹងសម្លឹងទៅរកប្រភពប្រេងពីប្រទេសផ្សេងៗ ប៉ុន្តែបើកចំហរក្នុងការទិញប្រេងឆៅបន្ថែមទៀតពីប្រទេសរុស្ស៊ី។ កាលពីចុងខែឧសភាកន្លងទៅ ប្រទេសស្រីលង្កាបានទិញប្រេងឆៅពីប្រទេសរុស្ស៊ីចំនួន៩ម៉ឺន ៩ពាន់តោន។
សហរដ្ឋអាមេរិកទទូលស្គាល់ថា ឥណ្ឌាត្រូវការប្រេងឥន្ធនៈដែលមានតម្លៃសមរម្យ ក៏ប៉ុន្តែ
«យើងកំពុងសម្លឹងទៅរកសម្ពន្ធមិត្តនិងដៃគូផ្សេងៗទៀតមិនឱ្យបង្កើនការទិញប្រេងពីរុស្ស៊ីនោះឡើយ»។ នេះបើតាមការគូសបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនិងការពារជាតិរវាងសហរដ្ឋអាមេរិកនិងឥណ្ឌាកាលពីខែមេសាកន្លងទៅ៕
ញូវដែលី —