សហភាពអឺរ៉ុបត្រូវតែដាក់ទណ្ឌកម្មលើប្រេងរបស់រុស្ស៊ីឲ្យបានឆាប់រហ័សដែលអាចធ្វើទៅបាន។ នេះបើតាមការលើកឡើងកាលពីថ្ងៃអង្គារម្សិលមិញរបស់ប្រធានគណៈកម្មាធិការសភាអាល្លឺងម៉ង់ចំនួនបីនាក់ ក្រោយដំណើរទស្សនកិច្ចរបស់ពួកគេទៅកាន់ប្រទេសអ៊ុយក្រែនហើយដែលត្រូវបានដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាល្លឺម៉ង់លោក Michael Roth បាននិយាយថា ការកាត់ផ្តាច់ការនាំចូលប្រេងរបស់រុស្ស៊ី នឹងក្លាយជាការផ្តល់សញ្ញាដ៏សំខាន់មួយ ពីព្រោះវានឹងធ្វើឲ្យប៉ះពាល់ដល់ប្រភពប្រាក់ចំណូលដ៏សំខាន់របស់រុស្ស៊ី។
ដោយមានប្រជាពលរដ្ឋស៊ីវិលស្លាប់កាន់តែច្រើនឡើងនៅក្នុងប្រទេសអ៊ុយក្រែន ដោយសារសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនោះ ប្រទេសអាល្លឺម៉ង់ដែលមានសេដ្ឋកិច្ចធំជាងគេបង្អស់នៅក្នុងសហភាពអឺរ៉ុបនោះ បានស្ថិតនៅក្រោមសម្ពាធដើម្បីឲ្យកាត់ផ្តាច់នូវការនាំចូលឧស្ម័ននិងប្រេងរបស់រុស្ស៊ី ស្របពេលដែលអ្នករិះគន់និយាយថា ប្រាក់ចំណូលដែលបានមកពីការលក់ប្រេងនេះ បានផ្តល់ឲ្យរដ្ឋាភិបាលក្រុងមូស្គូ យកទៅប្រើប្រាស់នៅក្នុងសង្គ្រាម។
សហភាពអឺរ៉ុប កំពុងព្រាងសំណើមួយចំនួនដើម្បីដាក់ទណ្ឌកម្មលើការនាំចូលប្រេងរបស់រុស្ស៊ី បើទោះបីជាប្រទេសសមាជិកសហភាពអឺរ៉ុបមួយចំនួន នៅមិនទាន់ឯកភាពគ្នានៅឡើយក្តីលើការដាក់ទណ្ឌកម្មប្រេងរបស់រុស្ស៊ីក៏ដោយ។ ពួកអ្នកការទូតសហភាពអឺរ៉ុបមួយចំនួននិយាយថា អាល្លឺម៉ង់ មិនបានគាំទ្រខ្លាំងទៅលើការដាក់ទណ្ឌកម្មជាបន្ទាន់ណាមួយលើប្រេងរុស្ស៊ីនោះឡើយ។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា អាល្លឺម៉ង់ អាចបញ្ចប់ការនាំចូលប្រេងរុស្ស៊ីនៅដំណាច់ឆ្នាំនេះ។ ប្រទេសនេះ បានកាត់បន្ថយរួចហើយនូវការនាំថាមពលពីរុស្ស៊ី ដោយប្រេងដែលនាំចូលពីរុស្ស៊ី មានចំនួនប្រមាណតែ២៥%ប៉ុណ្ណោះគឺធ្លាក់ចុះពីចំនួន៣៥%ដែលអាល្លឺម៉ង់ធ្លាប់នាំចូលកាលពីមុនសង្គ្រាមឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ។
លោក Roth និយាយថា ការសម្រេចចិត្តដ៏ឆាប់រហ័សមួយរបស់សហភាពអឺរ៉ុបអាចរួមបញ្ចូលជាមួយនឹងដំណាក់កាលនៃអន្តរកាលដូចជាការហាមការនាំចូលធ្យូងថ្មដែលអាចចូលជាធរមាននៅពាក់កណ្តាលខែសីហាខាងមុខនេះ ក្រោយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានយល់ព្រមរួចហើយលើបញ្ហានេះកាលពីសប្តាហ៍មុន។
ការលើកឡើងរបស់ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាល្លឺម៉ង់រូបនេះ កើតមានឡើង បន្ទាប់ពីលោកនិងសហការី ដែលជាប្រធានរបស់គណៈកម្មាធិការសភាអាល្លឺម៉ង់២រូបផ្សេងទៀតមកពីគណបក្សចម្រុះដែលកំពុងដឹកនាំប្រទេសអាល្លឺម៉ង់ បានទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារម្សិលមិញ។
បើទោះបីជាយ៉ាងនេះក្តី ក៏ការស្ទង់មតិមួយ ដែលត្រូវបានចេញផ្សាយនៅថ្ងៃពុធនេះ បានបង្ហាញថា ពលរដ្ឋអាល្លឺម៉ង់ជាច្រើន មានក្តីបារម្ភពីផលប៉ះពាល់ជាអវិជ្ជមានទៅលើការដាក់ទណ្ឌកម្មប្រេងរបស់រុស្ស៊ីនោះ។
អ្នកត្រូវគេស្ទង់មតិប្រមាណ៥៧% បាននិយាយថា អាល្លឺម៉ង់ ត្រូវបន្តការនាំចូលប្រេងពីរុស្ស៊ីដើម្បីជៀសវាងការខ្វះខាតប្រេងសម្រាប់ការផ្គត់ផ្គង់និងប្រេងឥន្ធនៈឥន្ធនៈឡើងថ្លៃ៕