ប្រទេសមីយ៉ាន់ម៉ាបន្តដំណើរការផ្តល់សញ្ជាតិដល់ពលរដ្ឋដែលអត់សញ្ជាតិជាយូរឆ្នាំមកហើយនោះ។ ប៉ុន្តែបញ្ហាគន្លឹះនោះគឺបញ្ហាអត្តសញ្ញាណជនជាតិ ជាជនជាតិ Rohingya ឬ Bengali។ រដ្ឋាភិបាលមីយ៉ាន់ម៉ាមិនទទួលស្គាល់ថា មានជនជាតិ Rohingya ទេ ហើយសម្រេចថា នឹងផ្តល់សញ្ជាតិដល់ជនជាតិ Bengali តែជនជាតិ Rohingya ជាច្រើននៅតែមិនព្រមទទួលស្គាល់ថា ខ្លួនជាជនជាតិ Bengali នោះទេ។
ជាជនជាតិ Rohingya ឬជាជនជាតិ Bengali? ឈ្មោះទាំងពីរនេះបានបង្កនូវវិវាទដ៏ធ្ងន់ធ្ងរមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលវិវាទនេះជាប់ទាក់ទិននឹងអត្តសញ្ញាណសញ្ជាតិ ហើយថា ពួកគេជាប្រជាជនប្រទេសណា។
នៅសប្តាហ៍នេះ ប្រទេសមីយ៉ាន់ម៉ាបន្តដំណើរការដែលអាចនឹងផ្តល់សញ្ជាតិដល់អ្នកដែលពុំមានសិទ្ធិជាពលរដ្ឋរបស់ប្រទេសណាមួយ អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។ ប៉ុន្តែគម្រោងនេះមានភាពចម្រូងចម្រាស និងត្រូវបានពិនិត្យពិច័យយ៉ាងខ្លាំងក្លាឆ្ងាយពីរដ្ឋ Rakhine ដែលក្រីក្រ និងជាកន្លែងមានជម្លោះជាតិសាសន៍ ដែលបានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនទូទាំងតំបន់អាស៊ីអាគ្នេយ៍។
កាលពីបីឆ្នាំមុន នៅក្នុងខែនេះ កុប្បកម្មបានផ្ទុះឡើងនៅកន្លែងនេះ រវាងអ្នកកាន់សាសនាព្រះពុទ្ធ និងក្រុមជនជាតិភាគតិចម៉ូស្លីម ដែលហៅខ្លួនឯងថា ជាជនជាតិ Rohingya តាំងពីយូរលង់ណាស់មកហើយនោះ។ ការប្រើអំពើហិង្សាអស់រយៈពេលច្រើនខែរវាងពួកជនជាតិភាគតិច និងពួកនិកាយផ្សេងគ្នាបានសម្លាប់មនុស្សជាង២០០នាក់ និងបានធ្វើឲ្យមនុស្សជាងមួយម៉ឺននាក់ផ្លាស់ប្តូរលំនៅ រហូតដល់ពេលកងកម្លាំងសន្តិសុខចូលមកដល់ និងដាក់ឲ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។
បច្ចុប្បន្នមានជនជាតិ Rohingya ជាច្រើនដែលនៅតែរស់នៅក្នុងជំរំបណ្តោះអាសន្ន ដែលត្រូវបានយាមការដោយប៉ូលិស ហើយត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរទៅកន្លែងណាមួយ ដោយពុំមានការអនុញ្ញាតនោះទេ បើទោះបីជានៅជិតៗក៏ដោយ។
អាជ្ញាធរចង់ឲ្យអ្នកទាំងនេះ ទីមួយទទួលស្គាល់ថា ខ្លួនជាជនជាតិBengali មុននឹងរដ្ឋាភិបាលសម្រេចចិត្តថា អ្នកទាំងនោះអាចក្លាយជាជនជាតិមីយ៉ាន់ម៉ា ឬយ៉ាងណា។
លោករដ្ឋមន្ត្រី Muang Muang Ohn ថ្លែងថា ពាក្យថា ជនជាតិ Rohingya មានន័យថា ជាជនជាតិដែលត្រូវបានអះអាងថា មានទឹកដី ហើយវាស្មុគស្មាញលើសពីបញ្ហាសញ្ជាតិ។
ជាចុងក្រោយលោកនិយាយថា ពួកគេត្រូវតែធ្វើការជ្រើសរើស។
លោកនិយាយថា៖«ប្រសិនបើអ្នកទាំងនោះ ឬក៏ជនជាតិ Bengali នោះចូលរួមក្នុងដំណើរការបញ្ជាក់សញ្ជាតិ ហើយប្រសិនបើពួកគេទទួលបានសញ្ជាតិ ពួកគេនឹងទទួលសិទ្ធិស្វ័យប្រវតិ្តជាពលរដ្ឋស្របច្បាប់ក្នុងការធ្វើដំណើរដោយសេរី។ ប៉ុន្តែអ្នកខ្លះ នៅតែចចេសមិនទទួលយកពាក្យ Bengali នេះ និងមិនព្រមចូលរួមដំណើរការនេះ។ ដូច្នេះហើយសំណួរនោះគឺថា តើអ្នកចង់បានសិទ្ធិជាពលរដ្ឋស្របច្បាប់ ឬចង់ធ្វើជាជនជាតិ Rohingya និងចង់បានទឹកដី?»
ក្នុងរដ្ឋដែលមានការបែងចែក ការការពារពិតជាមានសារៈសំខាន់ណាស់។
រដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ាគឺជារដ្ឋមួយដែលចុះក្រីក្របំផុតក្នុងប្រទេស និងជាកន្លែងមួយដែលមានការខូចខាត ដោយសារកុប្បកម្មកាលពីឆ្នាំ២០១២រវាងជនជាតិភាគតិច Rohingya ដែលកាន់សាសនាអ៊ីស្លាម និងអ្នកស្រុក Arakan ដែលជាជនជាតិភាគច្រើនកាន់សាសនាព្រះពុទ្ធ ហើយហេតុការណ៍នេះនៅតែមានផលប៉ះពាល់រហូតមកដល់បច្ចុប្បន្ន។
មានប៉ូលិស និងកន្លែងឆែកឆេរនៅគ្រប់ទីកន្លែង ដើម្បីទប់ស្កាត់កុំឲ្យការបង្ហូរឈាមដូចដែលបានកើតមានឡើងនៅក្នុងខែនេះកាលពីបីឆ្នាំមុននោះ កើតមានឡើងម្តងទៀត។ នៅក្បែរភាគខាងត្បូងនៃរដ្ឋធានី Sittwe គឺមានជនជាតិ Rohingya ដែលត្រូវការការពារពីការវាយប្រហាររបស់ពួក Arakan ដែលជាជនជាតិភាគច្រើនកាន់ព្រះពុទ្ធសាសនា។ ផ្ទុយទៅវិញ នៅភាគខាងជើងនៃទីក្រុង Maungdaw គឺជាភូមិរបស់ពួក Arakan ដែលអ្នកអាចមើលឃើញថា មានកងការពារប្រដាប់អាវុធ ដែលការពារពុទ្ធសាសនិកទាំងនេះពីការវាយប្រហាររបស់ពួកម៉ូស្លីម ដែលជាក្រុមជនជាតិភាគច្រើនរស់នៅក្នុងតំបន់នោះ។
ការតវ៉ាព្រោះតែឈ្មោះជនជាតិនេះរំលេចឲ្យឃើញភាពជូរចត់និងការមិនទុកចិត្តគ្នាដ៏ជ្រាលជ្រៅរវាងអ្នកជិតខាង ហើយវាផ្ទុយពីកាលពីមុនដែលគេរស់នៅដោយសន្តិភាពជាមួយគ្នា។
ទីក្រុង Sittwe ដែលមានដីហុយទ្រលោមនោះ ស្ទើរតែគ្មានសល់ជនកាន់សាសនាម៉ូស្លីមទៀតទេ លើកលែងតែតំបន់មួយដែលគេហៅថា Aung Minglar។
នៅទីនេះ លោក Shwe La និយាយថា៖ «ជនជាតិភាគតិច Rohingya ត្រូវជាប់ក្នុងកន្លែងរស់នៅរបស់ខ្លួន ដែលពួកគេនិយាយថា ធ្លាប់ជាកន្លែងដែលមានការគំរាមកំហែងនៃអំពើហិង្សាពីសំណាក់ពុទ្ធសាសនិកដែលជាអ្នកជិតខាងរបស់គេ»។
លោកនិយាយថា៖ «បន្ទាប់ពីការបះបោរកាលពីបីឆ្នាំមុនមក ពុំមានការវាយប្រហារ ឬដុតផ្ទះទៀតទេ។ ប៉ុន្តែស្ថានភាពសង្គម សុខភាព និងសេដ្ឋកិច្ចមិនបានប្រសើរឡើងទេ ពីព្រោះគេមិនអនុញ្ញាតឲ្យយើងធ្វើដំណើរពីតំបន់របស់យើង ដោយសេរីនោះទេ»។
បុរសម្នាក់ទៀតឈ្មោះ Ali និយាយថា៖ «ពួកយើងត្រូវការការងារធ្វើ និងការអប់រំ។ ពួកយើងមិនមានប្រាក់ចំណូលទេ»។
នៅចម្ងាយប៉ុន្មានគីឡូម៉ែត្រខាងក្រៅទីក្រុង Sittwe នៅជំរំ Dar Pang របស់ជនជាតិ Rohingya ដែលរត់ចោលផ្ទះសម្បែងនោះ ស្ថានការណ៍រឹតតែអាក្រក់ឡើង។ ដោយសារតែមានមនុស្សច្រើនកុះករពេកគឺរហូតដល់៩៨០គ្រួសារ និងមានភាពកខ្វក់ពេក អ្នករស់នៅទីនោះនិយាយថា ពួកគេពុំមានអាហារគ្រប់គ្រាន់ ពុំអាចរកប្រាក់ចំណូលបាន និងពុំមានគោលដៅច្បាស់លាស់ទេ។ ប៉ុន្តែនៅពេលសួរពួកគេថា ថាតើពួកគេសុខចិត្តទទួលថា ខ្លួនជាជនជាតិ Bengali ដើម្បីបានសិទ្ធិជាពលរដ្ឋឬទេ? ពួកគេគ្រប់គ្នាដែលរស់នៅឯជំរំនោះ បានប្រាប់វីអូអេយ៉ាងជាក់ច្បាស់ថា ពួកគេមិនមែនជាជនជាតិ Bengali ទេ។
ដំណើរការផ្តល់សញ្ជាតិនៅបន្ត។
ដំណើរការក្នុងការបញ្ជាក់សិទិ្ធជាពលរដ្ឋមីយ៉ាន់ម៉ាត្រូវបានចាប់ផ្តើមជាថ្មីម្តងទៀត នៅសប្តាហ៍នេះ។ ដំណើរការនេះគឺធ្វើឡើងក្នុងគោលបំណងចេញកាតពណ៌ខៀវ ដែលចាត់ទុកថាជាអត្តសញ្ញាណបណ្ណ ជំនួសឲ្យកាតសឬ «White Cards» ដែលគ្រាន់តែបញ្ជាក់សិទ្ធិរស់នៅបណ្តោះអាសន្ន ខណៈពេលដែលអាជ្ញាធរកំពុងតែធ្វើការពិចារណាចំពោះសំណើពីអ្នកដែលយល់ព្រមទទួលស្គាល់ថា ខ្លួនជាជនជាតិ Bengali។
ប៉ុន្តែមនុស្សភាគច្រើននៅទីនេះនិយាយថា ពួកគេនឹងរក្សាពាក្យថា គេជាជនជាតិ Rohingya ព្រោះថា ពួកគេជាមនុស្សនៅក្នុងតំបន់នេះនៃប្រទេសមីយ៉ាន់ម៉ា មិនមែនជាជនបរទេសដែលមកពីប្រទេសបង់ក្លាដេសដែលជាប្រទេសជិតខាងនោះទេ។ Shwe La និយាយថា ការទទួលស្គាល់ថា ជាជនជាតិ Bengali បានបង្កឲ្យមានការចោទសួរថា តើពួកគេមកដល់ប្រទេសមីយ៉ាន់ម៉ាពីពេលណា ដែលមានន័យថា ពួកគេមិនមែនជាពលរដ្ឋមានប្រភពនៅមីយ៉ាន់ម៉ានោះទេ។
ពួកគេប្រឆាំងយ៉ាងខ្លាំង មិនព្រមទទួលស្គាល់ថា ខ្លួនជាជនជាតិ Bengali ទេ។ រដ្ឋាភិបាលមីយ៉ាន់ម៉ាក៏មិនសុខចិត្តតាមពួកគេដែរ។ ហើយទង្វើនេះបានបង្កឲ្យមានភាពទាល់ច្រកដែលធ្វើឲ្យការបែងចែកសហគមន៍នេះនៅតែបន្ត៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា