លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានព្រមានតំបន់អាស៊ីអាគ្នេយ៍អំពីគ្រោះថ្នាក់នៃការក្លាយទៅជាតំបន់មិនសូវរីកចម្រើន ខណៈដែលបណ្តាប្រទេសក្នុងតំបន់នេះនាំគ្នាចាក់ដីពង្រីក និងទាមទារអធិបតេយ្យភាពដែនដីក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ លោកអូបាម៉ាថ្លែងថា ទោះជាការទាមទារខ្លះរបស់ចិន អាចជាការទាមទារត្រឹមត្រូវ ចិនគួរបញ្ឈប់ការប្រើកែងដៃដើម្បីរុញច្រានឲ្យអ្នកឯទៀតចេញ ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួន។
ថ្លែងទៅកាន់ក្រុមអ្នកដឹកនាំវ័យក្មេងមកពីអាស៊ីអាគ្នេយ៍ នៅឯសេតវិមាន កាលពីថ្ងៃច័ន្ទ លោកអូបាម៉ាបានថ្លែងថា អ្វីដែលបានអនុញ្ញាតឲ្យតំបន់នេះរីកចម្រើនលូតលាស់ក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ គឺសន្តិភាព និងស្ថិរភាពល្អបង្គួរ ដែលមានរួមទាំងសេរីភាពនៃការធ្វើនាវាចរណ៍ក្នុងសមុទ្រចិនខាងត្បូង។
«រឿងទាំងអស់នេះកើតឡើងដោយសារមានវិន័យជាក់លាក់ដែលម្នាក់ៗបានធ្វើតាម។ សេរីភាពនៃការធ្វើនាវាចរណ៍តម្រូវឲ្យមានការគោរព ការអនុវត្តជាគោល គឺថា ពីនេះដល់នេះជាទឹកដីរបស់ខ្លួន។ បន្ទាប់ពីនោះគឺជាដែនទឹកសមុទ្រអន្តរជាតិ។ បើសិនជាមានជម្លោះ ពួកគេនឹងមានយន្តការអន្តរជាតិដើម្បីដោះស្រាយបញ្ហានោះ។ បើសិនជាពួកគេចាប់ផ្តើមបាត់បង់វិធីដោះស្រាយនេះ ហើយស្រាប់តែភ្លាមៗនោះមានជម្លោះកើតឡើង ហើយមានការទាមទារធ្វើឡើងដោយសំអាងទៅលើទំហំនៃប្រទេសនិមួយៗ និងទៅលើទំហំអំណាចកងទ័ពជើងទឹករបស់ប្រទេសនោះ ជាជាងសំអាងទៅលើច្បាប់នោះ ពេលនោះខ្ញុំគិតថា អាស៊ីនឹងមានការលូតលាស់តិចជាងមុន»។
លោកអូបាម៉ាថ្លែងថា ទោះជាស.រ.អា.គ្មានការទាមទារនៅតំបន់នោះ ហើយមិនមែនជាភាគីមួយនៅក្នុងជម្លោះក្នុងតំបន់នេះក៏ដោយ ក៏ក្នុងនាមជាប្រទេសមានអំណាចមួយក្នុងតំបន់ប៉ាស៊ីហ្វិក ស.រ.អា.ចង់ឃើញមានការដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី តាមរយៈការទូត ហើយសមស្របតាមបទដ្ឋានអន្តរជាតិ។
លោកប្រធានាធិបតីថ្លែងថា ការចាក់ដីពង្រីក និងសកម្មភាពដ៏គឃ្លើនរបស់ភាគីណាមួយក៏ដោយគឺជាការផ្ទុយនឹងផលប្រយោជន៍ ដោយលោកបន្ថែមថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងគាំទ្របណ្តាទាំងឡាយដែលសុខចិត្តធ្វើការជាមួយស.រ.អា. ក្នុងការបង្កើតនិងអនុវត្តវិន័យ ដែលនឹងធានាដល់ភាពរុងរឿងទៅថ្ងៃអនាគត។
«ហើយការណ៍ពិតគឺថា ប្រទេសចិននឹងមានជោគជ័យ។ ចិនជាប្រទេសធំ និង ជាប្រទេសមានអំណាច។ ពលរដ្ឋចិនមានទេពកោសល្យ ហើយពួកគេប្រឹងធ្វើការណាស់ ហើយប្រហែលជាការទាមទាររបស់ចិនខ្លះ នៅក្នុងសមុទ្រចិនខាងត្បូងនោះ គឺជាការទាមទារត្រឹមត្រូវស្របច្បាប់។ ប៉ុន្តែចិនមិនគួរព្យាយាមធ្វើការកំណត់បែបនេះ ដោយពឹងផ្អែកទៅលើការប្រើកែងរុញច្រានគេឯងឲ្យចេញឆ្ងាយនោះទេ។ ប៉ុន្តែបើសិនជាការទាមទាររបស់ចិនស្របច្បាប់នោះ ប្រទេសដទៃនឹងទទួលស្គាល់»។
ប្រទេសចិនបានបង្ហាញថា ចិនគ្មានគោលបំណងបញ្ឈប់កិច្ចប្រឹងប្រែងសាងសង់របស់ខ្លួនលើបណ្តាកោះមានជម្លោះទាំងនោះឡើយ ដោយនិយាយថា ចិនធ្វើស្របតាមអធិបតេយ្យភាពទឹកដីរបស់ខ្លួន ហើយថា បើសិនជាចិនដកថយនោះ នោះកងកម្លាំងដែលដឹកនាំដោយស.រ.អា. នឹងមានសេចក្តីក្លាហាន ហើយប្រកាន់យកគោលជំហរកាន់តែរឹងមាំប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។ ចិននិយាយថា គ្មានប្រទេសណាផ្តល់តម្លៃដល់សន្តិភាពនិងការអភិវឌ្ឍច្រើនជាងប្រទេសចិនទេ។
លោក Ankit Panda សហនិពន្ធនាយកនៃទស្សនាវដ្តីឈ្មោះ The Diplomat ដែលសរសេរអំពីព្រឹត្តិការណ៍បច្ចុប្បន្នក្នុងតំបន់ ថ្លែងថា ជម្រើសពាក្យសម្តីរបស់លោក អូបាម៉ាពិពណ៌នាអំពីការប្រឈមមុខរវាងកងទ័ពជើងទឹកចិន និងហ្វីលីពីន កាលពីឆ្នាំ២០១២ នៅប្រជុំថ្មប្រប្រះទឹក Scarborough Shoal ឬ ពិពណ៌នាអំពីជម្លោះកាលពីឆ្នាំទៅរវាងចិនជាមួយប្រទេសវៀតណាមលើការដំឡើងម៉ាស៊ីនរុករកប្រេងនៅតំបន់ប្រជុំកោះ Spratly។
«អ្វីដែលចិនកំពុងធ្វើក្នុងកិច្ចប្រឹងប្រែងចាក់ពង្រីកដីនោះគឺជាអ្វីដែលខ្ញុំពិពណ៌នាថា ជាការបង្ខំដែលមានភាពតានតឹងតិច។ ការប្រព្រឹត្តល្មើសច្បាប់អន្តរជាតិ ការគំរាមកំហែងលើសេរីភាពនាវាចរណ៍ ទាំងអស់នេះជាពាក្យសម្តីដែលស.រ.អា.បានប្រើប្រាស់ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ខ្ញុំគិតថា មានពាក្យដែលសមរម្យជាងសម្រាប់ពិពណ៌នាអ្វីដែលយើងកំពុងឃើញនៅក្នុងតំបន់សមុទ្រចិនខាងត្បូង»។
លោកថ្លែងថា ការព្រួយបារម្មណ៍ធំរបស់ក្រុមអ្នកសង្កេតការណ៍គឺប្រទេសចិនកំពុងតែរៀបចំខ្លួនដើម្បីប្រកាសអំពីការរៀបចំតំបន់សម្គាល់អត្តសញ្ញាណការពារដែនអាកាសមួយ ដូចដែលចិនបានធ្វើនៅឆ្នាំ២០១៣លើសមុទ្រចិនខាងកើតដូច្នោះ។ លោកថ្លែងថា ការណ៍នេះអាចរារាំងដល់សេរីភាពនាវាចរណ៍ និងការហោះហើរកាត់តំបន់នេះ។
លោក Scott Harold នៃសាជីវកម្ម RAND ដែលជាអ្នកវិភាគអំពីកិច្ចការចិនថ្លែងថា ការបង្កើតតំបន់សម្គាល់អត្តសញ្ញាណការពារដែនអាកាសនៅតំបន់សមុទ្រចិនខាងត្បូង អាចបែរជាធ្វើឲ្យខាតប្រយោជន៍សម្រាប់ប្រទេសចិន ព្រោះប្រទេសជិតខាងនឹងមានប្រតិកម្មប្រឆាំង។
«ហើយបើយើងក្រឡេកទៅក្រោយមើលតំបន់សម្គាល់អត្តសញ្ញាណការពារដែនអាកាស ដែលចិនបានបង្កើតឡើងនៅតំបន់សមុទ្រចិនខាងកើតកាលពី២ឆ្នាំមុននោះ ទោះបីជាមានការតក់ស្លុត និងមិនគប្បីយ៉ាងណាក៏ដោយ ក៏ការណ៍ពិត ព្រឹត្តិការណ៍នោះមិនសូវមានឥទ្ធិពលអ្វីប៉ុន្មានទេ លើការយល់ឃើញរបស់ប្រទេសជិតខាង ចំពោះការទាមទាររបស់ប្រទេសចិន។ ការណ៍ពិតស.រ.អា.បានតវ៉ាភ្លាមៗ។ ប្រទេសជប៉ុនក៏បានបដិសេធមិនទទួលស្គាល់ដែរ។ រឿងនេះមិនបានជួយប្រទេសចិនក្នុងការទាមទារយកកោះ Senkakus ទេ ឬ មិនអាចបង្ខំឲ្យជប៉ុនទទួលស្គាល់ភាពស្របច្បាប់របស់ចិនក្នុងការទាមទារនោះ ក៏ទេដែរ»។
លោក Harold ថ្លែងថា សមុទ្រចិនខាងត្បូងជាតំបន់ទឹកយ៉ាងធំមួយ ដែលប្រទេសមួយចំនួនប្រើប្រាស់រួមគ្នា ហើយមានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រភូមិសាស្ត្រច្រើនជាងសមុទ្រចិនខាងកើត ហើយរឿងនេះនឹងបង្កើតសត្រូវ ដោយមិនបានធ្វើឲ្យមានការសម្រេចផលប្រយោជន៍អ្វីជាដុំកំភួនទេ។
ក្នុងអំឡុងការថ្លែងកត់សម្គាល់របស់លោកទៅកាន់ក្រុមអ្នកដឹកនាំវ័យក្មេងពីតំបន់អាស៊ីអាគ្នេយ៍កាលពីថ្ងៃច័ន្ទនេះ លោកប្រធានាធិបតីអូបាម៉ាបានស្វាគមន៍ដល់ការតាំងចិត្តរបស់ប្រទេសចិន ដើម្បីធ្វើវិនិយោគសម្រាប់ហេដ្ឋារចនាសម្ព័ន្ធតាមរយៈធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB។ លោកថ្លែងទៀតថា ជោគជ័យនៃការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសម៉ីយ៉ាន់ម៉ា ឬ ភូមា គឺពឹងផ្អែកមួយផ្នែកទៅលើការបញ្ចប់ការប្រកាន់រើសអើងប្រឆាំងក្រុមជនភាគតិច Rohingya ដែលកាន់សាសនាអ៊ីស្លាម៕
ប្រែសម្រួលដោយ ប៉ូច រាសី